ដុំគីសដៃស្បូនជាជំងឺមួយដែលតែងតែកើតទៅលើមនុស្សស្រីពេញវ័យ មនុស្សស្រីដែលមានវដ្តរដូវ។ ដុំគីសដៃស្បូនមាន២ប្រភេទខុសពីគ្នា ប្រភេទទីមួយជាប្រភេទគីសស្លូត និងប្រភេទទី២ជាប្រភេទគីសកាច ដែលស្រ្តីគ្រប់រូបត្រូវប្រុងប្រយ័ត្ន និងតាមដានអាការឱ្យបានហ្មត់ចត់។
ជាការពិតណាស់ បើតាមការឱ្យដឹងពីកេហទំព័រ healthline បានបញ្ជាក់ច្បាស់ៗថា ដុំគីសប្រភេទទី១ មានទំហំតូចជាង៣សង់ទីម៉ែត្រ ជាដុំគីសធម្មតាដែលកើតមានទៅលើមនុស្សស្រីគ្រប់រូបអំឡុងពេលវដ្តរដូវ ហើយវានឹងរលាយបាត់ទៅវិញបន្ទាប់ពីវដ្តរដូវប្រចាំខែរបស់ស្រ្តីត្រូវបានបញ្ចប់រយៈពេលចាប់ពី ៣ទៅ ៥ថ្ងៃ។
ចំណែកឯដុំគីសទី២ ជាដុំគីសសរីរាង្គឬហៅម្យ៉ាងទៀតថាជាដុំគីសកាច ជាគីសមិនធម្មតាដែលមានទំហំធំជាង ៣សង់ទីម៉ែត្រ ហើយវាមានទីតាំងស្ថិតនៅក្នុងដៃស្បូនទាំងសងខាងរបស់ស្រ្តី។ ដុំគីសកាច នេះវាមិនរលាយទៅវិញនោះទេ ប្រសិនបើស្រ្តីមិនបានពិនិត្យ ឬមិនបានទៅព្យាបាលឱ្យទាន់ពេលទេនោះវាអាចវិវត្តទៅជាមហារីក ឬធ្វើឱ្យស្រ្តីមិនអាចមានកូនអស់មួយជីវិត។
លើសពីនេះទៀត ចំពោះស្រ្តីដែលកើតដុំគីសស្លូតគឺវាមិនបញ្ចេញអាការអ្វីខុសប្លែកឬធ្វើឱ្យស្រ្តីមានគ្រោះថ្នាក់នោះទេ ដោយឡែកប្រសិនជាកើតចំប៉ះគីសកាច វានឹងធ្វើឱ្យស្រ្តីមានអាការមិនប្រក្រតីមួយចំនួនដូចជា៖
១. ចុកចង្កេះមុនពេលមករដូវឬអំឡុងពេលមករដូវ
២. ឧស្សាហ៍ឈឺចុកចាប់នៅត្រង់ត្រគាក
៣. ហើមពោះ
៤. ឈឺពោះវៀនធំ
៥. មានឈាមហូរតិចៗនៅតាមទ្វារមាស
៦. មានការចុករមួលក្នុងពោះនៅត្រង់ចំណុចស្បូន
៧. វិលមុខញឹកញាប់
៨. រកក្អួតចង្អោរជាដើម។
លើសពីនេះទៅទៀត មូលហេតុដែលបណ្តាលឱ្យស្រ្តីកើតជំងឺដុំគីសដៃស្បូនសរីរាង្គឬគីសកាចនេះ គឺដោយសារតែកត្តារបបអាហារ និងទម្លាប់រស់នៅប្រចាំថ្ងៃមិនបានត្រឹមត្រូវ។ ស្រ្តីដែលចូលចិត្តបរិភោគអាហារប្រភេទ Fat food ដូចជាអាហារបំពង(ស្លាបមាន់បំពង ភ្លៅមាន់បំពង ប្រហិតបំពង...) អាហារលើសជាតិខ្លាញ់ផ្សេងៗទៀត ដែលធ្វើឱ្យអរម៉ូនរបស់ស្រ្តីកើនឡើងខ្លាំងវិវត្តទៅជាដុំគីសក្នុងដៃស្បូន។ មួយវិញទៀត វាអាចមកពីកត្តាការប្រើប្រាស់ថ្នាំ ស្រ្តីដែលតែងតែលេបថ្នាំពាក់ព័ន្ធជាមួយអរម៉ូនក៏បណ្តាលឱ្យមានដុំគីសនៅដៃស្បូនដែរ។
គូសបញ្ជាក់ផងដែរថា ប្រសិនជាស្រ្តីចង់ដឹងថាខ្លួនមានជំងឺដុំគីសដៃស្បូនទី២ឬអត់ ហើយចង់ព្យាបាលឱ្យទាន់ពេលវេលា ស្រ្តីត្រូវទៅថតអេកូនៅរៀងរាល់ពេលដែលអស់វដ្តរដូវប្រចាំខែចាប់ពី៥ ទៅ ៦ថ្ងៃ។ ប្រសិនជាករណីឃើញដុំគីសទំហំធំជាង ៣សង់ទីម៉ែត្រមិនទាន់រលាយនោះមានន័យអ្នកកំពុងកើតដុំគីសកាចប្រភេទទី២ហើយ។ ជាចុងក្រោយលើកទឹកចិត្តឱ្យបងៗស្រ្តីគ្រប់គ្នាទៅពិនិត្យនិងតាមដានសុខភាពជាមួយគ្រូពេទ្យទើបដឹងច្បាស់ និងសូមបន្តការពារថែរក្សាសុខភាពខ្លួនឯងឱ្យបានល្អកុំមានការធ្វេសប្រហែសឱ្យសោះ៕
អត្ថបទដោយ៖ មឿន គន្ធា