សព្វថ្ងៃនេះ មិនទាន់មានការស្រាវជ្រាវជាក់លាក់ណាមួយ បានបញ្ជាក់ថាការផឹកតែទឹកដោះគោច្រើនធ្វើឱ្យមានកូននោះទេ ប៉ុន្តែមានករណីខ្លះ ស្រ្តី និងបុរសផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនច្រើន និងជាតិស្ករលើសកម្រិតជាប្រចាំថ្ងៃនោះ មិនត្រឹមតែប៉ះពាល់ដល់ការបន្តពូជទេ បង្កឱ្យកើតជំងឺទឹកនោមផ្អែម និងសម្រស់ចាស់ជាងវ័យទៀត។
យោងតាមគេហទំព័រសុខភាព vnexpress បានចុះផ្សាយថា មានការសិក្សាមួយចំនួនបង្ហាញថា ការផឹកជាតិកាហ្វេអ៊ីនច្រើនពេកនាំឱ្យប៉ះពាល់ដល់សមត្ថភាពក្នុងការមានគភ៌តាមធម្មជាតិ ហើយបង្កមានហានិភ័័យដល់ការរលូតកូន និងពិការភាពពីកំណើតរបស់កូនផងដែរ។ ករណីប៉ះពាល់ខ្លាំងបែបនេះ ព្រោះការផឹកកាហ្វេចាប់ពី ៣ទៅ៦កែវក្នុងមួយថ្ងៃហើយបន្ថែមជាតិស្ករច្រើននេះឯង។ អាចនិយាយថា ស្ករជាប្រភពនៃជំងឺច្រើនមុខរបស់មនុស្សសព្វថ្ងៃនេះ។
បើអ្នកពិសារតែទឹកដោះគោមួយកែវដាក់ស្ករច្រើន វាជាបញ្ហាធាត់ជាបញ្ហាទីមួយទៅហើយ។ យោងតាមសមាគមជំងឺបេះដូងសហរដ្ឋអាមេរិកបានកំណត់ថា ស្ត្រីត្រូវការជាតិស្ករត្រឹមតែ ៦ស្លាបព្រាកាហ្វេ (២៥ក្រាម) ក្នុងមួយថ្ងៃ និងសម្រាប់បុរសត្រូវការជាតិស្ករប្រហែល ៩ស្លាបព្រាកាហ្វេ (៣៧,៥ក្រាម)ក្នុងមួយថ្ងៃ។ យល់ល្អ! បុរស និងស្រ្តីគួរផឹកទឹកដោះគោអត់ស្ករ និងស្ករតិចគឺល្អដល់សុខភាព។
ព្រោះរបបអាហារដែលសម្បូរជាតិស្ករ វាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការបញ្ចេញពងអូវុល អ័រម៉ូនបន្តពូជ... ការទទួលទានជាតិស្ករច្រើនពេកក្នុងតែទឹកដោះគោ និងកាហ្វេអាចនាំឱ្យអតុល្យភាពអ័រម៉ូន វដ្តរដូវ កាត់បន្ថយគុណភាពស៊ុតបង្កកំណើត បង្កើនហានិភ័យធាត់ ជំងឺទឹកនោមផ្អែម និងប៉ះពាល់ដល់សមត្ថភាពក្នុងការមានគភ៌ផងដែរ។
តាមអនុវេជ្ជបណ្ឌិតថា Tran Ngoc Van Anh ជាអ្នកជំនាញបន្តពូជបានលើកឡើងថា មុនយកកូនគួរតែកាត់បន្ថយទឹកដោះ និងកាហ្វេដាក់ស្ករច្រើន។ បុរសនិងស្រ្តីគួរផ្តល់អាទិភាពដល់ទឹកផ្លែឈើសុទ្ធ ញ៉ាំផ្លែឈើស្រស់ៗ ជាច្រើន ដូចជា ប៊្លូបឺរី ស្ត្របឺរី ផ្លែប័រ ផ្លែប៉ោម និងផ្លែក្រូចឆ្មារ ... ដើម្បីបន្ថែមវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មសម្រាប់ប៉ូវរាងកាយរឹងមាំ។ ជាតិស្ករពីធម្មជាតិល្អដល់ការមានកូន ហើយអ្នកគួរតែផឹកទឹកឱ្យបានច្រើនដើម្បីគាំទ្រដល់ប្រព័ន្ធការរំលាយអាហារ។ ពេលរាងកាយរឹងមាំ កូនមកក៏មានសុខភាពល្អដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព