ជំងឺ
ប្រយ័ត្នកើតមហារីកសុដន់អត់ដឹងខ្លួន បើមានរោគសញ្ញាទាំងនេះត្រូវប្រញាប់ទៅជួបពេទ្យភ្លាម
Pov Saru
October 13 2025
22 views

ជំងឺមហារីកសុដន់ គឺជាជំងឺមួយដែលកំពុងកើនឡើងនៅទូទាំងពិភពលោក ជាពិសេសចំពោះស្ត្រីដែលមានអាយុលើសពី ៤០ ឆ្នាំ តែមិនមានន័យថាមនុស្សដែលមានវ័យក្មេងមិនអាចជួបប្រទះនោះទេ។ ការរកឃើញមហារីកសុដន់នៅដំណាក់កាលដំបូងគឺពិតជាសំខាន់ណាស់ ព្រោះយើងអាចធ្វើការព្យាបាលបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ យោងតាម Medical news today មានរោគសញ្ញាមួយចំនួនដែលអ្នកគួរចាប់អារម្មណ៍៖

១. នៅពេលដែលនិយាយអំពីមហារីកសុដន់ មនុស្សភាគច្រើននឹកឃើញដល់ដុំពក។ តែនេះមិនមែនជារោគសញ្ញាតែមួយដែលអ្នកអាចសម្គាល់បានទេ ព្រោះការពិតវាមានរោគសញ្ញាផ្សេងៗទៀតដែលបង្ហាញពីហានិភ័យនៃជំងឺនេះ។ ដូចជា ការផ្លាស់ប្តូរទំហំ ឬរូបរាងសុដន់ ការឈឺចាប់នៅតំបន់ជាក់លាក់មួយ ការហើម ឬក្រហមសុដន់ ការហូរទឹករំអិលពីក្បាលសុដន់ និងការឡើងកន្ទួល ជាដើម។ ទាំងនេះជាដំណាក់កាលដំបូង នារីៗមិនសូវយកចិត្តទុកដាក់ចំពោះការផ្លាស់ប្តូរទាំងនេះទេ ព្រោះច្រើនតែគិតថាវាជាបញ្ហាស្រាលៗ តែផ្ទុយស្រឡះប្រសិនបើអ្នកមិនព្រមអើពើឬយកចិត្តទុកដាក់ចំពោះវា យូរទៅនឹងបង្កជាបញ្ហាកាន់តែធ្ងន់ បណ្ដាលឱ្យបាត់បង់ឱកាសក្នុងការព្យាបាលទាន់ពេលវេលា។ 

២. មហារីកសុដន់មួយប្រភេទដែលគេហៅថា “មហារីកសុដន់រលាក” គឺជាប្រភេទកម្រនិងធ្ងន់ធ្ងរបំផុត៖ វាអាចបង្ហាញរោគសញ្ញាដូចជា សុដន់ហើម ក្រហម ឬមានពណ៌ស្វាយក្រហម ដោយស្បែកមានសភាពក្រិន។ ស្ត្រីមួយចំនួនអាចមានអារម្មណ៍ឈឺ ឬក្ដៅនៅក្នុងសុដន់ និងកើនឡើងយ៉ាងឆាប់រហ័សនៃទំហំសុដន់។ ពេលខ្លះវាក៏អាចត្រូវបានវិនិច្ឆ័យខុសថាជាជំងឺឆ្លង ឬរបួសផងដែរ។ ដូច្នេះ ប្រសិនបើមានការផ្លាស់ប្តូរដែលមិនធម្មតា អ្នកគួរទៅជួបវេជ្ជបណ្ឌិតឱ្យបានឆាប់បំផុត

៣. បើនិយាយពីដុំពក សុដន់ជាច្រើនមានជាលិកាដុំៗជាធម្មតា ដូច្នេះការមានដុំពកមិនតែងមានន័យថាជាមហារីកនោះទេ។ យ៉ាងណាក៏ដោយ ប្រសិនបើដុំពកនោះមានសភាពរឹង មានគែមមិនស្មើ ឬមាននៅតែម្ខាង អ្នកគួរតែទៅពិនិត្យ។ ដុំសាច់មហារីកភាគច្រើនជាដុំរឹង ពិបាកចល័ត ហើយមិនឈឺ។ ប៉ុន្តែមានករណីខ្លះដែលវាអាចទន់ ឬមានរាងមូលដែរ។ ដូច្នេះ ការពិនិត្យជាប្រចាំដោយការថតម៉ាំម៉ូក្រាម ឬអ៊ុលត្រាសោន គឺជាវិធីល្អបំផុតក្នុងការរកឃើញមហារីកនៅដំណាក់កាលដំបូង មុនពេលវាផ្លាស់ទៅជាដំណាក់កាលធ្ងន់។

ក៏ប៉ុន្តែ ការហូរទឹករំអិលចេញពីក្បាលសុដន់ក៏អាចជាសញ្ញាព្រមានមួយដែរ។ ប្រសិនបើការហូរនោះកើតឡើងដោយមិនចាំបាច់ច្របាច់ក្បាលសុដន់ នោះគួរតែទៅជួបគ្រូពេទ្យភ្លាមៗ។ ទោះបីជាមិនមែនជាមហារីកក៏ដោយ ការហូរទឹករំអិលអាចបង្ហាញពីបញ្ហាផ្សេងៗដូចជាជំងឺឆ្លង ឬការប្រែប្រួលអ័រម៉ូន។ ការផ្លាស់ប្តូរអ័រម៉ូន ក៏អាចនាំឱ្យសុដន់មានការផ្លាស់ប្តូរដូចគ្នា ដូចជាក្នុងអំឡុងពេលពេញវ័យ ពេលមានគភ៌ ឬពេលអស់រដូវ។ ការផ្លាស់ប្តូរទាំងនេះជាធម្មតា ប៉ុន្តែអ្នកគួរទៅពិនិត្យប្រសិនបើមានអ្វីមិនប្រក្រតី ឬមានអារម្មណ៍ថាខុសធម្មតា ដើម្បីទទួលបានការណែនាំពីវេជ្ជបណ្ឌិត អាចជួយអ្នកចាប់ផ្តើមការព្យាបាលទាន់ពេល ប្រសិនបើមានបញ្ហា៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 52

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia