ជំងឺរលាកស្រោមខួរក្បាល គឺជាការរលាកនៃសារធាតុរាវ និងភ្នាស (meninges) ជុំវិញខួរក្បាល និងខួរឆ្អឹងខ្នង។ ផ្អែកទៅតាមប្រភព mayoclinic បានពន្យល់ឱ្យដឹងថា ករណីភាគច្រើននៃជំងឺរលាកស្រោមខួរនៅសហរដ្ឋអាមេរិក គឺបណ្តាលមកពីការឆ្លងមេរោគ ប៉ុន្តចំពោះការឆ្លងមេរោគបាក់តេរី ប៉ារ៉ាស៊ីត និងផ្សិត គឺជាមានមូលហេតុផ្សេងៗទៀត។
ក្រុមអ្នកជំងឺរលាកស្រោមខួរនៅក្នុងពិភពលោក ត្រូវបានគេសង្កេតឃើញមានអត្រាកើតខ្ពស់បំផុតចំពោះកុមារអាយុក្រោម ១ឆ្នាំ និងអាចកើតឡើងជាលើកទី២ក្នុងវ័យជំទង់។ ជាមួយគ្នានេះ ជាទិន្នន័យក្នុងចំណោមមនុស្សជំទង់ និងមនុស្សពេញវ័យ មនុស្សដែលមានអាយុចាប់ពី ១៦ ដល់ ២៣ ឆ្នាំ មានអត្រាកើតជំងឺរលាកស្រោមខួរច្រើនជាងគេ។
ចំពោះរោគសញ្ញានៃជំងឺរលាកស្រោមខួរ គឺគេបែងចែកដាច់ចេញជា២ ទៅតាមវ័យ៖
១. រោគសញ្ញា កើតមានចំពោះអ្នកជំងឺមានអាយុលើសពី ២ឆ្នាំឡើងទៅដល់មនុស្សពេញវ័យរួមមាន:
+ ជំងឺរលាកស្រោមខួរដំបូង ស្រដៀងទៅនឹងជំងឺគ្រុនផ្តាសាយ
+ រោគសញ្ញាកើតបន្ទាប់ ប្រែឈឺក្បាលធ្ងន់ធ្ងរខុសពីធម្មតា ចង្អោរ ឬក្អួត
+ ភាពច្របូកច្របល់ ឬពិបាកក្នុងការផ្តោតអារម្មណ៍
+ អាចមានអាការប្រកាច់
+ ងងុយគេង ឬពិបាកក្នុងការភ្ញាក់
+ ពិបាកក្នុងការត្រូវពន្លឺថ្ងៃ
+ មិនមានចំណង់អាហារ ឬស្រេកទឹក
+ ឡើងកន្ទួលលើស្បែក។
២. រោគសញ្ញាកើតលើទារកទើបនឹងកើត និងក្មេងអាយុក្រោម២ឆ្នាំ៖
+ គ្រុនក្តៅខ្លាំង
+ យំឥតឈប់ឈរ
+ ងងុយគេងខ្លាំង ឬឆាប់ខឹង
+ ពិបាកក្នុងការភ្ញាក់ពីដំណេក
+ អសកម្ម ឬសកម្មភាពយឺតយ៉ាវ
+ មិនងាយភ្ញាក់ ដើម្បីបៅ ឬញុំាអ្វី
+ មិនចង់ញុំាអ្វី ក្អួត
+ មានដុំពកនៅលើក្បាលទារក (fontanel)
+ រឹងខ្លួន និងក។
ក្នុងករណីអ្នកជំងឺគួរតែ គួរតែទៅពិនិត្យបន្ទាន់ ត្រូវសង្កេតទៅលើអាការចម្បងរួមមានដូចជា៖ គ្រុន ឈឺក្បាលធ្ងន់ធ្ងរមិនឈប់ឈរ ភាពច្របូកច្របល់ ក្អួក និងរឹងកងាកមិនកើត។
គូសបញ្ជាក់បន្ថែមដែរថា ជំងឺរលាកស្រោមខួរដោយសារបាក់តេរី គឺជាប្រភេទជំងឺកម្រិតធ្ងន់ធ្ងរ ហើយអាចស្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃ ដោយគ្មានការព្យាបាលអង់ទីប៊ីយ៉ូទិកភ្លាមៗ។ ចំណែកឯករណីទៅទទួលយកការព្យាបាលយឺតយ៉ាវ អាចបង្កើនហានិភ័យធ្វើឱ្យខូចខាតខួរក្បាលជាអចិន្ត្រៃយ៍ ឬស្លា.ប់៕
អត្ថបទដោយ៖ ប៉ាវ ភក្តី