មហារីកតម្រងនោម គឺជាជំងឺរ៉ាំរ៉ៃបណ្ដាលមកពីការលូតលាស់មិនធម្មតានៃកោសិកាតម្រងនោម ហើយក្នុងរយៈពេល 25 ឆ្នាំខាងមុខ ករណីនៃជំងឺមហារីកតម្រងនោមនេះត្រូវបានគេព្យាករថានឹងកើនឡើងខ្លាំងទ្វេដង ដែលភាគច្រើនបណ្តាលមកកត្តាដែលមនុស្សអាចការពារបាន ប៉ុន្តែតែងតែមើលរំលង និងមិនសូវយកចិត្តទុកដាក់ នេះបើតាមការស្រាវជ្រាវពីមជ្ឈមណ្ឌលមហារីក Fox Chase ។
អ្នកស្រាវជ្រាវបានរកឃើញថាអ្នកជំងឺមហារីកតម្រងនោមប្រហែល ៥% ទៅ ៨% គឺកើតឡើងដោយសារតែតំណពូជ ដែលជារឿយៗត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្លាស់ប្តូរនៅក្នុងហ្សែន។ ដូច្នេះហើយអ្នកវិទ្យាសាស្ត្រណែនាំឱ្យបុគ្គលដែលគ្រួសារមានប្រវត្តិកើតជំងឺមហារីកតម្រងនោមគួរតែទៅធ្វើរោគវិនិច្ឆ័យជាពិសេសសម្រាប់កុមារតូចៗ គួរតែទៅពិនិត្យតាំងពីពួកគេនៅក្មេងដើម្បីងាយស្រួលក្នុងការការពារ និងបញ្ជៀសហានិភ័យដែលអាចកើតជំងឺមហារីកតម្រងនោម។
បើទោះបីជា ជំងឺមហារីកតម្រងនោម មានហានិភ័យអាចកើតឡើងដោយសារតែកត្តាហ្សែនក៏ដោយ ប៉ុន្តែអ្នកជំងឺជាងពាក់កណ្ដាលទៀតត្រូវបានស្រាវជ្រាវឃើញថា កើតឡើងដោយសារតែកត្តាដែលមនុស្សយើងអាចការពារបានដូចជា ភាពធាត់ ជំងឺទឹកនោមផ្អែម លើសឈាម ជំងឺតម្រងនោមរ៉ាំរ៉ៃ ការជក់បារី ការប៉ះពាល់នឹងបរិស្ថាន និងកង្វះលំហាត់ប្រាណ ជាដើម។
វិធីដែលអាចការពារបាន៖ អ្នកស្រាវជ្រាវបានសង្កត់ធ្ងន់ថា ការផ្លាស់ប្ដូររបៀបរស់នៅប្រចាំថ្ងៃក៏អាចការពារបានហើយដូចជា ការគ្រប់គ្រងទម្ងន់ រក្សាសម្ពាធឈាមឱ្យបានល្អ និងការគ្រប់គ្រងជាតិស្ករក្នុងឈាម បញ្ឍប់ការជក់បារី ទាំងអស់នេះគឺអាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកតម្រងនោមបានយ៉ាងមានប្រសិទ្ធភាព។
រោគសញ្ញាមហារីកតម្រងនោម៖ នៅដំណាក់កាលដំបូង អ្នកដែលកើតជំងឺមហារីកតម្រងនោម ប្រហែលជាមិនបង្ហាញសញ្ញា ឬរោគសញ្ញាអ្វីនោះទេ ប៉ុន្តែនៅពេលដែលដុំសាច់ដុះលូតលាស់ អ្នកអាចនឹងសម្គាល់ឃើញមានឈាមនៅក្នុងទឹកនោម ឈឺចាប់នៅផ្នែកខាងក្រោមខ្នង ដុំសាច់នៅផ្នែកខាងក្រោមខ្នង ឬចំហៀងចង្កេះ និងការស្រកទម្ងន់ដែលមិនអាចពន្យល់បាន បែកញើសពេលយប់ ក្តៅខ្លួន ឬអស់កម្លាំង ជាដើម។
ដូច្នេះបើសម្គាល់ឃើញខ្លួនឯងលេចចេញនូវរោគសញ្ញាមិនប្រក្រតីណាមួយដែលគួរឱ្យសង្ស័យត្រូវតែប្រញាប់ទៅមន្ទីរពេទ្យដើម្បីពិនិត្យជៀសវាងសោកស្ដាយនៅពេលក្រោយ។ ប្រសិនបើអ្នកចង់ឱ្យខ្លួនឯងមានសុខភាពល្អ ជៀសឆ្ងាយពីជំងឺផ្សេងៗ ជាដំបូងត្រូវផ្លាស់ប្ដូររបៀបរស់នៅ ដូចជាការរៀបចំរបបអាហារណាល្អសម្រាប់សុខភាព ហាត់ប្រាណឱ្យបានទៀងទាត់ ហើយជាពិសេសនោះ ត្រូវតែឱស្សាហ៍ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យឱ្យបានជាប្រចាំ៕
អត្ថបទដោយ៖ សារួ