ជំងឺមហារីកមានច្រើនប្រភេទណាស់ ក្នុងនោះជំងឺមហារីកមាត់ក៏ត្រូវបានគេចាត់ទុកជាប្រភេទជំងឺមួយដែលគួរឲ្យព្រួយបារម្ភផងដែរ ។ ជំងឺមហារីកមាត់នេះ អាចកើតលើបបូរមាត់ ជើងធ្មេញ អណ្ដាត នៅស្រទាប់ខាងក្នុងនៃថ្ពាល់ ក្រអូមមាត់ និងផ្នែកខាងក្រោមអណ្ដាតផងជាដើម ។ យោងតាមគេហទំព័រ www.mayoclinin.com មានរោគសញ្ញាមួយចំនួនដែលលោកអ្នកគួរចាប់អារម្មណ៍ និងមានរបៀបការពារមួយចំនួនដែលលោកអ្នកអាចសាកល្បងបាន ។
១. រោគសញ្ញា៖ រួមមាន ដំបៅនៅបបូរមាត់ដែលមិនងាយជាសះស្បើយ មានស្នាមក្រហមស្រគាំ ឬស្លេកស្លាំងនៅផ្នែកខាងក្នុងមាត់ ជ្រុះធ្មេញ មានដុំខុសធម្មតានៅក្នុងមាត់ ឈឺមាត់ ឈឺត្រចៀក ពិបាក ឬឈឺចាប់ពេលលេបទឹកមាត់ ។
២. មូលហេតុ៖ ការជក់បារីច្រើន ការផឹកស្រាច្រើនលើសកម្រិត និងញឹកញាប់ ត្រូវពន្លឺថ្ងៃញឹកញាប់(ជាពិសេសបបូរមាត់) និងវីរុស human papillomavirus ដែលឆ្លងតាមរយៈការរួមភេទជាដើម ។
៣. ការការពារ៖ ឈប់ជក់បារី (ប្រសិនបើលោកអ្នកជក់បារី) កុំចាប់ផ្ដើមជក់បារី បើមិនទាន់ចេះជក់វា កាត់បន្ថយការផឹកស្រា ចៀសវាងកុំឲ្យត្រូវពន្លឺថ្ងៃរយៈពេលយូរ និងញឹកញាប់ពេក និងប្រឹក្សាជាមួយគ្រូពេទ្យជំនាញពីបញ្ហាសុខភាពមាត់ធ្មេញជាប្រចាំ ។
ការព្យាបាល៖ ការព្យាបាលវាស្រ័យលើទីតាំងនៃជំងឺ កម្រិតនៃជំងឺមហារីក និងសុខភាពទូទៅរបស់អ្នកជំងឺផងដែរ ។ ការពិនិត្យសុខភាពឲ្យបានទៀតទាត់ និងជាប្រចាំជាមួយគ្រូពេទ្យជំនាញ គឺជាជម្រើសមួយដ៏ប្រសើរ ដើម្បីចៀសវាងផលវិបាកផ្សេងៗ ៕
អត្ថបទដោយ៖ ហួ ភារ៉ា