បញ្ហាសក់ជ្រុះគឺជាបញ្ហាចម្បងមួយដែលមនុស្សគ្រប់គ្នាព្រួយបារម្ភ ជាពិសេសនៅពេលកក់សក់ម្ដងៗតែងតែជ្រុះមកទាំងក្ដាប់ៗហើយវាពិតជាធ្វើឱ្យអារម្មណ៍មានការធុញទ្រាន់យ៉ាងខ្លាំង។ កត្តាបង្កខ្លះដែលធ្វើឱ្យសក់ជ្រុះ ការគិតច្រើន ប្រើសាប៊ូកក់សក់ខុស ដូរសាប៊ូញឹកញាប់ ឬអាចមកពីការទទួលទានអាហារដែលមិនមានវីតាមីនគ្រប់គ្រាន់ជាដើម។
យោងតាមរការចុះផ្សាយនៅលើគេហទំព័រ indiatimes បានចុះផ្សាយថា បើកាលណារាងកាយរបស់យើងមានផ្ទុកសារធាតុវីតាមីនទាំងនេះមិនគ្រប់គ្រាន់ទេដូចជាវីតាមីន B វីតាមីន A វីតាមីន C និងអូមេហ្គា៣ ប្រាកដណាស់ថាវានឹងធ្វើឱ្យសក់របស់យើងមានសុខភាពមិនល្អដូចគ្នា។ អ្នកជាអ្នកដែលកំពុងមានបញ្ហាជ្រុះសក់និងចង់ឱ្យសក់ដុះមកវិញបានលឿន អ្នកញ៉ាំអាហារក្រុមបន្លែពណ៍លឿងចំនួន ៥៖
១. ផ្លែល្ពៅ៖ ល្ពៅគឺមានផ្ទុកទៅដោយជាតិដែក និង បេតា-ការ៉ូទីន ដែលជាប្រភពដើមនៃវីតាមីន A ហើយក៏ជាវីតាមីនដ៏សំខាន់សម្រាប់ធ្វើឱ្យសក់មានការលូតលាស់បានល្អ និងជាជំនួយធ្វើឱ្យកូនសក់ដុះលឿន។ ដើម្បីទទួលបានវីតាមីនដែលនៅក្នុងផ្លែល្ពៅ គេណែនាំឱ្យញុំាវាក្នុងបរិមាណ ១០០ ក្រាមដែលស្មើនឹង ១ ខាំជារៀងរាល់ថ្ងៃ ហើយសម្រាប់របៀបញុំាអ្នកអាចយកវាទៅស្ងោរ ឬចម្អិនធ្វើម្ហូបទៅតាមចំណងចំណូលចិត្ត។
២. ការ៉ុតពណ៍លឿង៖ ការ៉ុតមានច្រើនពណ៌ដូចជាពណ៌ទឹកក្រូច ពណ៌ស្វាយ និងពណ៌លឿង។ ប៉ុន្តែក្នុងចំណោមពណ៍ទាំង ៣ នេះពណ៍លឿងត្រូវបានគេដឹងថាជាប្រភពនៃវីតាមីន A ដែលមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សក់។ វីតាមីន A គឺចាំបាច់សម្រាប់ការលូតលាស់នៃកោសិការាងកាយ រួមទាំងសក់ផងដែរ។ ដូច្នេះអ្នកគួរញ៉ាំការ៉ុតលឿង ១ថ្ងៃ ១មើមគឺល្អបំផុត។
៣. ដំឡូងជ្វាពណ៍លឿង៖ ដំឡុងជ្វាគឺជាប្រភពនៃសារធាតុ បេតា-ការ៉ូទីន នៅពេលអ្នកញុំាដំឡូងជ្វារាងកាយនឹងបំលែងទៅជាវីតាមីន A ដែលអាចធ្វើឱ្យសក់មានសុខភាពល្អ សក់ដុះមកលឿន និងវែងល្អ។ គេណែនាំឱ្យស្ងោរដំឡូងជ្វារញ៉ាំរាល់ព្រឹក បើចង់ឱ្យចង់ចុះលឿន ឆាប់វែង។
៤. ម្ទេសប្លោកពណ៍លឿង៖ ម្ទេសប្លោកពណ៍លឿងគឺជាប្រភពដ៏សំខាន់នៃវីតាមីន C ហើយវាមានតួនាទីសំខាន់ទៅប្រឆាំងជាមួយនឹងអុកស៊ីតកម្ម ដែលអាចជួយឱ្យសក់មានការលូតលាស់បានល្អ និងដុះលឿន។ វីតាមីន ជួយជំរុញដល់ការផលិតកូឡាជែននៅក្នុងរាងកាយ ជួយពង្រឹងសរសៃសក់ និងការពារសរសៃសក់ប្រឆាំងនឹងភាពតានតឹងអុកស៊ីតកម្ម។
៥. ចេកអំបូងលឿង៖ សម្បូរទៅដោយប្រេងធម្មជាតិ វីតាមីន និងប៉ូតាស្យូមជាច្រើន ដែលជួយព្យាបាលសក់ខូច និងបែកចុង ក្រៅពីជួយជំរុញឱ្យសក់លូតលាស់រឹងមាំ ព្រមទាំងការការពារការឆ្លងមេរោគអង្គែដោយការបិទរន្ធញើសរបស់ស្បែកក្បាល៕ អត្ថបទដោយ៖ សារួ