ជំងឺផ្លូវចិត្ត ត្រូវបានគេចាត់ទុកថាជា ជំងឺដ៏កាចសាហាវមួយ ព្រោះវាមិនមែនត្រឹមតែបំផ្លាញផ្លូវចិត្តនិងអារម្មណ៍របស់មនុស្សតែម្នាក់ទេ ប៉ុន្តែវាធ្វើឱ្យប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ និងមនុស្សនៅក្បែខ្លួនផងដែរ។ ការសិក្សាថ្មីមួយពី វិទ្យាស្ថាន Karolinska បានបង្ហាញថា កូនដែលមានឪពុកម្តាយមានជំងឺផ្លូវចិត្ត អាចប្រឈមនឹងហានិភ័យស្លាប់មុនអាយុខ្ពស់ជាងមនុស្សធម្មតា ជាពិសេសបើឪពុកនិងម្តាយទាំងពីរមានបញ្ហានេះដូចគ្នា។
អ្នកស្រាវជ្រាវបានសិក្សាលើមនុស្សជាច្រើនក្នុងប្រទេសស៊ុយអែដ ដើម្បីតែរកមើលថា តើជំងឺផ្លូវចិត្តរបស់ឪពុកម្ដាយអាចប៉ះពាល់ដល់អាយុកូនរបស់ពួកគេដែរឬទេ។ ហើយជាលទ្ធផលបង្ហាញថា កូនដែលមានឪពុកម្តាយមានជំងឺផ្លូវចិត្តមាន ហានិភ័យ ខ្ពស់ជាងកូនដែលមានឪពុកម្ដាយធម្មតា ប្រសិនបើឪពុកនិងម្តាយទាំងពីរមានជំងឺផ្លូវចិត្ត ហានិភ័យនេះអាច កើនខ្ពស់គុណទៅនឹងបួនដងឯណោះ។
ជំងឺផ្លូវចិត្តរបស់ឪពុកម្តាយអាចប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតរបស់កូន ដែលអាចនាំឱ្យមានការកើនឡើងហានិភ័យសម្រាប់បញ្ហាសង្គម អារម្មណ៍ និងអាកប្បកិរិយារបស់ពួកគេ អត្រាខ្ពស់នៃបញ្ហាសុខភាពផ្លូវចិត្តនាពេលអនាគត និងការលំបាកក្នុងការអភិវឌ្ឍន៍។
អ្នកស្រាវជ្រាវជឿថា ផលប៉ះពាល់ទាំងនេះកើតចេញពីកត្តាដូចជា៖ ការខ្វះការថែទាំផ្លូវចិត្ត និងរាងកាយឱ្យបានត្រឹមត្រូវនៅក្នុងគ្រួសារ។ ការរស់នៅក្នុងបរិយាកាសដែលមានសម្ពាធខ្លាំង ស្ត្រេស ឬអំពើហឹង្សា បញ្ហាអាហារូបត្ថម្ភ និងជំងឺរាងកាយដែលមិនត្រូវបានថែទាំ។ ការសិក្សានេះបង្ហាញថា ជំងឺផ្លូវចិត្តមិនត្រឹមតែប៉ះពាល់ដល់មនុស្សដែលមានជំងឺទេ ប៉ុន្តែអាចប៉ះពាល់ដល់ជីវិតកូនៗផងដែរ។ ការយល់ដឹង និងការគាំទ្រគ្រួសារដែលមានបញ្ហានេះ គឺជាវិធីសំខាន់ក្នុងការការពារជីវិត និងសុខភាពដល់មនុស្សជំនន់ក្រោយ៕
អត្ថបទដោយ៖ សារួ