តាមអ្នកជំនាញជាច្រើនបានបញ្ជាក់ថា មនុស្សវ័យចាស់កាន់តែចុះខ្សោយទាំងប្រព័ន្ធរាងកាយ និងសុខភាពផ្លូវចិត្ត។ ចំពោះមនុស្សវ័យកាន់តែចំណាស់ឆ្អឹងកាន់តែផុយដោយសារមានសកម្មភាពរាងកាយតិច និងមិនសូវប៉ះពាល់ពន្លឺព្រះអាទិត្យនាំឱ្យរាងកាយខ្វះសារធាតុជាតិវីតាមីនD នេះឯង។
ព្រោះវីតាមីនជួយប្រឆាំងនឹងការរលាក គាំទ្រប្រព័ន្ធការពាររាងកាយ រក្សាមុខងារសាច់ដុំ និងបង្កើតកោសិកាខួរក្បាល និងផ្តល់សារធាតុប្រឆាំងអុកស៊ីតកម្ម។ យោងតាមការសិក្សារបស់សាកលវិទ្យាល័យ Dublin (ប្រទេសអៀរឡង់) កង្វះវីតាមីនD ចំពោះមនុស្សចាស់ក៏បង្កើនហានិភ័យជំងឺធ្លាក់ទឹកចិត្តដល់ទៅ ៧៥%ផងដែរ។
ប្រភពនៃវីតាមីនD ជាការសំយោគនៅក្នុងស្បែកក្រោមឥទ្ធិពលរបស់កាំរស្មីអ៊ុលត្រាវីយូឡេ B (UV-B) ពន្លឺព្រះអាទិត្យ និងរបបអាហារ។ អ្នកវិទ្យាសាស្ត្របាននិយាយថា អ្នកមានអាយុលើសពី ៥៦ឆ្នាំ ការផលិតវីតាមីនD ត្រូវបានកាត់បន្ថយដោយសារមនុស្សចាស់កម្រចេញទៅក្រៅដើម្បីទទួលពន្លឺព្រះអាទិត្យទៅជាវីតាមីនD។
ដូច្នេះហើយ មនុស្សចាស់ត្រូវបំពេញបន្ថែមវីតាមីនD ឱ្យបានគ្រប់គ្រាន់ក្នុងរបបអាហារដើម្បីរក្សាសុខភាពឆ្អឹង ការពារការខូចខាតឆ្អឹង និងសាច់ដុំនៅពេលដួល ហើយធានាដល់មុខងារខួរក្បាលក៏ដូចជាសុខភាពផ្លូវចិត្ត។ មានអាហារដូចជា ស៊ុត ត្រីធូណា ត្រីសាម៉ុង និងផ្សិតផងដែរ។ មនុស្សចាស់ត្រូវការធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីដំណើរការរំលាយអាហារបានល្អ និងរាងកាយមានភាពរឹងមាំឡើងវិញ។ ពេលគាត់ធ្វើលំហាត់ប្រាណ វ័យកាន់តែចាស់ ប្រព័ន្ធរំលាយអាហារកាន់តែល្អ៕ អត្ថបទដោយ៖ ទ្រ សុភាព