នរណាៗក៏ប្រាថ្នាចង់បានស្បែកស្អាតដែរ មិនថាប្រុសឬស្រីឡើយទើបបានជាម្នាក់ៗសម្រុកប្រើប្រាស់ឡេលាបខ្លួនច្រើនដងក្នុងមួយថ្ងៃដោយសង្ឃឹមថានឹងទទួលបានផលដូចអ្វីដែលខ្លួនប្រាថ្នា។ យ៉ាងណាក៏ដោយ ថ្វីបើឡេមានសារធាតុធ្វើឱ្យស្បែកសក៏ពិតមែន តែបើយើងមិនចេះពីរបៀបប្រើប្រាស់ វាក៏មិនប្រាកដថាអាចបានផល ១០០% ដែរ។ ចង់បានស្បែកស្អាត មានសំណើម ភ្លឺថ្លា សម៉ដ្ឋរលោង អ្វីដែលត្រូវដឹងមុនគេគឺត្រូវជ្រើសរើសឡេដែលមានគុណភាព ត្រូវនឹងសភាពស្បែក ជាពិសេសត្រូវដឹងពីរបៀបលាប។ ការសម្រុកលាបឡេច្រើនដងពេកក្នុងមួយថ្ងៃវាអាចមិនបានផល ហើយបែរជាអាចបង្កឱ្យឡើងទៅជាអាចម៍រុយលើស្បែកថែមទៀត។
សម្រាប់ពេលវេលាជាទូទៅគេលាបមួយថ្ងៃ ២ ដងគឺនៅពេលព្រឹក និងនៅពេលល្ងាច ទន្ទឹមជាមួយគ្នានោះក៏ត្រូវជ្រើសរើសប្រភេទឡេឱ្យបានត្រឹមត្រូវដែរ។ ហើយប្រភេទឡេដែលគួរតែមានត្រូវតែជាឡេផ្ដល់ជាតិសំណើមដល់ស្បែកនិងឡេលាបដែលមានSPF និង PHក្នុងនោះ ដែលហៅថាឡេការពារកម្ដៅថ្ងៃ។
នៅពេលព្រឹក៖ ត្រូវលាបឡេការពារកម្ដៅថ្ងៃដែលមានកម្រិត SPF 30+ ,SPF50+ និងមាន PA+ ដើម្បីការពារស្បែក ពីពន្លឺព្រះអាទិត្យ។ ក្នុងករណីនេះអ្នកអាចលាបឡេទាំងពីរប្រភេទដែលជាឡេផ្ដល់សំណើមនិងឡេការពារកម្ដៅថ្ងៃបញ្ចូលគ្នា ឬអាចលាបតែឡេការពារកម្ដៅតែ ១ ក៏បាន ប៉ុន្តែមិនអាចលាបឡេផ្ដល់សំណើមដែលគ្មាន SPF និង PA តែ ១ មុខបានទេព្រោះវាគ្មានសារធាតុណាមួយការពារស្បែកពីការបំផ្លាញបាន។
ពេលល្ងាចឬយប់៖ ការលាបឡេនៅពេលយប់វាមិនមានអ្វីដែលជាខុសគ្នាប៉ុន្មានទេ យើងអាចប្រើទាំង២ចូលគ្នាក៏បាន ឬអ្នកអាចប្រើឡេផ្ដល់សំណើមតែមុខដោយគ្មាន ឡេការពារកម្ដៅថ្ងៃក៏បាន អាចប្រើឡេការពារកម្ដៅថ្ងៃដោយមិនចាំបាច់បន្ថែមឡេផ្ដល់សំណើមទៀតក៏បាន ឱ្យតែក្នុងនោះមានសារធាតុផ្ដល់សំណើមឱ្យស្បែករួច។
របៀបលាប៖ ជាទូទៅ គួរតែលាបឡេភ្លាមៗបន្ទាប់ពីងូតទឹករួច ព្រោះពេលដែលយើងសម្អាតខ្លួន ក្រៅពីក្អែល ធូលីដី ជាតិសំណើមនិងប្រេងក្នុងស្បែករបស់យើង ក៏បាត់បង់ដូចគ្នា ហេតុនេះលាបឡេភ្លាមៗដើម្បីផ្ដល់សំណើមឱ្យស្បែកវិញ។ មួយវិញទៀត រុន្ធរោមនឹងស្រូបយកឡេចូលស្បែកបានលឿន និងល្អជាង ការដែលយើងទុកស្បែករហូតដល់ស្ងួតខ្លាំងទើបលាប៕
អត្ថបទដោយ៖ សារួ