សម្រស់
៤វីធីជួយឱ្យសម្រស់ម៉ាក់ៗនៅតែក្មេងស្អាត ពេលកំពុងពពោះកូនក្នុងផ្ទៃក៏ដោយ
Pov Saru
September 4 2025
311 views

ការមានផ្ទៃពោះជាពេលវេលាមួយដែលប្រថុយប្រថានបំផុតសម្រាប់មនុស្សស្រី ហើយក៏ជាពេលវេលាមនុស្សស្រីយល់ព្រមលះបង់អ្វីៗគ្រប់យ៉ាងមិនថា ឈាមស្រស់ សាច់ស្រស់ សូម្បីតែរូបសម្រស់ដ៏ស្រស់ស្អាតរបស់ខ្លួនដែរ។ ជារឿងដែលមិនអាចប្រកែកបាននៅពេលពពោះម៉ាក់ៗគ្រប់រូបត្រូវប្រឈមខ្ពស់នឹងការប្រែប្រួលរូបរាង បាក់សម្រស់ ដូចជា ស្បែកមុខខ្មៅជ្រួញ ក្លៀកនិងក ប្រែជាខ្មៅ ខ្នង និងពោះកើតសង្វារ សក់ជ្រុះ ហើមសាច់ ជាដើម។ បញ្ហាទាំងអស់នេះវាមិនមែនកើតឡើងដោយសារតែមនុស្សស្រីមិនចេះមើលថែខ្លួនឯង ឬបណ្ដោយខ្លួនជ្រុលពេកទេ ប៉ុន្តែភាគច្រើនវាកើតឡើងដោយសារតែការប្រែប្រួលអរម៉ូននៅក្នុងរាងកាយ។ 

ដោយសារតែបញ្ហាទាំងអស់នេះហើយទើបបានជាធ្វើឱ្យម៉ាកៗជាច្រើនចាប់ផ្ដើមបាក់ទឹកចិត្ត ខ្វះទំនុកចិត្ត លាក់ខ្លួន និងអស់កម្លាំងផ្លូវចិត្ត ពិសេសសម្រាប់ម៉ាក់ៗដែលស្រឡាញ់សម្រស់។ ប៉ុន្តែមិនមែនថាយើងមិនអាចបង្ការ ឬកាត់បន្ថយវាបានទេ។ មានវិធីជាច្រើនដែលអាចជួយឱ្យម៉ាក់ៗថែរក្សាសម្រស់ និងសុខភាពឱ្យបានល្អ។ 

១. ករណីហើមសាច់ ហើមដៃ ហើមជើង និងឈឺក្បាល៖ នៅពេលពពោះប្រាកដណាស់ថារាងកាយរបស់យើងគឺមានទឹកច្រើន ជាហេតុធ្វើឱ្យមានការហើមសាច់ ដូចជា ហើមដៃ ហើមជើង។ ហើយវិធីដ៏សាមញ្ញដែលអាចជួយម៉ាក់ៗគ្រប់រូបអាចការពារខ្លួនបានគឺត្រូវព្យាយាមធ្វើចលនារាងកាយ។ ម៉ាកៗទាំងអស់ដើរលំហែកាយប្រហែលជា ២០ ទៅ ៣០ នាទីជារៀងរាល់ថ្ងៃ ឬអាចធ្វើលំហាត់ប្រាណសម្រាប់អ្នកមានផ្ទៃពោះ ព្រោះវាជួយឱ្យឈាមតរត់បានល្អ កាត់បន្ថយការចុករោយ និងជួយឱ្យសាច់តឹងតែន មិនងាយហើម។ 

២. ស្បែកខ្មៅ និងក្លៀកខ្មៅ៖ បញ្ហានេះភាគច្រើនវាបណ្ដាលមកពីអរម៉ូនប្រែប្រួល ស្បែកស្ងួត។ ហើយវិធីដែលអាចការពារបាន ម៉ាក់ៗគួរត្រូវតែផឹកទឹកឱ្យបានគ្រប់គ្រាន់ (ប្រហែលជា ២.៥ ទៅ ៣ លីត្រក្នុង ១ ថ្ងៃ) បន្ថែមពីនេះត្រូវតែប្រើឡេផ្ដល់សំណើមដល់ស្បែក ស្ក្រាប់ស្បែកដោយប្រើផលិតផលធម្មជាតិ វិធីនេះអាចអនុវត្តបាន ១ ដងក្នុង ១ សប្ដាហ៍ដើម្បីជម្រុះកោសិកាចាស់ៗ និងជួយបង្កើតនូវកោសិកាស្បែកថ្មី។

៣. សង្វារ និងសក់ជ្រុះ៖ សង្វារគឺជាបញ្ហាដែលម៉ាកៗជាច្រើនតែងតែជួបប្រទះនៅអំឡុងពេលពពោះ និងក្រោយសម្រាល តែទោះជាយ៉ាងណា វាមិនបានន័យថាម៉ាក់ៗទាំងអស់មិនអាចជៀសវាបាននោះទេ។ ជាការពិតវាមានវិធីសាស្ត្រជាច្រើនដែលអ្នកម្ដាយគ្រប់រូបអាចអនុវត្តបានបើមិនចង់ឱ្យមានសង្វារនៅលើដងខ្លួនគឺ លាបឡេផ្ដល់សំណើមជាប្រចាំ ផឹកទឹកឱ្យបានគ្រប់គ្រាន់ រៀបចំរបបអាហារឱ្យបានត្រឹមត្រូវ ត្រូវទទួលទានអាហារដែលមានវីតាមីន E, C និង Collagen។ សម្រាប់បញ្ហាសក់ជ្រុះ អាចប្រើប្រាស់សាប៊ូណាដែលត្រូវជាមួយសាច់ក្បាល និងទទួលទានអាហារដែលមានជាតិប្រេងដូចជា​ អាវ៉ូកាដូ ក្តាម សណ្តែក។

៤. ការថែរក្សាផ្លូវចិត្ត៖ ត្រូវដឹងថាភាពស្រស់ស្អាតមិនសម្ដៅតែរូបសម្រស់ខាងក្រៅទេ តែភាពស្រស់ស្អាតគឺនិយាយពីភាពស្រស់ស្អាតដែលចេញពីខាងក្នុងដែរ។ ដូច្នេះហើយការថែរក្សាផ្លូវចិត្តឱ្យបានល្អគឺជារឿងដែលសំខាន់បំផុត។ ម៉ាក់ៗទាំងអស់ត្រូវតែព្យាយាមសម្រាកឱ្យបានគ្រប់គ្រាន់ ទំនេរស្ដាប់សម្លេងតន្ត្រីបន្ធូរអារម្មណ៍ ឬអាចរកពេលវេលាទៅជជែកលេងជាមួយមិត្តភក្កិ គ្រួសារ ដើម្បីឱ្យអារម្មណ៍បានស្រស់ស្រាយអាចរំសាយអស់នូវរាល់ទុក្ខកង្វល់។ ពេលផ្លូវចិត្តរីករាយ ស្បែកនិងរាងកាយយើងក៏មានសុខភាពល្អដែរ។ ដូច្នេះ សូមស្រឡាញ់ខ្លួនឯង ថែរក្សាផ្លូវចិត្តខ្លួនឯងឱ្យបានល្អ ហើយសូមចាំបញ្ហាទាំងនេះគឺកើតឡើងត្រឹមតែបណ្តោះអាសន្ន មិនបាននៅជាមួយយើងជារៀងរហូតទេ៕ អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទទាក់ទង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia