ចិត្តសាស្ត្រ
ខួរក្បាលស្រ្ដេសខ្លាំងងាយបង្កគ្រោះថ្នាក់ចំពោះជំងឺគ្រោះកាចទាំង៤នេះដោយអត់ដឹងខ្លួន
Tror Sopheap
September 15 2025
598 views

មនុស្សបងប្អូនមួយចំនួនពុំសូវជាចាប់អារម្មណ៍រឿងស្រ្តេសនេះខ្លាំងពេកទេ។ តាមសៀវភៅ Ikigai និពន្ធដោយលោក Héctor García បានសរសេរថា ស្រ្តេសតិចតួចជួយសុខភាពផ្លូវចិត្ត និងរាងកាយរឹងមាំ។ បើអ្នកស្រ្តេសខ្លាំងហើយមានអារម្មណ៍តានតឹងមួយកម្រិតទៀត វាសនាជីវិតអាចបង្កគ្រោះថ្នាក់គិតស្មានមិនដល់នោះទេ។ ការសិក្សាពីគេហទំព័រWebmd បានឱ្យដឹងថា ការស្រ្ដេសខ្លាំងហើយញឹកញាប់អាចបង្កឱ្យមានបញ្ហាសុខភាពដូចខាងក្រោមនេះ៖

១. ភាពធាត់៖ បញ្ហាខ្លាញ់លើសនៅលើក្បាលពោះវាបង្កគ្រោះថ្នាក់ដល់សុខភាពច្រើនជាងខ្លាញ់នៅលើជើងឬត្រគាក ហើយទាំងនេះជាបញ្ហាដែលជាប់ពាក់ព័ន្ធទៅនឹងការស្រ្ដេសរុំារ៉ៃជាប្រចាំថ្ងៃនេះឯង។​បញ្ហាស្ត្រេសបង្កឱ្យមានកម្រិតអរម៉ូន cortisol ខ្ពស់ដែលធ្វើឱ្យកើនឡើងនូវបរិមាណខ្លាញ់ក្បាលពោះដែលបង្កជាបញ្ហាធាត់នេះឡើង។

២. ប៉ះពាល់ប្រព័ន្ធក្រពះ និងពោះវៀន៖ ពេលដែលយើងស្រ្តេសខ្លាំង អាចប៉ះពាល់ដល់ចំណង់អាហារ ឬអាចទទួលទានច្រើនពេកខុសធម្មតា នេះជាហេតុធ្វើឱ្យមានការច្រាលអាស៊ីតធ្វើឱ្យប្រព័ន្ធក្រពះពោះវៀនរលាក ហើយចាប់ផ្តើមហើមពោះ ក្អួតចង្អោរ និងរមួលក្រពើ។ ឥទ្ធិពលស្រ្តេសធ្វើឱ្យរាងកាយយើងចុះខ្សោយលឿនណាស់។

៣. ជំងឺបេះដូង៖ ពេលអ្នកធ្វើការងារច្រើនប្រកបដោយការប្រកួតប្រជែង និង​ចង់​បាន​លទ្ធផលជាធំ វាធ្វើឱ្យមនុស្សកាន់តែខំធ្វើការងារលើសដើម ជាមូលហេតុឱ្យមនុស្សចាប់ផ្តើមគិតច្រើន ហើយវាក៏ជះ​ឥទ្ធិពល​អាក្រក់​លើ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង។ តាមសិក្សាការ​ស្រាវជ្រាវ​របស់​ប្រទេស​ហ្វាំងឡង់បញ្ជាក់ថា អត្រា​ការ​ស្លាប់ដោយ​ជំងឺ​បេះដូង ​កើន​ឡើង​ដល់​ទៅ​ ២​ដង​ ចំពោះអ្នកធ្វើ​ការ​ក្រោម​សម្ពាធខ្លាំង បើ​ប្រៀប​ធៀប​នឹង​អ្នក​ធ្វើ​ការ​ធម្មតា។ ​អត្រា​នេះ​កើន​កាន់​តែ​ខ្ពស់រហូត​ដល់ ​២,៤​ដង​ ចំពោះ​អ្នក​ប៉ុន​ប៉ង​ចង់​តួនាទី​កាន់​តែ​ធំ ឬ​ប្រាក់​ខែ​កាន់​តែ​ច្រើន តែ​មិនបាន​សម្រេច។

៤. ជំងឺទឹកនោមផ្អែម៖ ស្ត្រេសអាចធ្វើអោយជំងឺទឹកនោមផ្អែមកាន់តែអាក្រក់ទៅៗតាមវិធីពីរយ៉ាង ទីមួយវាបង្កើនលទ្ធភាពនៃអាកប្បកិរិយាមិនល្អដូចជាការញ៉ាំចំណីអាហារមិនល្អ និងការផឹកគ្រឿងស្រវឹងកាន់តែច្រើន។ ទីពីរភាពតានតឹងនាំឱ្យមានកើនឡើងកម្រិតជាតិគ្លុយកូសកាន់តែច្រើនដែលនាំមានកើតទឹកនោមផ្អែមប្រភេទទី ២៕អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3271

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia