ស្ដៅ គឺជាអន្លក់ម្យ៉ាងដែលមានរសជាតិល្វីង ក៏ប៉ុន្តែសម្រាប់អ្នកចូលចិត្តគឺវាពិតជាមានរសជាតិឆ្ងាញ់ខ្លាំងណាស់ អ្វីដែលសំខាន់គឺភាពល្វីងនៅក្នុងស្ដៅគឺ ជួយការពារជំងឺច្រើនមុខ និងការពារសម្រស់ដែលអ្នកមិនធ្លាប់ដឹង។
យោងតាមគេហៈទំព័រ Timesofindia.Com បានឱ្យដឹងពីអត្ថប្រយោជន៍របស់រុក្ខជាតិស្ដៅថា៖ ស្ដៅត្រូវបានគេដឹងថាល្អបំផុតសម្រាប់លក្ខណៈប្រឆាំងនឹងភាពចាស់ ដោយសារតែលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មរបស់ស្ដៅ ការពារស្បែកពីកាំរស្មីUV ពីកម្ដៅព្រះអាទិត្យ ផ្សែងពុលផ្សេងៗ។ក្នុងនោះ វីតាមីននិង អាស៊ីតខ្លាញ់នៅក្នុងស្ដៅនឹងជួយស្បែកឱ្យមានភាពប្រសើឡើង និងរក្សាភាពយឺតនៃស្បែកកាត់បន្ថយស្នាមជ្រីវជ្រួញ ជាពិសេសធ្វើឱ្យស្បែករបស់អ្នកមើលទៅស្រស់បំព្រង និងក្មេងជាងវ័យ។
បន្ថែមពីនេះ ស្ដៅគឺមានលក្ខណៈសម្បិត្តប្រឆាំងនឹងការរលាក ជួយកាត់បន្ថយការកើតមុន ជួយបំបាត់ស្នាមក្រហមនៅលើស្បែក ជួយបំបាត់បញ្ហាស្បែកស្ងួត រមាស់ស្បែក បញ្ហាស្បែកឡើងជាំ ជួយទប់ស្កាត់និងបំបាត់ស្នាមមុន ជាដើម។ លើសពីនេះទៅទៀត ស្ដៅគឺជាប្រភពជាតិសំណើមល្អបំផុតសម្រាប់ស្បែក ពោលគឺសារធាតុក្នុងស្ដៅនឹងជួយជួសជុលស្បែកដែលខ្សោយ ឱ្យរឹងមាំ ធ្វើឱ្យស្បែកត្រជាក់ និងធ្វើឱ្យស្បែកភ្លឺថ្លា ក្មេងជាងវ័យ។
យ៉ាងណាមិញ សារធាតុក្នុងរុក្ខជាតិស្ដៅត្រូវបានគេសិក្សាដឹងថា៖
-អាចជួយការពារជំងឺគ្រុនចាញ់ បំបាត់បញ្ហាហៀរសំបោរ ជួយឱ្យកម្ដៅក្នុងខ្លួនថយចុះ និងធ្វើឱ្យស្បែកត្រជាក់
-ការពារជំងឺបេះដូង សម្រួលសរសៃឈាមបេះបូង និងចង្វាក់ចលនារបស់បេះដូង
-អាចជួយទប់ស្កាត់ការរីករាលដាលនៃការវិវត្តជំងឺឬសដូងបាត
គួរបញ្ជាក់ផងដែរថា បើទោះជាស្ដៅល្អចំពោះសុខភាពក៏ដោយ តែសូមហូបឱ្យត្រូវកាលៈទេសៈ និងជាពិសេសសម្រាប់ស្រ្តីដែលកំពុងបំបៅដោះកូនមិនគួរបរិភោគស្ដៅឡើយ ព្រោះអាចនឹងធ្វើឱ្យទឹកដោះមិនសូវចេញបានល្អ ហើយចំពោះអ្នកដែលមិនមានសំពាធឈាមទាបក៏ពុំគួរបរិភោគដែរ ព្រោះអាចធ្វើឱ្យសម្ពាធឈាមកាន់ថយចុះ អាចធ្វើឱ្យអ្នកសន្លប់បាន។
ដូចនេះ ដោយឃើញថាអត្ថប្រយោជន៍របស់ស្ដៅល្អច្រើនខ្លាំងចំពោះសុខភាព ការពារជំងឺនិងជួយសម្រស់បានច្រើនផងនោះ ពិតជាល្អខ្លាំងណាស់សម្រាប់អ្នកចូលចិត្តញ៉ាំ ណាមួយស្ដៅនៅក្នុងស្រុកខ្មែរក៏មានតម្លៃមិនសូវថ្លៃដែរ បងប្អូនអាចទិញមកយកច្នៃធ្វើម្ហូប ឬអន្លក់ជាដើម៕
អត្ថបទដោយ៖ តឹក ស៊ីថា