ការសម្រកទម្ងន់មិនមែនជាដំណើរងាយស្រួល ឬសាមញ្ញនោះទេ វាជាដំណើរដែលពោរពេញទៅដោយការលំបាក ការប្រឈម និងឧបសគ្គជាច្រើន។ ផ្ដើមពីការចូលហាត់ប្រាណ រហូតដល់ការបង្កត់អាហារខ្លួនឯង ទាំងអស់នេះត្រូវការកម្លាំងចិត្ត និងភាពអត់ធ្មត់។ មនុស្សខ្លះអាចមើលឃើញថាវាស្រួល ហើយអាចរីករាយជាមួយដំណើរនេះ ប៉ុន្តែអ្នកខ្លះទៀតវិញ ក៏មានអារម្មណ៍ថាវាជារឿងពិបាកយ៉ាងខ្លាំង។ យ៉ាងណាក៏ដោយយោងតាមគេហរទំព័រ The Healthsite បានស្រាវជ្រាវថា ការសម្រកទម្ងន់មិនចាំបាច់តែទៅកន្លែងហាត់ប្រាណជាប្រចាំទេ ហើយក៏មិនបាច់ដល់ថ្នាក់ត្រូវតែបង្កត់អាហារខ្លួនឯងដែរ គ្រាន់តែរៀបចំរបបអាហារឱ្យបានត្រឹមត្រូវក៏អាចកម្ចាត់ទម្ងន់ដែលលើសចេញពីខ្លួនបានដែរ។
ដើម្បីជួយអ្នកចាប់ផ្តើម ខាងក្រោមនេះជារបបអាហារទាំង ៥ ប្រភេទដែលត្រូវបន្ថែមទៅក្នុងជីវិតប្រចាំថ្ងៃ ប្រសិនបើអ្នកចង់កាត់បន្ថយទម្ងន់ និងកម្ចាត់ខ្លាញ់ក្បាលពោះ៖
១. ស៊ុត៖ ស៊ុតជាអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន និងខ្លាញ់ល្អ។ វាជួយឱ្យរាងកាយមានអារម្មណ៍ឆ្អែតបានយូរ មិនងាយធ្វើឱ្យអ្នកឆាប់ឃ្លាន និងជួយកាត់បន្ថយជាតិខ្លាញ់ដែលលើស។ ការទទួលទាន ស៊ុត នៅពេលព្រឹកអាចផ្តល់ថាមពល និងជួយឱ្យអ្នកគ្រប់គ្រងទម្ងន់បានប្រសើរឡើង។
២. តែបៃតង៖ តែបៃតងគឺជាភេសជ្ជៈដែលមានសារធាតុ catechin ជួយជំរុញប្រព័ន្ធរំលាយអាហារ រំលាយខ្លាញ់ដែលលើស និងកាត់បន្ថយខ្លាញ់ដែលកើតឡើងថ្មី។ ការផឹកតែបៃតងជារៀងរាល់ព្រឹកមិនត្រឹមតែជួយបន្ថយទម្ងន់ទេ ប៉ុន្តែថែមទាំងផ្តល់ឱ្យអារម្មណ៍ស្រស់ស្រាយ និងការពារសុខភាពផងដែរ។
៣. Oats ៖ Oats គឺជាអាហារដែលសម្បូរទៅដោយជាតិសរសៃ ដែលជួយឱ្យពោះវៀនដំណើរការល្អ និងបង្កើនអារម្មណ៍ឆ្អែត។ វាអាចជួយកាត់បន្ថយការញ៉ាំលើស និងកាត់បន្ថយខ្លាញ់ក្បាលពោះ។ អ្នកអាចធ្វើជា oatmeal ឬបន្ថែមទៅក្នុង smoothie ពេលព្រឹកបាន។
៤. ទឹកដោះគោជូរ (Yogurt) ៖ សុខភាពពោះវៀនមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងទម្ងន់។ Yogurt ឬទឹកដោះគោជូរ មាន probiotics ដែលជាបាក់តេរីល្អ ជួយសម្របសម្រួលប្រព័ន្ធរំលាយអាហារ និងកាត់បន្ថយការកើនឡើងទម្ងន់។ ការទទួលទានវាជារៀងរាល់ថ្ងៃអាចជួយឱ្យដំណើរការសម្រកទម្ងន់កាន់តែមានប្រសិទ្ធភាព។
៥. ផឹកទឹកក្ដៅពេលពោះទទេ៖ បើទោះជានេះមិនមែនជាអាហារក៏ដោយ ការផឹកទឹកក្តៅឧណ្ហៗមួយកែវនៅពេលព្រឹកមុនពេលទទួលទានអាហារ គឺជាវិធីងាយៗក្នុងការជំរុញឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ។ ជាពិសេស វាក៏អាចជួយបណ្តេញជាតិខ្លាញ់លើស និងបង្កើនភាពស្រស់ស្រាយប្រចាំថ្ងៃបានផងដែរ៕
អត្ថបទដោយ៖ សារួ