អាហារគឺជាធាតុចិញ្ចឹមសំខាន់សម្រាប់ជីវិតមនុស្ស ប៉ុន្តែមិនមែនអាហារទាំងអស់សុទ្ធតែមានប្រយោជន៍ដូចគ្នានោះទេ។ ក្នុងសង្គមទំនើបសព្វថ្ងៃ ការប្រើប្រាស់អាហារកែច្នៃជ្រុល និងអាហារដែលមានជាតិស្ករបន្ថែមកំពុងកើនឡើងយ៉ាងខ្លាំង។ ហើយក៏មានមនុស្សមិនតិចនាក់ទេ ដែលទទួលរងគ្រោះដោយសារអាហារកែច្នៃទាំងនេះ ត្រូវចាំថាទោះបីជាអាហារទាំងនេះងាយស្រួលទិញ មានតម្លៃថោក ឬងាយប្រើប្រាស់ក៏ដោយ ក៏វាមានហានិភ័យខ្លាំងដល់សុខភាពដែរ។
តើអាហារកែច្នៃជ្រុល និងស្ករបន្ថែមជាអ្វី? អាហារកែច្នៃជ្រុលគឺជាអាហារដែលត្រូវបានផ្លាស់ប្តូរពីទម្រង់ដើម ដោយបន្ថែមសារធាតុដើម្បីរក្សាទុកបានយូរ ដូចជា ក្លិន រសជាតិ ឬពណ៌។ វាអាចមានគ្រឿងផ្សំច្រើន ហើយជាធម្មតាអាហារប្រភេទនេះគឺឆ្ងាញ់ ប៉ុន្តែវាខ្វះសារធាតុចិញ្ចឹម។ ស្ករបន្ថែមគឺជាស្ករដែលបន្ថែមចូលក្នុងអាហារ ដើម្បីបង្កើនរសជាតិឱ្យផ្អែម។
ទម្រង់ពេញនិយមបំផុតគឺប្រភេទស៊ីរ៉ូពោតដែលមាន Fructose ខ្ពស់ ដែលមាននៅក្នុងភេសជ្ជៈផ្អែម និងអាហារវេចខ្ចប់ជាច្រើន។ គេហទំព័រសុខភាព Healthline បានចែករំលែកចំណេះដឹងមួយចំនួនដែលអ្នកអាចស្វែងយល់បានថា តើអាហារកែច្នៃ មានគ្រោះថ្នាក់បែបណា ហើយធ្វើយ៉ាងណាទើបអាចជៀសវាងបាន។ ខាងក្រោមនេះគឺជាចំណុចមួយចំនួនដែលអ្នកគួរស្វែងយល់៖
១. អ្វីដែលត្រូវយល់ដឹងគឺ៖ ស្ករដែលមានក្នុងផ្លែឈើ បន្លែ ទឹកដោះគោ ឬគ្រាប់ធញ្ញជាតិ គឺជាស្ករធម្មជាតិ ដែលរាងកាយយើងអាចប្រើប្រាស់សម្រាប់ថាមពល និងមុខងារសំខាន់ៗ ហើយស្ករប្រភេទនេះមិនមានហានិភ័យដូចស្ករបន្ថែមទេ។
២. ហានិភ័យនៃអាហារកែច្នៃ និងស្ករបន្ថែម៖ ការទទួលទានអាហារទាំងនេះក្នុងរយៈពេលវែង អាចបង្កផលប៉ះពាល់ដល់សុខភាពដូចជា៖ ជំងឺមហារីក ជំងឺបេះដូង និងបញ្ហាសរសៃឈាម ជំងឺទឹកនោមផ្អែមប្រភេទ២ ការឡើងទម្ងន់ និងជំងឺធាត់ ភាពអស់កម្លាំង ជាដើម។
៣. វិធីក្នុងការជៀសវាងអាហារកែច្នៃ និងជាតិស្ករបន្ថែម៖ មុនទិញត្រូវពិនិត្យមើលស្លាកទំនិញឱ្យបានច្បាស់ និងយកចិត្តទុកដាក់បំផុត ពិនិត្យមើលពី កាបូអ៊ីដ្រាត និងជាតិស្ករ ជ្រើសរើសផលិតផលដែលមាន ជាតិស្ករបន្ថែមតិចបំផុត។ ពិនិត្យបញ្ជីគ្រឿងផ្សំ៖ ជ្រើសរើសផលិតផលដែលមានគ្រឿងផ្សំតិច និងសាមញ្ញ។ ប្រសិនបើមានឈ្មោះគ្រឿងផ្សំច្រើនដែលអ្នកមិនស្គាល់ នោះគឺជាសញ្ញាថាវាជាផលិតផលកែច្នៃខ្លាំង។
៤. ចំពោះអាហារដែលមានខ្លាញ់៖ ត្រូវជ្រើសរើសប្រភេទខ្លាញ់ណាដែលល្អ ជៀសវាង trans fat និង saturated fat ដែលបង្កហានិភ័យដល់សុខភាពបេះដូង។ ជ្រើសរើសខ្លាញ់ mono- និង polyunsaturated fats (ដែលភាគច្រើនវាមាននៅក្នុងត្រី និងប្រេងអូលីវ)។ គួរញុំា ផ្លែឈើ បន្លែ ស្រូវសាលី គ្រាប់ធញ្ញជាតិ ត្រី និងសាច់ ដែលមិនមែនជារបស់កែច្នៃ។ ហើយអាហារទាំងនេះផ្តល់សារធាតុចិញ្ចឹមសុទ្ធ ដោយគ្មានបន្ថែមសារធាតុគីមី។
ដូច្នេះបើអ្នកចង់បានសុខភាពដែលល្អ ក្រៅពីការហាត់ប្រាណ ការរបៀបចំរបបអាហារគឺពិតជាសំខាន់បំផុត អ្នកត្រូវយកចិត្តទុកដាក់ចំពោះអាហារប្រចាំថ្ងៃ មិនត្រឹមតែជួយការពារជំងឺទេ ប៉ុន្តែថែមទាំងធ្វើឱ្យយើងមានថាមពល មានសុខភាពល្អ និងអាយុវែង៕
អត្ថបទដោយ៖ សារួ