ជំងឺរលាកឆ្អឹងខ្ចីច្រមុះ អាចកើតឡើងដោយសារមានរោគ ឬខ្យល់ដង្ហើមដែលស្រូបចូលទៅក្នុងច្រមុះ មានមេរោគ លំអងផ្កា ធូលីដីផ្សេង ដែលធ្វើឱ្យមេរោគតោងទុំធ្វើឱ្យភ្នាសស្ដើងក្នុងច្រមុះ មានបញ្ហាអាឡែហ្ស៊ី ឬអាចក្លាយទៅជាកន្ទូលពងរមាស់ យូរៗវាចាប់ផ្ដើមធ្វើឱ្យរលាក នេះបើផ្អែកតាមការចែករំលែកពីលោកវេជ្ជបណ្ឌិត ហង្ស ដារ៉ា។ ក្រៅពីនោះ លោកវេជ្ជបណ្ឌិត ក៏បានឱយ្ដឹងផងដែរថា អ្នកដែលជក់បារី និងអ្នកមានដុះសាច់ច្រមុះស្រាប់ក៏ងាយនឹងរលាកឆ្អឹងខ្ចីនៃច្រមុះផងដែរ។
លោកវេជ្ជបណ្ឌិត បានពន្យល់ផងដែរថា នៅក្នុងច្រមុះជាធម្មតា មានថ្នក់៨ ដែលស្មើរនឹង៤គូ ហើយថ្នក់ដែលងាយនឹងរលាកជាងគេ គឺថ្នក់នៅក្រោមភ្នែក និងថ្នក់នៅប្រលោះភ្នែកឬប្រលោះចិញ្ចើម។ បើរលាកនៅក្រោមភ្នែក វានឹងធ្វើឱ្យមានអារម្មណ៍ថាមានផលរំខាន មានសម្ពាធនៅក្រោមភ្នែក ហើយអាចនឹងឈឺដល់គ្រាប់ភ្នែកបានផងដែរ។ បើរលាកនៅថ្នក់នៅប្រលោះភ្នែកឬប្រលោះចិញ្ចើម នឹងធ្វើឱ្យអ្នកជំងឺចេញតែឈឺក្បាលខាងមុខខ្លាំង ពិសេសនៅថ្ងាស់ឬប្រលោះចិញ្ចើមតែម្ដង។ ជំងឺរលាកឆ្អឹងខ្ចីច្រមុះនេះ នឹងធ្វើទុក្ខធ្វើឱ្យអ្នកជំងឺមានការឈួល ឈឺក្បាល ត្រូវត្រជាក់ក៏មិនបាន ត្រូវថ្ងៃក៏ឈឺ ត្រូវខ្យល់ ត្រូវស្ងួតពេកក៏មិនបាន ពិបាកគ្រប់គ្រងអារម្មណ៍ កាន់តែធ្ងន់ធ្ងរឈឺចាប់ ពិបាកដកដង្ហើម។ ចំពោះអាការផ្សេងៗទៀតធ្វើឱ្យមានហូរទឹកសំបោរចុះតាមច្រមុះ ពេលខ្លះអាចស្លេស្មធ្លាក់ចូលទៅក្នុងបំពង់ក ទឹកនេះអាចមានពណ៌ អត់ពណ៌ ខាប់ឬរាវជាដើម។
ចំពោះការព្យាបាល ប្រសិនបើលោកអ្នកមានរោគសញ្ញាសង្ស័យ គួរតែឆាប់ស្វែងរកការធ្វើរោគវិនិច្ឆ័យពីក្រុមគ្រូពេទ្យ សម្រាប់ក្រុមគ្រូពេទ្យនឹងព្យាបាលទៅតាមស្ថានភាពជាក់ស្ដែងរបស់អ្នកជំងឺ ដោយឱ្យប្រើប្រាស់ថ្នាំ។ អមជាមួយការព្យាបាលពីគ្រូពេទ្យ មានមួយវិធីទៀតដែលអ្នកជំងឺអាចធ្វើដោយខ្លួនឯងបាន គឺការលាងច្រមុះដោយសេរ៉ូមប្រៃ ដោយគ្រាន់តែប្រើសឺរ៉ាំង បូមហើយញាត់ចូលច្រមុះបាញ់សេរ៉ូមប្រៃបញ្ចូលនោះវានឹងហៀរលាងចេញមកវិញដោយខ្លួនឯង ហើយវិធីសាស្ត្រនេះ ប្រសិនបើគ្រាន់តែគ្រុនផ្ដាសាយធម្មតា មិនថាមនុស្សធំឬក្មេងទេ អាចបំបាត់ផ្ដាសាយទៅវិញបានលឿនផងដែរ។
គួរបញ្ជាក់ដែរថា សម្រាប់វិធីសាស្ត្រលាងច្រមុះនេះ ជាវិធីដែលគ្រូពេទ្យណែនាំសម្រាប់អ្នកមានបញ្ហាច្រមុះទាំងអស់ តែមិនមែនមានន័យថា ឱ្យតែមានបញ្ហាបាញ់តែសេរ៉ូមប្រៃអាចជាឡើងវិញគ្រប់គ្នានោះទេ តម្រូវឱ្យអ្នកជំងឺធ្វើរោគវិនិច្ឆ័យច្បាស់លាស់ពីគ្រូពេទ្យជាមុនសិន។ ដោយឡែក សម្រាប់អ្នកមានបញ្ហាផ្ដាសាយ តឹងច្រមុះ ធម្មតា វិធីសាស្ត្រនេះ នឹងជួយឱ្យជាសះស្បើយឡើងវិញលឿនបំផុត៕
អត្ថបទដោយ៖ Senghong