ក្លិនក្លៀក និងក្លៀកខ្មៅ គឺជាបញ្ហាដែលបង្កឱ្យមនុស្សជាច្រើន ខ្វះទំនុកចិត្តក្នុងការរស់នៅជីវិតប្រចាំថ្ងៃ មិនថាជាបុរសឬស្ត្រីនោះទេ ប្រសិនបើមានក្លិនខ្លួន ឬក្លៀកខ្មៅ នឹងធ្វើឱ្យមានអារម្មណ៍មិនស្រួល ពិបាកនៅជិតអ្នកដទៃ។ តាមការស្រាវជ្រាវ វេជ្ជបណ្ឌិតឯកទេសបានបញ្ជាក់ថា ក្លិនក្លៀកកើតឡើងដោយសារបាក់តេរីមួយឈ្មោះ Staphylococcus Hominis។ បាក់តេរីនេះនឹងបំលែងញើស ដែលបញ្ចេញដោយក្រពេញ Apocrine gland នៅក្លៀកឱ្យក្លាយទៅជាក្លិនមិនល្អ។ បញ្ហាដែលជួបប្រទះជាញឹកញាប់ក៏មានដូចជា៖
• ក្លៀកខ្មៅស្រអាប់ដោយសារការប្រើផលិតផលខុស
• ក្លៀកក្រហមពេលដករោម ឬប្រើសារធាតុកាត់ខ្លាំងពេក
• ខ្វះទំនុកចិត្ត ពិបាកប្រជុំជាមួយមនុស្សដទៃ
ដូច្នេះ បើចង់ដោះស្រាយបញ្ហានេះ អ្នកអាចសាកល្បង ៣ វិធីសាស្ត្រដែលមានប្រសិទ្ធភាពខាងក្រោម៖
១. ដុសសម្អាតរាល់ពេលងូតទឹក
ការដុសសម្អាតក្លៀកពេលងូតទឹក អាចជួយយកកាកសំណល់ បាក់តេរី និងក្លិនអាក្រក់ចេញ។ បើមិនដុសសម្អាតទេ បាក់តេរីនឹងកើនឡើងបង្កឱ្យក្លិនកាន់តែខ្លាំង។ វិធីដុសសម្អាត អាចប្រើស្បៃ ឬអេប៉ុងស្រាលៗយកដុសបរិវេណក្លៀកប្រហែល ១០ ទៅ ១៥ វិនាទី ប៉ុន្តែកុំប្រើដៃទទេព្រោះវាមិនអាចយកកាកសំណល់ចេញបានទេ។ ប្រើសាប៊ូឬ shower gel ដែលមានសារធាតុសំលាប់មេរោគ (anti-bacterial) ជួយកាត់បន្ថយក្លិនក្លៀកបានឆាប់រហ័ស ជួយរក្សាស្បែកក្លៀកឱ្យស្អាត កាត់បន្ថយការកកកុញនៃបាក់តេរី។
២. ពាក់អាវរលុងៗ ដើម្បីឱ្យខ្យល់ចេញចូលបានស្រួល
ពេលស្លៀកពាក់អាវតឹង ឬរឹបក្លៀក វាធ្វើឱ្យក្លៀកហប់ បែកញើស និងធ្វើឱ្យមានបាក់តេរីមិនល្អកើតឡើង។ នេះជាមូលហេតុធ្វើឱ្យក្លិនក្លៀកកាន់តែខ្លាំង។ ត្រូវជ្រើសអាវដែលមាន សាច់ក្រណាត់អំបោះ (cotton) ព្រោះអាចស្រូបញើសបានល្អ។ ពាក់អាវរលុងៗជាជម្រើសដ៏ល្អ ដើម្បីឱ្យខ្យល់ចេញចូលបានងាយ។ ជៀសវាងពាក់អាវក្រាសៗ តឹងតែន ព្រោះវាកាន់ធ្វើឱ្យមានក្លិនឆាប់បែកញើសក្លៀក។
៣. ប្រើវិធីធម្មជាតិ ដោយប្រើក្រូចឆ្មារ និងស្ករ
តាមពិតទៅដើម្បីបំបាត់ក្លិនក្លៀក ឬក្លៀកខ្មៅគឺមានវិធីសាស្ត្រជាច្រើន ប៉ុន្តែវិធីបែបធម្មជាតិក៏នៅតែជាជម្រើសល្អមិនអាចរំលងបាន។ វិធីនេះគេយកក្រូចឆ្មារ ១ចំណិត ស្ករស ១ស្លាបព្រា លាយឱ្យសព្វបញ្ចូលគ្នា ហើយលាបម៉ាហ្សាថ្នមៗលើក្លៀក ១នាទី លាងទឹកចេញ សូមចាំថាកុំប្រើដៃធ្ងន់ត្រូវម៉ាហ្សាថ្នមៗបំផុត ម៉ាហ្សាបែបនេះ ២ដងក្នុង ១សប្ដាហ៍។ បន្ទាប់ពីដកឬកោររោមក្លៀករួចថ្មីៗធ្វើឱ្យរន្ធរោមបើក ឬដាច់រលាត់តិចតួច ហេតុនេះកុំប្រើផលិតផលបំបាត់ក្លិន ឬម៉ាស្សាម៉ាសនេះភ្លាមៗ គួរទុកហោចណាស់២ទៅ៣ថ្ងៃសិនចាំលាបឬម៉ាហ្សា។ ការប្រើម៉ាសធម្មជាតិនេះ វាអាចជួយកាត់បន្ថយក្លិន កាត់បន្ថយខ្មៅ និងអាចជួយកាត់បន្ថយការប្រើផលិតផលបំបាត់ក្លិនឬរ៉ូអនបាន។ មួយវិញទៀត កុំដកឬកោររោមឬជម្រុះរោមក្លៀកញឹកញាប់ពេក វានឹងធ្វើឱ្យរន្ធរោមកាន់តែធំ រោមកាន់តែក្រាស់ សរសៃធំៗ ខ្មៅជាងមុន។ អាចប្រើប្រាស់រ៉ូអន ឬផលិតផលបំបាត់ក្លិនបាន ប៉ុន្តែកុំប្រើរាល់ថ្ងៃ គួរកាត់បន្ថយមកយូរៗម្ដងវិញ។
បញ្ហាក្លៀកខ្មៅ និងក្លិនក្លៀកអាចប៉ះពាល់យ៉ាងខ្លាំងដល់ភាពជឿជាក់។ ដោយត្រឹមតែអនុវត្ត ការដុសសម្អាតទៀងទាត់, ស្លៀកពាក់អាវរលុងៗ និង ប្រើវិធីធម្មជាតិជាមួយក្រូចឆ្មារ និងស្ករ អ្នកអាចកាត់បន្ថយក្លិន និងរក្សាស្បែកក្លៀកឱ្យមានសុខភាពល្អវិញ។ ជំហានតូចៗទាំងនេះ អាចនាំឱ្យអ្នកមានភាពទំនុកចិត្តកាន់តែខ្លាំង និងរស់នៅដោយមានភាពសុខចិត្តជាងមុន៕
អត្ថបទដោយ៖ សារួ