សម្រស់
មិនចង់ចាស់/ជ្រួញត្រូវថែមខូឡាជែនឱ្យរាងកាយជាប្រចាំ ប៉ុន្តែតើធ្វើបែបណាបានផលលឿនបំផុត?
MC LyHouy
October 11 2022
1.5 K views

នៅពេលដែលនិយាយដល់វិធីទប់ស្កាត់ ឬពន្យារភាពចាស់ អ្វីដែលយើងមិនអាចបំភ្លេចបាននោះគឺពាក្យថា ខូឡាជែន។ គ្រប់គ្នាស្គាល់ថាខូឡាជែន អាចជួយឱ្យសម្រស់នៅផូរផង់ក្មេងជាងវ័យបានយូរអង្វែង ប៉ុន្តែលើសពីការប្រើផលិតផលខូឡាជែនផ្សេងៗមិនថាសម្រាប់លាបផ្នែកខាងក្រៅ ឬញ៉ាំចូលក្នុងខ្លួន អ្វីដែលអ្នកត្រូវដឹងគឺប្រភេទខូឡាជែន ព្រោះថាមិនមែនខូឡាជែនគ្រប់ប្រភេទគឺសុទ្ធតែអាចត្រូវជាមួយរាងកាយ ពន្យារភាពចាស់នោះទេ។ វិធីក្នុងការពន្យារភាពចាស់តាមរយៈការប្រើខូឡាជែនមានច្រើនរបៀប ហើយរបៀបដែលពេញនិយមបំផុតនៅពេលបច្ចុប្បន្នគឺការប្រើផលិតផលលើស្បែក ឬញ៉ាំផលិតផលជំនួយពីខាងក្នុង។

យោងតាមការពន្យល់នៅលើ Longevity.Technology ខូឡាជែន គឺជាសារធាតុដ៏សំខាន់បំផុតមួយនៅក្នុងស្បែករបស់យើង។ វាគឺជាប្រូតេអ៊ីនរចនាសម្ព័ន្ធសំខាន់ដែលមាននៅក្នុងជាលិកាភ្ជាប់របស់រាងកាយ។ វាមានអាស៊ីតអាមីណូដែលចងភ្ជាប់គ្នា ហើយត្រូវបានគេរកឃើញនៅក្នុងប្រភេទភាគច្រើននៃជាលិកាភ្ជាប់នៅក្នុងរាងកាយ រួមមាន ឆ្អឹងខ្ចី សរសៃពួរ ឆ្អឹង សរីរាង្គ និងស្បែក។

ប្រសិទ្ធភាពនៃខូឡាជែន ដែលអាចមើលឃើញបានច្រើនបំផុត គឺការរក្សាស្បែកឱ្យមើលទៅសភ្លឺ ទន់រលោង និងក្មេងជាងវ័យ និងជួយសន្លាក់ដំណើរការបានល្អ។ ប៉ុន្តែជាអកុសល យូរៗទៅ ជាពិសេសវ័យចាប់ពី២០ឆ្នាំឡើង ស្រទាប់ខូឡាជែនបានបែកបាក់ នាំឱ្យស្បែកកាន់តែស្តើង និងជ្រីវជ្រួញ។ នៅលើទីផ្សារអ្នកអាចផ្តល់ខូឡាជែនឱ្យស្បែកតាមរយៈការប្រើប្រាស់ផលិតផលផ្ទាល់លើស្បែក ឬអាចប្រើផលិតផលជំនួយពីខាងក្នុងវិញ។

ជាធម្មតា ផលិតផលថែសម្រស់ដូចជាគ្រីមផ្តល់សំណើម ម៉ាសបិទមុខឬផលិតផលប្រើលើស្បែកផ្សេងៗ ប្រហែលជាអាចចូលទៅបំពេញខូឡាជែនឡើងវិញបាន តែក្នុងកម្រិតតិចតួចនោះទេ។ ពពួកផលិតផលដែលមានសារធាតុខូឡាជែន ជាធម្មតាអាចជួយផ្តល់សំណើមឱ្យស្បែកបានល្អពីខាងក្រៅ តែមិនអាចចូលទៅបណ្តុះខូឡាជែន ក្នុងស្រទាប់ស្បែកបាននោះទេ។

ផ្ទុយទៅវិញ បើចង់ឱ្យកោសិកាបណ្តុះខូឡាជែនពីខាងក្នុងស្រទាប់ស្បែកនោះគឺការញ៉ាំ។ ការញ៉ាំមាន២របៀប គឺអាចញ៉ាំអាហារល្អៗដែលមានផ្ទុកខូឡាជែនច្រើនដូចជា ស៊ុបមាន់ខ្មៅ ផ្លែឈើ និងបន្លែផ្សេងៗ។ រីឯអ្នកគ្មានពេលច្រើន រវល់ច្រើន គឺអាចជ្រើសរើសប្រភេទអាហាររូបត្ថម្ភបន្ថែម (supplement) ដើម្បីជំនួយឱ្យដុះស្រទាប់ខូឡាជែនពីខាងក្នុងវិញ។ ការប្រើប្រាស់អាហាររូបត្ថម្ភបន្ថែមគឺជាម្រើសដែលងាយស្រួល ហើយបានផលលឿន ដែលជាទូទៅអ្នកត្រូវការពេលត្រឹមតែ៤សប្តាហ៍ ឬយ៉ាងយូរ១២សប្តាហ៍នឹងឃើញលទ្ធផលពីស្បែកភ្លឺស្អាត កាត់បន្ថយស្នាមជ្រួញ និងស្រស់ស្អាតពីខាងក្នុងដែលជាលទ្ធផលដែលខូឡាជែនធ្វើការ៕

អត្ថបទដោយ៖ កញ្ញា លីហួយ



MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia