មានសំណួរថា ពេលខ្ញុំមានអារម្មណ៍តានតឹង ឬស្រ្តេសរាល់ថ្ងៃ ខ្ញុំអាចមានកូនដែរទេ? តាមលោកស្រីវេជ្ជបណ្ឌិត Giang Huynh Nhu ជាអ្នកជំនាញខាងបន្តពូជបានលើកឡើងថា ភាពតានតឹង និងការថប់បារម្ភមិនមែនជាជំងឺទេ ប៉ុន្តែវាធ្វើឱ្យមានការថយចុះសកម្មភាពខួរក្បាល និងរាងកាយឆាប់ចុះខ្សោយ ហើយវាក៏ប៉ះពាល់ភាពដល់ការមានកូនគូជីវិតដែរ។ ការមានសម្ពាធអារម្មណ៍តានតឹងជាប្រចាំថ្ងៃជារឿងតូច តែវាមានសមត្ថភាពធ្វើឱ្យប្តីប្រពន្ធគ្មានកូន។
ហើយលោកស្រីវេជ្ជបណ្ឌិតបានលើកឡើងបន្តថា ពេលស្ត្រីមានភាពតានតឹងរយៈយូរនាំឱ្យមានបញ្ហាអ័រម៉ូនវដ្តរដូវមានការប៉ះពាល់ដល់ការបញ្ចេញពងអូវុល និងកាត់បន្ថយសមត្ថភាពក្នុងការមានគភ៌តាមធម្មជាតិរបស់មនុស្សស្រ្តី។ មនុស្សស្រីជាច្រើនដែលស្ថិតក្រោមភាពតានតឹង មានទំនោរទទួលទានអាហារច្រើន ជាពិសេសអាហាររហ័សមានជាតិខ្លាញ់ ប្រៃផ្អែមលើសកម្រិតជាហេតុនាំឱ្យធាត់លើសគីឡូ។ ពេលស្ថិតនៅក្នុងស្ថានភាពបែបនេះ វាមានហានិភ័យនៃជម្ងឺ polycystic ovary syndrome (PCOS) ដែលបញ្ហាទូទៅគេហៅថា ភាពគ្មានកូនរបស់ស្ត្រី។
បញ្ហាភាពតានតឹងនេះមិនមែនមានចំពោះស្រ្តីនោះទេ សូម្បីបុរសក៏មានការរំខានដល់អ័រម៉ូន កាត់បន្ថយចំនួនមេជីវិតឈ្មោល គុណភាពមេជីវិតក៏ខូចទ្រង់ទ្រាយ សូម្បី DNA ក៏មានភាពមិនប្រក្រតីឌេរ និងចំណង់ផ្លូវភេទក៏អស់ដែរ។ នេះជាហេតុបុរស កាត់បន្ថយអត្រាគ្មានកូន។ សម្រាប់គូស្វាមីភរិយាដែលស្ថិតក្នុងភាពតានតឹងផ្លូវចិត្តខ្លាំងពេក ហើយខំប្រឹងយកកូន វាអាចមានផលវិបាកវិវត្តទៅជាការរលូតកូន ឬកំណើតកូនមិនគ្រប់ខែជាដើម។ និយាយឱ្យងាយស្តាប់! ពេលឪពុកម្តាយមានបញ្ហាអារម្មណ៍បែបនេះអំឡុងពេលយកកូន កូនក៏ទទួលរងឥទ្ធិពលតាមហ្នឹងដែរ។
ដូច្នេះ! បើអ្នកចង់មានកូន ឱ្យកូនមានសុខភាពល្អ ប្តីនិងប្រពន្ធកុំផឹកស្រា ៣ទៅ៦ខែ ហើយដាក់វិន័យលើខ្លួនឯងឱ្យហាត់ប្រាណ ដើម្បីប៉ូវមេជីវិតឱ្យមានសុខភាព កូនកើតមកក៏មានគុណភាពដែរ។ ជាពិសេសប្តីប្រពន្ធត្រូវមើលថែផ្លូវចិត្តគ្នាឱ្យបានល្អ ចេះយល់ចិត្ត ចេះផ្តល់ក្តីស្រឡាញ់ និងផ្តល់ភាពកក់ក្តៅឱ្យគ្នាទៅវិញទៅមក ដើម្បីយកកូន ធ្វើឱ្យកូនគ្មានបញ្ហាអ្វីទាំងអស់ពេលកើតមក៕ អត្ថបទដោយ៖ ទ្រ សុភាព