Mayo Clinic បានពន្យល់ឱ្យដឹងថា មេរោគអេដស៍ គឺជាជំងឺឆ្លងតាមការរួមភេទ (STI)។ វាក៏អាចឆ្លងតាមរយៈការប៉ះពាល់ជាមួយឈាមដែលមានមេរោគ និងពីការប្រើថ្នាំចាក់ដោយខុសច្បាប់ ឬប្រើម្ជុលរួម។ មេរោគមួយនេះក៏អាចឆ្លងពីម្តាយទៅកូនអំឡុងពេលមានផ្ទៃពោះ ការសម្រាលកូន ឬបំបៅដោះ។ បើគ្មានថ្នាំទេ វាអាចចំណាយពេលច្រើនឆ្នាំមុនពេលមេរោគអេដស៍ធ្វើឱ្យប្រព័ន្ធការពាររាងកាយរបស់អ្នកចុះខ្សោយ រហូតដល់អ្នកធ្លាក់ខ្លួនមានជំងឺអេដស៍ប្រចាំកាយ។ ដូចនេះ ដើម្បីអាចការពារខ្លួនបានមុន អ្នកត្រូវដឹងពីរោគសញ្ញានៃការឆ្លងមេរោគអេដស៍នៅដំណាក់កាលដំបូងៗសិន ដែលមានដូចខាងក្រោម។
អ្នកខ្លះឆ្លងមេរោគអេដស៍អាចនឹងវិវត្តទៅជាជំងឺដូចជាជំងឺផ្ដាសាយក្នុងរយៈពេល ២ ទៅ ៤សប្ដាហ៍ដំបូង បន្ទាប់ពីមេរោគចូលក្នុងខ្លួន។ ជំងឺនេះ ត្រូវបានគេស្គាល់ថាជាការឆ្លងមេរោគអេដស៍បឋម (ស្រួចស្រាវ) អាចមានរយៈពេលពីរបីសប្តាហ៍។
សញ្ញា និងរោគសញ្ញាដែលអាចកើតមានរួមមាន គ្រុនក្តៅ, ឈឺក្បាល, ឈឺសាច់ដុំ និងឈឺសន្លាក់, ចេញកន្ទួលខុសប្រក្រតី, ឈឺបំពង់ក និងឈឺមាត់, ក្រពេញកូនកណ្តុរហើម ជាចម្បងនៅលើកញ្ចឹងក, រាគរូស, ស្រកទម្ងន់ខុសប្រក្រតី, ក្អក និងបែកញើសពេលយប់ជាដើម។
រោគសញ្ញាទាំងនេះអាចស្រាលឬខ្លាំង អ្នកប្រហែលជាមិនបានកត់សម្គាល់ឃើញឡើយ។ ទោះជាយ៉ាងណាក៏ដោយ បរិមាណមេរោគនៅក្នុងចរន្តឈាមរបស់អ្នក (ផ្ទុកមេរោគ) គឺខ្ពស់ណាស់នៅពេលលេចចេញជារោគសញ្ញាបែបនេះ។ អាស្រ័យហេតុនេះ បើអ្នកមានប្រវត្តិរួមភេទ ផ្លាស់ប្តូរដៃគូច្រើន ឬក៏ដៃគូរួមភេទរបស់អ្នកមានដៃគូច្រើនផ្សេងទៀត ហើយមានលេចចេញនូវរោគសញ្ញាខាងលើ អ្នកគួរតែទៅជួបជាមួយនឹងវេជ្ជបណ្ឌិតឯកទេសជំងឺកាមរោគដើម្បីពិនិត្យវិនិច្ឆ័យឱ្យបានទាន់ពេលវេលា និងលឿនបំផុត៕
អត្ថបទដោយ៖ កញ្ញា លីហួយ