នៅពេលមុននេះបន្តិចខាងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានរកឃើញការកើនឡើងនៃករណីជំងឺពងបែកដៃ ជើង និងមាត់ នៅលើកុមារជាពិសេសកុមារមានអាយុក្រោម៥ឆ្នាំដែលតម្រូវឱ្យមានការពិនិត្យព្យាបាលសមស្របតាមមូលដ្ឋានសុខាភិបាល។
ជំងឺពងបែកដៃ ជើង និងមាត់ គឺជាជំងឺឆ្លងមួយប្រភេទ បង្កដោយពពួកអង់តេរ៉ូវីរុស (enteroviruses) ជា ញឹកញាប់គឺ ពួកវីរុសកុកសាគី (coxsackievirus) ភាគច្រើនកើតលើ ទារក និងកុមារ ប៉ុន្តែក៏អាចកើតលើមនុស្ស ពេញវ័យផងដែរ។
របៀបចម្លង៖ ជំងឺពងបែក ដៃ ជើង និងមាត់ អាចឆ្លង ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការ ប៉ះពាល់ដោយផ្ទាល់ជាមួយនឹងវត្ថុរាវនៃផ្លូវដង្ហើម (ទឹកមាត់ កំហាក និងសំបោរ) ទឹករងៃ ដែលចេញពីពងបែក លាមកអ្នកជំងឺ។ អ្នកជំងឺអាចចម្លងខ្លាំងបំផុតក្នុងសប្តាហ៍ទីមួយ។ ជំងឺពងបែក ដៃ ជើង និងមាត់ មិនឆ្លងពីមនុស្ស ទៅសត្វឬពីសត្វមកមនុស្សឡើយ។
រោគសញ្ញា៖ ១. មានគ្រុនក្តៅ មានដំបៅឈឺក្នុងមាត់ និង មានពងកន្ទួល លើបាតដៃ បាតជើង និង កំប៉ះគូទ
២. ជំងឺពងបែក ដៃជើង និងមាត់ ភាគច្រើនមានស្ថានភាពស្រាល អ្នកជំងឺស្ទើរតែទាំងអស់ជាសះស្បើយ ក្នុងរយៈពេលពី ៧ថ្ងៃ ទៅ១០ថ្ងៃ ហើយកម្រមានផលវិបាកណាស់ (អ្នកជំងឺអាចត្រូវការថ្នាំបញ្ចុះកំដៅ ថ្នាំបំបាត់ការឈឺចាប់ ដែលបណ្តាលមកពីពងបែកក្នុងមាត់ តែមិនត្រូវប្រើថ្នាំ អាស្ពីរីន (aspirin) ដើម្បីបញ្ចុះកំដៅឡើយ)
៣. ជាកម្រ ជំងឺពងបែក ដៃ ជើង និងមាត់ អាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរមួយចំនួន រួមមាន រោគសញ្ញា ប្រព័ន្ធប្រសាទ (សន្លឹម ប្រកាច់ ឬ កន្ត្រាក់ដៃជើង) និងរោគសញ្ញាផ្លូវដង្ហើម (ពិបាកដកដង្ហើម ហត់) សូមបញ្ជាក់៖ អ្នកជំងឺដែលមានផលវិបាកធ្ងន់ធ្ងរខាងលើនេះ ត្រូវប្រញាប់បញ្ជូនជាបន្ទាន់ ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតបំផុត ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺ។
របៀបបង្ការ៖ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកលាងដៃកុមារអោយបានញឹកញាប់ជាមួយទឹកនិងសាប៊ូ ឬជាមួយអាល់កុលដែល ជាពិសេសក្រោយ ប៉ះពងបែក ឬ ដំបៅ មុនពេលរៀបចំអាហារ មុនពេលបរិភោគ មុនបញ្ចុកចំណីដល់ទារក ឬ កុមារ ក្រោយប្រើប្រាស់បង្គន់អនាម័យ និងក្រោយប្តូរទ្រនាប់គូទទារក ឬជូតសម្អាតរាងកាយកុមារលាងសំអាតផ្ទៃនិងរបស់ ដែលប្រលាក់ ដោយទឹកនិងសាប៊ូ
១. ចៀសវាងការប៉ះពាល់ស្និទ្ធស្នាល (ថើប អោប ប្រើប្រាស់សម្ភារសម្រាប់បរិភោគរួមគ្នា។ល។) ជាមួយ កុមារដែលមានជំងឺពងបែក ដៃ ជើង និងមាត់
២. ប្រើស្លាបព្រា និងចាន ដាច់ដោយឡែក សំរាប់កុមារម្នាក់ៗ
៣. សូមឱ្យកុមារនៅផ្ទះនៅពេលមានជំងឺ កុំទៅសាលារៀនឬមណ្ឌលទារកដ្ឋានឪពុកម្តាយនិងអ្នកថែទាំកុមារ ត្រូវរក្សាការប្រុងប្រយ័ត្ន ចំពោះរោគសញ្ញានៃជំងឺ ដើម្បីរកឱ្យឃើញ ទាន់ពេល ស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាល នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេលធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃផលវិបាកជំងឺ
៤. ផ្តល់អាហារដែលមានជីវជាតិច្រើន និងទឹកអោយបានច្រើនដល់កុមារ
៥. សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន នៅពេលមានជំងឺពងបែកដៃ ជើង និងមាត់។


