អូទីស្សឹមគឺជាពិការភាពនៃការអភិវឌ្ឍន៍ប្រព័ន្ធប្រសាទខួរក្បាលហើយបុគ្គលអូទីស្សឹមមានបញ្ហាគួរឲ្យកត់សម្គាល់មួយចំនួនដូចជា បញ្ហាសង្គម ការទំនាក់ទំនង និងវិបត្តិអាកប្បកិរិយា។ បុគ្គលអូទីស្សឹមមានរបៀបក្នុងការទំនាក់ទំនង ការប្រាស្រ័យគ្នា ការសម្តែងអាកប្បកិរិយា និងការរៀនសូត្រខុសពីអ្នកដទៃ។ តាមអ្នកគ្រូ ប៊ុត សុខហេង មានបទពិសោធន៍ចិញ្ចឹមកូនអូទីស្សឹម ៩ឆ្នាំ និងធ្វើជាគ្រូបង្រៀនកុមារអូទីហ្សឹម ៣ឆ្នាំបានលើកឡើងថា “កុមារមានបញ្ហាអូទីស្សឹមគួរទទួលបានក្តីអាណិតនិងក្តីស្រឡាញ់ឱ្យច្រើនពីឪពុកម្តាយ ពីមនុស្សជុំវិញខ្លួន និងសង្គមផងដែរ"។
តាមការសិក្សារបស់បណ្តាញអូទីស្សឹមកម្ពុជា បានឱ្យដឹងថា កុមារមានបញ្ហាអូទីស្សឹមនៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន មានចំនួនប្រមាណ ៣ម៉ឺននាក់។ ហើយកុមារទាំងនោះ ត្រូវការការអប់រំឥរិយាបថ រស់នៅ ទំនាក់ទំនងសង្គម និងអប់រំបំណិនជីវិត។ ទន្ទឹមនឹងគ្នានេះ បងប្អូនប្រជាពលរដ្ឋខ្មែរតែងលើកឡើងថាទូរស័ព្ទដៃជាមេគ្រោះថ្នាក់ខ្លាំងណាស់ដែលបង្កបញ្ហាចំពោះកុមារ និងធ្វើឱ្យកុមារមានបញ្ហាអូទីស្សឹម។ តើទូរស័ព្ទជាមេគ្រោះថ្នាក់បង្កបញ្ហាអូទីស្សឹមដល់កុមារមែនដែរឬទេ?
ជាមួយគ្នានេះ អ្នកជំនាញចិត្តវិទ្យា លោកស្រី លឹម ប៊ួយហៀក បានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកចិត្តវិទ្យាព្យាបាល ឬចិត្តវិទ្យាគ្លីនិក នៅសាកលវិទ្យាល័យ De La Salle ទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីន បានលើកឡើង ថា កុមារដែលប្រើប្រាស់ទូរស័ព្ទច្រើនអាចនឹងមានបញ្ហា ជាពិសេសកុមារមានអាយុ ២ ទៅ ៣ឆ្នាំ ដំបូង ហើយប្រសិនបើពួកគេមិនមានទំនាក់ទំនងជាមួយនរណាម្នាក់ ឬអ្នកមើលថែពួកគេទេ នោះពួកគេអាចមានបញ្ហាក្នុងការនិយាយ ប៉ុន្តែកុមារដែលមានបញ្ហាក្នុងការនិយាយទាំងអស់មិនមែនមានន័យថាមានបញ្ហាអូទីស្សឹមនោះទេ ហើយកុមារមានអូទីស្សឹមផងដែរ មិនមែន មានន័យថាពួកគេកើតអូទីស្សឹមដោយសារការប្រើទូរស័ព្ទនោះដែរ។ ហើយមួយវិញទៀតផងដែរ កុមារអូទីស្សឹមមិនប្រាកដថាជាក្មេងដែលល្ងង់ ឬក៏យើងនិយាយថាមានបញ្ញាអន់នោះដែរ។
បើទោះបីជា ទូរស័ព្ទមិនមែនជាមេគ្រោះថ្នាក់បង្កឱ្យកុមារមានបញ្ហាអូទីស្សឹមក៏ដោយក្ដី ប៉ុន្តែដូចដែល លោកស្រី លឹម ប៊ួយហៀក មានប្រសាសន៍អញ្ចឹងគឺ កុមារលេងទូរស័ព្ទច្រើនអាចនឹងមានបញ្ហា ជាពិសេសកុមារមានអាយុ ២ ទៅ ៣ឆ្នាំ ដំបូង ហើយប្រសិនបើពួកគេមិនមានទំនាក់ទំនងជាមួយនរណាម្នាក់ទៀត នោះពួកគេអាចមានបញ្ហាក្នុងការនិយាយ ឬមានភាពយឺតយ៉ាវក្នុងផ្នែកភាសា។ សរុបឱ្យខ្លីការដែលលេងទូរស័ព្ទមិនមែនធ្វើឱ្យកុមារមានអូទីស្សឹមនោះទេ កត្តាដែលបង្កឱ្យកុមារមានអូទីស្សឹម គឺកើតឡើងមកពីកត្តាហ្សែន មានន័យថាតាំងពីពួកគេមានវត្តមាននៅក្នុងពោះ គឺពួកគេមានហ្សែនដែលធ្វើឱ្យពួកគេមានបញ្ហានេះបាត់ទៅហើយ អញ្ចឹងវាមិនមែនកើតឡើងដោយសារការចិញ្ចឹមរបស់អ្នកដែលធ្វើឱ្យគាត់មានអូទីស្សឹមនោះទេ ហើយវាក៏មិន មែនជាកំហុសរបស់ឪពុកម្ដាយ ឬកំហុសនរណាដែរ ។
ហើយកុមារអូទីស្សឹមមិនមែនជាជំងឺទេ វាជាប្រភេទពិការភាពក្នុងការអភិវឌ្ឍន៍ខួរក្បាលនិងផ្លូវចិត្តរបស់កុមារជាហេតុនាំឱ្យយប៉ះពាល់ទៅដល់ការលូតលាស់រាងកាយសតិបញ្ញាស្មារតីប៉ះពាល់ផ្នែកទំនាក់ទំនងក្នុងគ្រួសារ និងសង្គមដែលស្តែងចេញនូវអាកប្បកិរិយារបស់កុមារ។ កុមារអូទីស្សឹមពិបាកក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃរួមមានឪពុកម្ដាយបងប្អូននិងកុមារដទៃដោយបង្ហាញកាយ វិការខុសប្លែកពីមនុស្សធម្មតាដែរ។ នេះជារោគសញ្ញាខ្លះពីកុមារអូទីស្សឹមដែលឪពុកម្តាយគួរឱ្យចាប់អារម្មណ៍មានដូចជា៖
ទី១. មានបញ្ហាក្នុងការទំនាក់ទំនងសង្គមរបស់កុមារអូទីស្សឹមជាកុមាររស់នៅមិនសូវមានទំនាក់ទនងជាមួយមនុស្សជុំវិញខ្លួនប៉ុន្មានទេ រាងឃ្លាតឆ្ងាយពីម្តាយឪពុក មិនចូលចិត្តមើលមុខម្តាយឪពុកចំៗ ហើយក៏មិនខ្វល់ខ្វាយពីអ្វីដែលនៅជុំវិញខ្លួនធ្វើ និងនិយាយដែរ។
ទី២. កុមារពិបាកភាសាជាងក្មេងដែរ។ ព្រោះកុមារនេះ ចូលចិត្តស្ងៀមស្ងាត់មិនសូវនិយាយស្តី នៅក្នុងចំណោមកុមារមានបញ្ហាអូទីស្សឹម ១០០នាក់ មាន២៥% មិនសូវជាអ្នកនិយាយស្តី ឬខ្លះទៀតពេលនិយាយមិនមានគោលដៅច្បាស់លាស់នោះទេ ប្រយោគរបស់គេនិយាយដាច់ៗ មិនអាចយល់ និងកុមារខ្លះនិយាយដដែលៗ ថែមទៀតផង។
ទី៣. អាកប្បកិរិយាកុមារអូទីស្សឹមនេះ មានអត្តចរឹកឆេវឆាវ ឆាប់ខឹងឆាប់បាត់ ពេលខ្លះមិនមានប្រតិកម្មនឹងកម្តៅ (មិនដឹងក្តៅ មិនដឹងត្រជាក់) កុមារមិនដឹងពីរសអាហារ ដើរចង្អើតជើង លេងអ្វីដដែលៗ និងសីតុណ្ហភាពក្នុងខ្លួនប្រែប្រួលលឿនរហ័សណាស់។ ឪពុកម្តាយអាចសម្គាល់បានថា កុមារមានបញ្ហាអូទីស្សឹមពិតប្រាកដ ត្រូវឆ្លងកាត់ពៅអ្នកជំនាញវាយតម្លៃស្ថានភាពកុមារជាក់ស្តែងសិន។ សូមឪពុកម្តាយកុំពិបាកចិត្តច្រើន ចំពោះសញ្ញាទាំងអស់នេះ។
រោគសញ្ញាអូទីស្សឹមចំពោះក្មេងស្រី និងក្មេងប្រុស៖ ជួនកាលជំងឺអូទីសឹមអាចខុសគ្នាចំពោះក្មេងស្រី និងក្មេងប្រុស ដោយជំងឺនេះ កើតទៅលើក្មេងស្រី គឺអាចមានភាពស្ងប់ស្ងាត់ជាង អាចលាក់អារម្មណ៍របស់ពួកគេច្រើន និងាក់ដូចជាអាចទប់ទល់នឹងស្ថានភាពសង្គមបានប្រសើរជាង។ ចំពោះអាការផ្សេងៗអាចនឹងស្រដៀងគ្នាជាមួយនឹងអាការកុមារធំដែរ ក៏ប៉ុន្តែក្មេងទាំង២ភេទនេះ ក៏អាចនឹងមានអត្តចរិតកោងកាច ខុសពីក្មេងទូទៅ ងាយមួមៅ ជួនបញ្ចេញកំហឹងផ្តេសផ្តាស ឬស្រែកកំហក...ក៏មាន។
អាស្រ័យហេតុនេះ ក្នុងនាមជាអាណាព្យាបាល គួរតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការថែទាំកូនៗរបស់លោកអ្នក ពីព្រោះថាក្មេងគឺងាយណាស់នឹងរងការប៉ះទង្គិចពីមជ្ឈដ្ឋានដែលមិនខុសពីពាក្យអ្វីដែលគេនិយាយថា ក្មេងដូចជាក្រដាសស១កន្លឹងនោះទេ។ ក្នុងករណីប្រសិនបើកូនៗលោកអ្នកមានសកម្មភាពខុសប្លែកណាមួយដែលគួរឱ្យកត់សម្គាល់ជាមួយនឹងអាការខាងលើសូមប្រញាប់នាំគាត់ទៅប្រឹក្សាជាមួយនឹងគ្រូពេទ្យជំនាញ ដើម្បីរកវិធីសាស្ត្រក្នុងការជួយក្មេងឱ្យមានសភាពប្រក្រតីឡើងវិញ។
បើក្មេងមានបញ្ហាអូទីស្សឹមនេះ ហើយមានសញ្ញាបែបនេះ សូមអ្នកទាំងអស់គ្នា កុំវាយតម្លៃថាក្មេងនេះគ្មានការអប់រំ ក្មេងនេះមិនល្អ និងក្មេងនេះមិនខ្លាចចិត្តគេសោះ យើងគួរមានក្តីអាណិតអាសូចំពោះក្មេងនេះ ព្រោះក្មេងនេះមានការពិបាករួចហើយ។ តាមអ្នកគ្រូ សុខហេង បានបញ្ជាក់ថា បើអ្នកចង់ដឹងថា ក្មេងអូទីស្សឹមមានអារម្មណ៍ពិបាកកម្រិតណានោះ សូមអ្នកអត់និយាយជាមួយនរណាម្នាក់ទាំងអស់រយៈពេល ១ទៅ២ថ្ងៃសិនសាកលមើល ទោះបីអ្នកមានបញ្ហាក៏ដោយ ក៏អ្នកមិននិយាយដែរ។ អ្នកនឹងឃើញអារម្មណ៍ពិបាកក្នុងខ្លួនជាមិនខានឡើយ។ ដូចជាមនុស្សមានបញ្ហាហើយ ចង់និយាយប្រាប់ពីបញ្ហាខ្លួនទៅកាន់អ្នកដទៃ ប៉ុន្តែកុមារទាំងនេះ គឺពិបាកប្រាប់អារម្មណ៍ខ្លួនណាស់។ សួរថា គ្នាពិបាកកម្រិតណានៅក្នុងចិត្តនោះ? ហើយជាពិសេសអ្នកគួរអាណិតឪពុកម្តាយដែលមើលថែកូនមានបញ្ហាអូទីស្សឹមផងដែរ។
តាមបទពិសោធន៍អ្នកគ្រូ សុខហេង មានកូនអូទីស្សឹម និងជួបអ្នកម្តាយជាច្រើនដែលមានកូនមានបញ្ហាអូទីស្សឹម គឺពួកគាត់ជួបប្រទះការលំបាកផ្លូវចិត្តខ្លាំងណាស់។ ពេលកូនមានបញ្ហាបែបនេះ សួរថា បេះដូងជាឪពុកម្តាយមានអារម្មណ៍ឈឺចាប់ប៉ុណ្ណា? ហើយមិនត្រឹមតែប៉ុណ្ណោះទេ ឪពុកម្តាយត្រូវប្រឈមមុខជាមួយការរើសអើងពីមនុស្សជុំវិញខ្លួនជាមួយក្រខ្សែភ្នែកចំឡែកៗ ការបន្ទោសនិងដាក់សម្ពាធពីមនុស្សនៅជុំវិញខ្លួនដោយសារតែខ្វះការយល់ដឹងពីបញ្ហាអូទីស្សឹមនេះ"។ (ពេលអ្នកមើលឃើញពីបញ្ហាក្នុងគ្រួសារនរណាម្នាក់ មានបញ្ហាកូនអូទីស្សឹម អ្នកគួរមានស្នាមញញឹម និងនិយាយលើកទឹកចិត្ត ឬជួយពួកគេអ្វីមួយក៏បានដែរ ឱ្យតែអាចជួយបាន ដើម្បីជាការផ្តល់កម្លាំងចិត្តឱ្យគ្រួសារកុមារមានបញ្ហាអូទីស្សឹមនេះបន្ត ព្រោះគាត់ចិញ្ចឹមកូនមានបញ្ហានេះ ពិបាកផ្លូវអារម្មណ៍ណាស់)
ហើយអ្នកគ្រូ សុខហេង បាននិយាយទៀតថា ឪពុកម្តាយងាយកើតមានបញ្ហាផ្លូវចិត្តណាស់ ក៏ព្រោះតែកូនដែលមានបញ្ហាអូទីស្សឹមខុសពីក្មេងដទៃ។ បញ្ហាដែលត្រូវប្រឈមជាច្រើន រួមទាំងការសម្រាកមិនបានគ្រប់គ្រាន់កំពុងយាយីសុខភាពពួកគាត់ជាខ្លាំង ដូចជាពេលឪពុកម្តាយ មកពីធ្វើការងារ ហើយពេលយប់កូនពិបាកគេង ឬចូលគេងយប់ជ្រៅ និងមានការរំខានដោយលោតចុះលោកឡើង ឬមានអាកប្បកិរិយាយំខ្លាំងៗ ធ្វើឱ្យអារម្មណ៍ពួកគាត់ស្រ្តេសនិងស្មុគស្មាញ រហូតអស់ជាច្រើនខែ ជាច្រើនឆ្នាំ ផ្លូវចិត្តឪពុកម្តាយកាន់តែចុះខ្សោយ ហើយងាយវិវត្តទៅជាជំងឺផ្លូវចិត្តកម្រិតធ្ងន់ធ្ងរណាស់។
អ្នកគ្រូបន្តបញ្ជាក់បន្ថែមទៀតថា ពេលកុមារមានបញ្ហាអាកប្បកិរិយាកើតឡើង អាចបណ្តាលមកពីគាត់ចង់ទំនាក់ទំនង ឬចង់បានអ្វីមួយ ព្រោះកុមារអូទីស្សឹមកង្វះផ្នែកភាសានិយាយស្តីបញ្ចេញពីអារម្មណ៍របស់ខ្លួន”។ ដូចជាមានករណីអ្នកម្តាយម្នាក់បានចែករំលែកជាមួយអ្នកគ្រូ សុខហេង ប្រាប់ថា៖ យប់មួយកូនខ្លួនអត់ព្រមគេងសោះ ចេះតែយំទទូរភួយ លោតចុះលោតឡើង រករឿងប៉ាម៉ាក់ អូសដៃទៅនេះទៅនោះអស់ពេលជិត២ម៉ោង ដោយហត់នឿយពេកគាត់បានវាយកូន២ដៃ។ បន្តិចក្រោយមកគាត់អូសដៃម៉ាក់ម្តងទៀតរួចក៏រកឃើញប្រអប់ថ្នាំ គាត់បានបើកហើយហុចថ្នាំមួយបន្ទះទៅម៉ាក់ដើម្បីបញ្ចុកគាត់ ពេលនោះទើបប៉ាម៉ាក់បានដឹងថាអាកប្បកិរិយាដែលកើតឡើងនោះគឺចង់ប្រាប់ថាគាត់មិនស្រួលខ្លួន។ នេះជាក្តីលំបាករបស់កុមារអូទីស្សឹមពួកគាត់មានអារម្មណ៍តានតឹង និងឈឺចាប់លើសពីយើងឆ្ងាយ។
កុមារអូទីស្សឹមមានឱកាសភ្លឺស្វាង និងអាចរស់នៅដោយឯករាជ្យបាន ប្រសិនបើឪពុកម្តាយទទួលយកការពិត យកចិត្តទុកដាក់ និងផ្តល់ការអប់រំត្រឹមត្រូវ។ យោងតាមអ្នកជំនាញអប់រំពិសេស ពេលវេលាដ៏ល្អបំផុតក្នុងការបង្រៀនកុមារអូទីស្សឹមគឺចាប់ពីអាយុ ៣ឆ្នាំឡើងទៅ។ ដើម្បីសាងពន្លឺអនាគតដល់កូន ឪពុកម្តាយត្រូវអនុវត្តរឿងសំខាន់ៗដូចខាងក្រោម៖
១.កុមារអាចអភិវឌ្ឍខ្លួនបានយ៉ាងល្អតាមរយៈសាលាអប់រំពិសេស ដូចជា [សាលាទន្សាយ] ជាដើម ដែលអាចជួយឱ្យពួកគេមានសមត្ថភាពវិលត្រឡប់ទៅរៀននៅសាលាធម្មតា ឬបន្តការសិក្សាដល់កម្រិតសាកលវិទ្យាល័យ។ ហើយកុមារនឹងទទួលបានការយកចិត្តទុកដាក់ និងការបណ្តុះបណ្តាលស្របតាមតម្រូវការជាក់ស្តែងរបស់កុមារម្នាក់ៗ ដែលដើរតួនាទីយ៉ាងសំខាន់ដូចជា៖ ទី១. ជួយជម្រុញការលូតលាស់ផ្នែកបញ្ញាស្មារតី។ ទី២. បណ្តុះបណ្តាលជំនាញទំនាក់ទំនង និងការរស់នៅក្នុងសង្គម។ ទី៣. ពង្រឹងសមត្ថភាពម្ចាស់ការលើខ្លួនឯង។ លទ្ធផលដ៏អស្ចារ្យនៃការអប់រំពិសេសនេះ គឺការរៀបចំមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ ដែលអនុញ្ញាតឱ្យកុមារអូទីស្សឹមជាច្រើនមានលទ្ធភាពវិលត្រឡប់ទៅរៀននៅក្នុងសាលាចំណេះទូទៅធម្មតាវិញ។
២. អនុវត្តសកម្មភាពជារៀងរាល់ថ្ងៃ៖ ជួយជំរុញការអភិវឌ្ឍខួរក្បាល និងទំនាក់ទំនងរបស់កូន តាមរយៈការអានសៀវភៅរឿង ឬល្បែងហ្វឹកហាត់ការចងចាំជាមួយកូនជារៀងរាល់ថ្ងៃ។ តាមវិធីសាស្ត្រអនុវត្ត៖១. ការអានសៀវភៅរឿង (ជំរុញភាសា និងការស្រមៃ) ទី១. ជ្រើសរើសសៀវភៅដែលមានរូបភាពច្បាស់ៗ៖ ប្រើសៀវភៅដែលមានពណ៌ឆើត និងរូបភាពធំៗជាជាងអត្ថបទវែងៗ។ ទី២. អានដោយប្រើសំឡេងបែបសម្តែង៖ ផ្លាស់ប្តូរទឹកដមសំឡេងទៅតាមតួអង្គ ដើម្បីទាក់ទាញចំណាប់អារម្មណ៍កូន។ ទី៣. ចង្អុលបង្ហាញ និងសួរ៖ ប្រើម្រាមដៃចង្អុលរូបភាព រួចសួរកូននូវសំណួរសាមញ្ញៗ (ឧទាហរណ៍៖ «តើនេះជាសត្វអ្វី?», «បាល់ពណ៌អ្វី?»)។
៣. ការពិគ្រោះជាមួយអ្នកជំនាញ៖ ឪពុកម្តាយត្រូវលុបបំបាត់ការលាក់បាំងស្ថានភាពកូន ហើយប្រញាប់នាំកូនទៅ [មណ្ឌលអភិវឌ្ឍន៍កុមារ] ឬជួបគ្រូពេទ្យជំនាញដើម្បីទទួលបានការពិគ្រោះ និងយុទ្ធសាស្ត្រថែទាំត្រឹមត្រូវ។ ការនាំកូនទៅជួបគ្រូពេទ្យ និងអ្នកជំនាញចិត្តសាស្រ្តកុមារ បានផ្តល់អត្ថប្រយោជន៍សំខាន់ៗដូចខាងក្រោម៖ ទី១.ការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងទាន់ពេលវេលា។ ទី២. រកឃើញកម្រិតកុមារអូទីស្សឹមស្ថិតនៅក្នុងកម្រិតណា (ស្រាល មធ្យម ឬធ្ងន់)។ ទី៣. អន្តរាគមន៍ដំបូង ជួយការព្យាបាល និងបណ្តុះបណ្តាលមុនអាយុ ៥ ឆ្នាំ បានផ្តល់លទ្ធផលជោគជ័យខ្ពស់បំផុត។
អ្វីដែលយើងអាចជួយកុមារអូទីស្សឹមឱ្យមានភាពល្អប្រសើរបាននោះ យើងត្រូវបញ្ជូនកុមារអូទីស្សឹមឱ្យមានការរៀនសូត្រពីអ្នកជំនាញអប់រំ ដើម្បីធ្វើការបង្រៀនកុមារអូទីស្សឹមឱ្យកាន់តែប្រសើរឡើងម្តងបន្តិចៗ ជាប្រចាំថ្ងៃ ដែលត្រូវសហការឪពុកម្តាយជាមួយផង។ ហើយពេលកុមារអូទីស្សឹមនៅជាមួយឪពុកម្តាយអាចជួយពួកគេបានល្អ ជាការជួយក្នុងការផ្លាស់ប្តូរអាកប្បកិរិយារបស់កុមារតាមវិធីសាស្ត្រវិជ្ជមាន ការលើកទឹកចិត្ត ការប្រើសម្តីល្អៗ និងសង្គេតពីអារម្មណ៍របស់ពួកគេ ហើយឪពុកម្តាយត្រូវតែជៀសវាងការប្រើទណ្ឌកម្មឫ ស្តីបន្ទោសជាដើម។ ការធ្វើទាំងអស់នេះឪពុកម្តាយត្រូវការភាពអត់ធ្មត់ខ្ពស់ ដើម្បីជួយកូនឱ្យប្រសើរឡើង។ កុមារអូទីស្សឹម ពិតជាត្រូវការក្តីស្រឡាញ់ខ្លាំងណាស់ទាំងឪពុកម្តាយ និងអ្នកជុំវិញខ្លួនរបស់ពួកគេ។
អ្នកគ្រូសុខហេងបានប្រាប់ពីដំណោះស្រាយថា កុមារមានបញ្ហាអូទីស្សឹម អត់ត្រូវការថ្នាំព្យាបាលនោះទេ។ មានអ្នកវិទ្យាសាស្ត្រជាច្រើនរូបបាននិងកំពុងធ្វើការស្រាវជ្រាវពាក់ព័ន្ធនឹងបញ្ហាអូទីស្សឹម ប៉ុន្តែពួកគេនៅតែមិនទាន់រកឃើញពីមូលហេតុពិតប្រាកដពីបញ្ហានេះនៅឡើយទេ។ អ្វីដែលយើងអាចជួយកុមារអូទីស្សឹមឱ្យមានភាពល្អប្រសើរបាននោះគឺត្រូវបញ្ជូនពួកគាត់ឲ្យទទួលបានការរៀនសូត្រពីអ្នកជំនាញអប់រំពិសេស រួមទាំងការជួយបន្ថែមពីឪពុកម្តាយនៅផ្ទះ ការចូលរួមលើកទឹកចិត្តនិងផ្តល់ឱកាសពីសហគមន៍ នឹងជួយឲ្យកុមារមានការលូតលាស់ឆាប់រហ័ស ។កុមារអូទីស្សឹមត្រូវការយកចិត្តទុកដាក់ និងការគាំទ្រពីសំណាក់ឪពុកម្ដាយ និងមនុស្សជុំវិញខ្លួនខ្លាំង ជាការផ្តល់ក្តីអាណិតស្រឡាញ់ជាថ្នាំពូកែបំផុត និងជាក្តីសង្ឃឹមថ្មីមួយ ដែលជាឱកាសឱ្យកុមារមួយចំនួនអាចមានសមត្ថភាពក្នុងការរៀនសូត្រ ការគិតពូកែ និងការដោះស្រាយបញ្ហាបានលឿន។ ជាពិសេសឪពុកម្តាយត្រូវព្យាយាមរកទេពកោសល្យកូនឱ្យឃើញ ដើម្បីឱ្យជីវិតកូនប្រសើរឡើងដោយមានអនាគតល្អ៕
នេះជាគេហទំព័រ Facebooks របស់អ្នកគ្រូ ប៊ុត សុខហេង(But Sokheng- អ្នកម៉ាក់) និងលេខទូរស័ព្ទ៖ 078805305

