ជាទូទៅការធ្លាក់ស (Vaginal discharge) គឺជាសារធាតុរាវដែលផលិតដោយក្រពេញនៅខាងក្នុងទ្វារមាស និងមាត់ស្បូន ដែលយកកោសិកាងាប់ និងបាក់តេរីចេញ ជួយរក្សាទ្វារមាសឱ្យស្អាត និងជួយការពារការឆ្លងមេរោគនៅក្នុងប្រព័ន្ធបន្តពូជរបស់ស្ត្រី។
ការបញ្ចេញទឹករំអិលចេញពីទ្វារមាសជាប្រចាំថ្ងៃ គឺជារឿងធម្មតាចំពោះស្ត្រី តែអាចការប្រែប្រួល ដូចជាក្លិន ពណ៌ (ដែលអាចមានចាប់ពីពណ៌ថ្លាទៅពណ៌សខាប់) និងបរិមាណ អាស្រ័យលើពេលវេលាក្នុងវដ្តរដូវ នៅពេលបញ្ចេញអូវុល បំបៅកូនដោយទឹកដោះម្តាយ ការរួមភេទ ឬអំឡុងពេលមានផ្ទៃពោះ។
យោងទៅតាមប្រភពចេញផ្សាយរបស់គេហំព័រ webmd បានពន្យល់ឱ្យដឹងថា ក្នុងករណីមានការធ្លាក់សមានពណ៌ ក្លិន ហាក់បីដូចជាខុសពីធម្មតា រួមជាមួយនឹងបញ្ហារមាស់ ឬក្រហាយទ្វារមាសដែរនោះ អាចប្រឈមនឹងការឆ្លងមេរោគ ឬជួបបញ្ហាជំងឺពាក់ព័ន្ធប្រព័ន្ធបន្តពូជផ្សេងៗទៀត។ កត្តាដែលធ្វើឱ្យមានបញ្ហានៃការបម្រែបម្រួលធ្លាក់សរួមមាន៖
-ការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិច ឬស្តេរ៉ូអ៊ីត ឬ ថ្នាំគ្រាប់ពន្យារកំណើត
- Bacterial vaginosis ជាការឆ្លងមេរោគបាក់តេរីច្រើនកើតមានចំពោះស្ត្រីមានផ្ទៃពោះ ឬស្ត្រីដែលមានដៃគូរួមភេទច្រើន
- មហារីកមាត់ស្បូន, Chlamydia ឬរោគប្រមេះ (STDs), ជំងឺឆ្លងតាមការរួមភេទ, ជំងឺទឹកនោមផ្អែម
- ប្រើប្រាស់Douches, សាប៊ូក្លិន ឬឡេលាប, គេងត្រាំទឹកសាប៊ូរយៈពេលយូរ
- ការឆ្លងមេរោគលើអាងត្រគាកបន្ទាប់ពីការវះកាត់, ជំងឺរលាកអាងត្រគាក (PID)
- Trichomoniasis ជាការឆ្លងមេរោគប៉ារ៉ាស៊ីត និងបណ្តាលមកពីការរួមភេទដោយមិនបានការពារ
- ទ្វារមាស atrophy, ស្តើង និងស្ងួត ចេញពីជញ្ជាំងទ្វារមាសអំឡុងពេលអស់រដូវ
- រលាកទ្វារមាស រលាកក្នុង ឬជុំវិញទ្វារមាស
- ការឆ្លងមេរោគផ្សិត...។
ដើម្បី ជាគន្លឹះសម្រាប់ការពារការឆ្លងមេរោគតាមទ្វារមាសដែលអាចនាំឱ្យជួយបញ្ហាធ្លាក់សខុសប្រក្រតី ស្ត្រីគ្រប់រូបគួរតែ៖
- រក្សាទ្វារមាសឱ្យស្អាតដោយលាងសម្អាតជាមួយនឹងប្រភេទសាប៊ូដែលគ្មានជាតិកាត់ ឬកម្រិតស្រាល និងលាងជាមួយទឹកក្តៅឧណ្ហៗពីខាងក្រៅ។
- មិនត្រូវប្រើសាប៊ូដែលមានក្លិនក្រអូប និងផលិតផលស្ត្រី មួយចំនួនដែលបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពបន្តពូជ ជាពិសេសចៀសវាងផលិតផលបំបាត់ក្លិន និងការគេងត្រាំទឹកពពុះសាប៊ូ។
- បន្ទាប់ពីចូលបន្ទប់ទឹក ត្រូវលាង ឬជូតប្រដាប់បន្តពូជពីមុខទៅក្រោយ ដើម្បីការពារបាក់តេរីមិនឱ្យចូលទៅក្នុងទ្វារមាស និងបង្កជាការឆ្លងមេរោគ។
- ស្លៀកខោទ្រនាប់ដែលមានសាច់ក្រណាត់ទន់ មិនហប់ (បើអាច) ចៀសវាងសម្លៀកបំពាក់តឹងពេក...។
គូសបញ្ជាក់ដែរថា ចំពោះបងប្អូននារីៗមួយចំនួន មានការយល់ខុសទៅលើក្បួនថែសុខភាពបន្តពូជខ្លះ ដោយបែរលាងជាមួយទឹកក្តៅ ត្រាំទឹកអំបិល ត្រាំទឹកអំពិល ឬមានករណីខ្លះទៀត យកសំឡី ឬយកក្រដាសជូតមាត់ទៅត្រាំជាមួយនឹងទឹកអំបិល ហើយលូកលាងចូលដល់ខាងក្នុង ដើម្បីជួយឱ្យបាត់នូវរោគអាការ រមាស់ បាត់ក្លិន ឬធ្លាក់រំអិល។ ក៏ប៉ុន្តែការដែលធ្វើបែបនេះ គឺបានប្រយោជន៍បានត្រឹមរយៈពេលខ្លីប៉ុណ្ណោះទេ នៅពេលធ្វើយូរៗទៅវាកាន់តែធ្វើឱ្យក្លិនជាងមុនទៅទៀត ហើយថែមទាំងធ្វើឱ្យស្ថានភាពជំងឺវិវត្តន៍កាន់តែអាក្រក់ជាងមុន។ ដូច្នេះជាជម្រើសដែលល្អបំផុត ក្នុងករនីបងប្អូនកំពុងជួបនឹងបញ្ហាធ្លាក់ស មានក្លិន រមាស់ខ្លាំង ខុសពីធម្មតា គួរតែទៅជួបពិភាក្សាជាមួយនឹងក្រុមគ្រូពេទ្យជំនាញ ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវសមស្របទៅនឹងលក្ខខណ្ឌសុខភាពប្រចាំកាយ៕
អត្ថបទដោយ៖ ប៉ាវ ភក្តី

