ជំងឺគ្រុនឈាម គឺជាជំងឺឆ្លងមេរោគដែលត្រូវបានបញ្ជូនមកមនុស្សតាមរយៈសត្វមូសខ្លា ។ ជំងឺនេះកើតមានជារៀងរាល់ឆ្នាំ ជាពិសេសនៅតំបន់ត្រូពិច និងអាស៊ីអាគ្នេយ៍ដែលមានភ្លៀងច្រើន ដែលជាជម្រកសម្រាប់សត្វមូសខ្លាពងបន្តពូជ។ ជំងឺគ្រុនឈាមអាចប៉ះពាល់ដល់មនុស្សរាប់លាននាក់ក្នុងមួយឆ្នាំៗ ហើយក្នុងករណីមិនបានព្យាបាលឱ្យទាន់ពេលវេលាទេនោះអាចនាំឱ្យមនុស្សបាត់បង់ជីវិតថែមទៀតផង។
ទោះជាយ៉ាងណា ករណីភាគច្រើននៃជំងឺគ្រុនឈាមក៏អាចជាស្រាលមិនសូវមានករណីដែលធ្ងន់ធ្ងរច្រើននោះទេ ប៉ុន្តែទោះជាយ៉ាងអ្នកឆ្លងជំងឺនេះត្រូវមានការតាមដានឱ្យបានដិតដល់ ទោះក្នុងករណីស្រាលក៏ដោយក៏វាអាចបង្កទៅជាគ្រោះថ្នាក់បានយ៉ាងផុយស្រួយដែរនៅពេលដែលប្លាកែតឈាមចាប់ផ្ដើមចុះទាប។ ប្លាកែតគឺជាកោសិកាតូចៗនៅក្នុងឈាម ដែលជួយឱ្យឈាមកក និងទប់ស្កាត់ការហូរឈាម។ នៅពេលដែលចំនួនប្លាកែតធ្លាក់ចុះ ដល់កម្រិតគ្រោះថ្នាក់ អ្នកជំងឺអាចប្រឈមនឹងការហូរឈាមខ្លាំង និងផលវិបាកធ្ងន់ធ្ងរ ដល់ថ្នាក់ប៉ះពាល់ដល់ជីវិត។
ផ្អែកតាមគេហទំព័រ The Healthsite ខាងក្រោមនេះគឺរោគសញ្ញាសំខាន់ៗនៃជំងឺគ្រុនឈាមដែលអ្នកគួរតែប្រុងប្រយ័ត្ន បើកើតឡើងគួរទៅពិនិត្យជាមួយគ្រូពេទ្យភ្លាមៗ៖
១. គ្រុនក្តៅខ្លាំងភ្លាមៗ៖ សីតុណ្ហភាពរាងកាយអាចកើនឡើងពី 40°C ដល់ 41°C ។ ជារឿយៗកើតឡើងក្នុងរយៈពេល 2 ទៅ 3 ថ្ងៃ។ ប្រសិនបើគ្រុនក្តៅលើសពី 2 ទៅ 3 ថ្ងៃ ត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត។
២. ឈឺក្បាល និងឈឺភ្នែក៖ ការឈឺក្បាលប្រកាំងជាធម្មតាកើតឡើងនៅផ្នែកម្ខាងនៃក្បាល និងស្ថិតនៅខាងក្រោយភ្នែកម្ខាង ឬក្នុងតំបន់ភ្នែក ការឈឺចាប់នេះអាចកើនឡើងជាមួយនឹងចលនានៃភ្នែក ឬការប៉ះពាល់នឹងពន្លឺភ្លឺ។
៣. ក្អួត ចង្អោរ៖ រោគសញ្ញាមួយទៀតដែលអ្នកអាចសម្គាល់បាននៅពេលកើតជំងឺគ្រុនឈាម អ្នកជំងឺរមែងមានអាការៈ ក្អួត ចង្អោរ ឥតឈប់ឈរ ដែលវាគឺជារោគសញ្ញាមួយកើតឡើងនៅដំណាក់កាលដំបូងបន្ទាប់ពីគ្រុនក្ដៅ។ រោគសញ្ញាអាចកាន់តែអាក្រក់ទៅៗប្រសិនបើអ្នកមិនបានចាប់អារម្មណ៍ហើយអាចបង្កទៅជាខ្សោះជាតិទឹកក្នុងខ្លួននិងអស់កម្លាំង។ តែបើក្នុងករណីដែលអ្នកកើតជំងឺគ្រុនឈាមហើយក្អួតមិនឈប់ គួរទៅពិគ្រោះជាមួយគ្រូពេទ្យព្រោះវាជាផលវិបាកនៃការឆ្លង។
៤. កន្ទួលលើស្បែក និងមានអុជក្រហម៖ អ្នកជំងឺគ្រុនឈាមមានកន្ទួលរមាស់ក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃនៅពេលចាប់ផ្ដើមគ្រុនក្ដៅ។ វាអាចមានទម្រង់ជាស្នាមក្រហម ឬចំណុចតូចៗ ដូចជាជំងឺកញ្ជ្រឹលដែរ។ អាការៈបែបនេះកើតឡើងនៅពេលដែលសរសៃឈាមខូច ហើយប្លាកែតឈាមមិនគ្រប់គ្រាន់។ កន្ទួលលើស្បែកក៏អាចបណ្តាលមកពីរមាស់ក្នុងករណីខ្លះ ទោះយ៉ាងណាក៏ដោយ នេះគឺជាសញ្ញាដំបូងនៃការឆ្លងមេរោគដែលកំពុងដំណើរការ។
៥. ហូរឈាមតាមអញ្ចាញធ្មេញ ឬឈាមច្រមុះ៖ ការហូរឈាមដោយមិនដឹងពីមូលហេតុគឺជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាគ្រោះថ្នាក់បំផុតនៃជំងឺគ្រុនឈាម ព្រោះវាកើតឡើងនៅពេលដែលកម្រិតនៃប្លាកែតមានកម្រិតទាបពេក។ ការហូរឈាមបែបនេះអាចចេញមកក្នុងទម្រង់នៃការហូរឈាមអញ្ចាញធ្មេញពេលដុសធ្មេញ។ សញ្ញាបែបនេះមិនត្រូវមើលរំលងឡើយ ព្រោះវាអាចចង្អុលទៅរកជំងឺគ្រុនឈាមធ្ងន់ធ្ងរ។
៦. ឈឺសាច់ដុំ សន្លាក់ និងឆ្អឹង៖ គ្រុនឈាមត្រូវបានគេហៅជាទូទៅថាជាជំងឺគ្រុនក្តៅបាក់ឆ្អឹង ដោយសារភាពមិនស្រួលខ្លាំងដែលវាប៉ះពាល់ដល់សាច់ដុំ សន្លាក់ និងឆ្អឹង។ អ្នកជំងឺជួបប្រទះភាពមិនស្រួលខាងរាងកាយធ្ងន់ធ្ងរ ដែលធ្វើឱ្យពេលធ្វើចលនាទៅមានការឈឺចាប់។ ការឈឺចាប់រាងកាយទាំងនេះគឺខ្លាំងជាងបើប្រៀបធៀបទៅនឹងការអស់កម្លាំងរាងកាយធម្មតាដែលកើតមានចំពោះជំងឺធម្មតាដូចជាការឆ្លងមេរោគ។
៧. ភាពអស់កម្លាំងធ្ងន់ធ្ងរ និងការថប់បារម្ភ៖ ជំងឺគ្រុនឈាម ធ្វើឱ្យរាងកាយបាត់បង់ថាមពល បើទោះបីជាអ្នកបានគេងគ្រប់គ្រាន់ហើយក៏ដោយ ក៏នៅតែមានអារម្មណ៍ថាអស់កម្លាំងដែរ។ អ្នកជំងឺក៏អាចមានអារម្មណ៍មិនស្ងប់ និងមានអារម្មណ៍ថាហត់នឿយឥតឈប់ឈរដែរ។
រោគសញ្ញាដែលបានរៀបរាប់ខាងលើនេះមើលទៅមានលក្ខណៈស្រដៀងគ្នានឹងជំងឺគ្រុនផ្ដាសាយ តែយ៉ាងណាប្រសិនបើមានលេចចេញនូវអាការៈណាមួយមិនប្រក្រតី ឬកើតមានជំងឺគ្រុនឈាមសូមទៅជួបគ្រូពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ កុំពឹងផ្អែកលើថ្នាំខ្លួនឯង ព្យាយាមផឹកទឹកឱ្យបានច្រើន និងគេងឱ្យគ្រប់គ្រាន់ ហើយប្រកាន់ខ្ជាប់នូវថ្នាំដែលផ្តល់ដោយគ្រូពេទ្យជំនាញ។ ជំងឺនេះមិនធ្វើឱ្យអ្នកបាត់បង់ជីវិតទេ ប្រសិនធ្វើរោគវិនិច្ឆ័យឃើញពីដំបូង និងទទួលបានការព្យាបាលឱ្យទាន់ពេល និងត្រឹមត្រូវ៕
អត្ថបទដោយ៖ សារួ