ទឹកអំពៅជាភេសជ្ជៈមួយប្រភេទដែលពេញនិយមខ្លាំង វាមិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ ថែមទាំងសម្បូរសារធាតុចិញ្ចឹមដ៏សម្បូរបែប ផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ ទឹកអំពៅ មានសមត្ថភាពក្នុងការរក្សាភាពត្រជាក់នៅក្នុងរាងកាយនៅរដូវក្ដៅ និងជួយបំបាត់ការស្រេកទឹកផងដែរ។ ដោយឡែកផ្អែកតាម Metropolisindia បានសរសេរពីអត្ថប្រយោជន៍ជាច្រើនរបស់ទឹកអំពៅមានដូចជា៖
១. ព្យាបាលមុនលើមុខ៖ សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងទឹកអំពៅមានប្រសិទ្ធភាពក្នុងការសម្អាតស្បែកពីខាងក្នុង កាត់បន្ថយការកើតមុន។ ទឹកអំពៅមានផ្ទុកអាស៊ីត hydroxy និងអាស៊ីត glycolic ដែលជាសមាសធាតុសំខាន់ដែលជំរុញឱ្យស្បែកភ្លឺថ្លា និងជួយការពារការឆ្លងមេរោគ។
២. ជួយដល់ប្រព័ន្ធរំលាយអាហារ៖ ទឹកអំពៅមានអត្ថប្រយោជន៍ ជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ ព្រោះវាសម្បូរទៅដោយជាតិសរសៃរលាយ ដែលជួយដល់ការរំលាយអាហារ ល្អសម្រាប់ក្រពះពោះវៀន និងការពារការទល់លាមក ។
៣. ជួយបញ្ចុះកូឡេស្តេរ៉ុល៖ ការសិក្សាបានបង្ហាញថាការទទួលទានទឹកអំពៅអាចជួយបន្ថយ កម្រិតកូឡេស្តេរ៉ុល LDL កាត់បន្ថយហានិភ័យនៃ ជំងឺបេះដូង និងលើកកម្ពស់សុខភាពសរសៃឈាមបេះដូង។
៤. ជួយក្នុងការសម្រកទម្ងន់៖ ទឹកអំពៅផ្តល់អត្ថប្រយោជន៍ក្នុងការសម្រកទម្ងន់ ស្ដាប់ទៅវាដូចជាមិនទំនង។ ប៉ុន្តែជាមួយនឹងចំនួនកាឡូរីទាប និងធម្មជាតិគ្មានជាតិខ្លាញ់ ទឹកអំពៅអាចជាជំនួយការដ៏ល្អបំផុតសម្រាប់ដំណើរនៃការសម្រកទម្ងន់។ ភាពផ្អែមធម្មជាតិរបស់វាជួយបំពេញចំណង់បានតែមិនបន្ថែមកាឡូរីច្រើន។
៥. ជួយថែសុខភាពតម្រងនោម៖ លក្ខណៈសម្បត្តិបញ្ចុះទឹកនោម ពោលគឺលក្ខណៈសម្បត្តិដែលបង្កើនការផលិតទឹកនោម និងជួយកម្ចាត់ជាតិពុលចេញពីតម្រងនោម។ ទឹកអំពៅ លើកកម្ពស់សុខភាពតម្រងនោម និងកាត់បន្ថយហានិភ័យនៃគ្រួសក្នុងតម្រងនោម។
៦. ល្អសម្រាប់អ្នកមានផ្ទៃពោះ៖ ការផឹកទឹកអំពៅក្នុងពេលមានផ្ទៃពោះ មានសារៈសំខាន់ខ្លាំងណាស់ ព្រោះស្ត្រីមានផ្ទៃពោះអាចទទួលបានអត្ថប្រយោជន៍ពីសារធាតុចិញ្ចឹមនៅក្នុងទឹកអំពៅ។ វាមានសារធាតុចិញ្ចឹមដូចជា folate និងជាតិដែកដែលជួយដល់ការវិវត្តរបស់គភ៌ និងការពារការខូចទ្រង់ទ្រាយពីកំណើត។
៧. ជួយគ្រប់គ្រងសម្ពាធឈាម៖ ទឹកអំពៅមានផ្ទុកសារធាតុប៉ូតាស្យូមខ្ពស់ដែលជាសារធាតុរ៉ែចាំបាច់សម្រាប់រក្សាសម្ពាធឈាមឱ្យល្អបំផុត។ ប៉ូតាស្យូមដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រងតុល្យភាពជាតិទឹកក្នុងរាងកាយ និងគាំទ្រដល់មុខងារសាច់ដុំ។ ទឹកអំពៅជួយរក្សាលំនឹងសម្ពាធឈាម កាត់បន្ថយហានិភ័យនៃជំងឺលើសសម្ពាធឈាម និងកាត់បន្ថយលទ្ធភាពកើតជំងឺដាច់សរសៃឈាមខួរក្បាល។ ការទទួលទានទឹកអំពៅជាទៀងទាត់ជាផ្នែកនៃរបបអាហារដែលមានតុល្យភាពរួមចំណែកដល់សុខភាពសរសៃឈាមបេះដូង៕
អត្ថបទដោយ៖ សារួ