ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ដែលកម្ពុជានឹងបន្តទទួលឥទ្ធិពលពីជ្រលងព្យុះទី៤ ឈ្មោះ តាលីម (TALIM) និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី១៩ ដល់ ២៥ ខែកក្កដា ឆ្នាំ២០២៣។
ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន សម្ពាធទាប សកម្មមួយ នឹងអាចវិវត្តជាព្យុះថ្មីមួយទៀត ពេលចូលដល់ភាគខាងជើងប្រទេសហ្វីលីពីន។ ដែលឥទ្ធិពលនៃអាកាសធាតុបែបនេះ នឹងធ្វើឱ្យប៉ះពាល់តំបន់មួយចំនួននៅកម្ពុជាដូចជា៖
១-តំបន់ទំនាបកណ្តាល នឹងមានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C ក្នុងនោះអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្ហូរដោយផ្នែកលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
២-តំបន់ខ្ពង់រាប នឹងសីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C រួមទាំងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
៣-តំបន់មាត់សមុទ្រ នឹងសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C រួមទាំងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើ ផ្ទៃសមុទ្រ នឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់ ។
អាស្រ័យហេតុនេះ សូមបងប្អូនទទួលជ្រាប និងមានការបុ្រងប្រយ័ត្នទាំងអស់គ្នា៕