នៅចក្រភពអង់គ្លេសមនុស្សប្រហែល ២៦០នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកច្រមុះក្នុងមួយឆ្នាំ។ជារឿយៗ ជំងឺនេះពិបាកក្នុងការសម្គាល់ជំងឺមហារីកច្រមុះណាស់ ពីព្រោះរោគសញ្ញាគឺស្រដៀងនឹងជំងឺដទៃទៀតដែរ។ មានមនុស្សជាច្រើនមានជំងឺមហារីកបំពង់ច្រមុះ មិនមានរោគសញ្ញាអ្វីទាំងអស់ រហូតដល់មហារីកឈានដល់កម្រិតដំណាក់កាលធ្ងន់ធ្ងរទើបដឹង។ នេះជាការបញ្ជាក់ពីកេហទំព័រសុខភាព nhs-uk។ តាមមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា បើអ្នកមានរោគសញ្ញាដូចខាងក្រោមនេះរយៈពេល៣សប្ដាហ៍សូមកុំទុកយូរប្រញាប់មកជួបពេទ្យឯកទេសជាបន្ទាន់។
ក) រោគសញ្ញា៖ នៅដំណាក់កាលដំបូង ជំងឺមហារីកច្រមុះ ពុំស្ដែងនូវសញ្ញាអ្វីដែលគួរឲ្យកត់សំគាល់ទេ។ រោគសញ្ញាមួយចំនួនដែលតម្រូវឲ្យអ្នកជំងឺមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ មានដូចខាងក្រោម៖
១. មានឡើងកូនកណ្តុលនៅក ២. ឈាមច្រមុះ ៣. តឹងច្រមុះភាគច្រើនមួយចំហៀង ៤. សណ្តាប់មានការធ្លាក់ចុះនៅត្រចៀកម្ខាង ៥. ហឹងត្រចៀក និង៦. ឈឺក្បាល...។
ខ) មូលហេតុបង្ក៖ មូលហេតុបង្កឲ្យកើតជំងឺមហារីកច្រមុះ នៅមិនទាន់ដឹងពិតប្រាកដ ប៉ុន្តែមានកត្តាមួយចំនួនដែលជំរុញឲ្យកើតមានជំងឺនេះ ៖ ១. ទីតាំងភូមិសាស្រ្ត ដូចជាប្រទេសចិនភាគខាងត្បូង ឬអាស៊ីខាងកើត។ ២. ការបរិភោគអាហារដែលសម្បូរជាតិ Nitrosamine : អាហារដែលមានកម្រិតអំបិលខ្ពស់ ប្រលាក់ហាលឲ្យស្ងួតរួចអាំង (សាច់ ឬត្រី)៣. អ្នកប្រកបរបរដែលទាក់ទងជាមួយឈើ-ជាងឈើ។ ៤.ប្រវត្តិក្រុមគ្រួសារដែលកើតជំងឺនេះ។
ចំពោះការធ្វើរោគវិនិច្ឆ័យគឺធ្វើការឆ្លុះដោយម៉ាស៊ីនអង់ដូស្គប់ ប្រើកាំមេរ៉ាឆ្លុះចូលក្នុងច្រមុះរហូតដល់ផ្នែកខាងក្រោយ Nasopharynx និងត្រូវច្រិបសាច់នៅផ្នែកខាងក្រោយច្រមុះ ដើម្បីធ្វើការពិសោធន៍កោសិកាមហារីក Pathology and Immmuno-histo-chemistry ឬធ្វើ CT-Scan ឬ MRI និង Panendoscopy ដើម្បីឃើញលទ្ធផល។
ដូចនេះ! មិនមានវិធានការសម្រាប់ការពារមិនឲ្យកើតជំងឺមហារីកច្រមុះទេ ប៉ុន្តែយើងអាចកាត់បន្ថយដោយកត្តាមួយចំនួន ដែលជំរុញឲ្យកើតជំងឺនេះ ដូចដែលបានរៀបរាប់ខាងលើ។ ដូចនេះក្នុងនាមជាគ្រួពេទ្យជំនាញ អំពាវនាវដល់បងប្អូនទាំងអស់ ដែលមានប្រវត្តិឈាមច្រមុះ ឬតឹងច្រមុះជាប្រចាំ សូមអញ្ជើញមកទទួលការពិគ្រោះ ពិនិត្យ និងព្យាបាលឲ្យទាន់ពេលវេលា ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញត្រចៀក ច្រមុះ បំពង់ក និងជំងឺមហារីកនៅមន្ទីរពេទ្យកាល់ម៉ែត៕ អត្ថបទដោយ៖ ទ្រ សុភាព