ប្រជាជនខ្មែរយើងភាគច្រើនប្រាកដជាបានស្គាល់ផ្លែននោងប្រភេទនេះហើយ ហើយននោងនេះក៏ជាការពេញនិយមក្នុងការបរិភោគផងដែរ ដូចជាយកមកស្ងោរ ឬ ធ្វើអន្លក់ផ្ទាប់ជាមួយទឹកគ្រឿងជាដើម។ ទៀតសោត ននោងនេះមានរសជាតិឆ្ងាញ់ ហើយក្នុងនោះវាក៏សម្បូរទៅដោយគុណប្រយោជន៍ដ៏ច្រើន ដែលសឹងតែអ្នកបរិភោគមួយចំនួននឹកស្មានមិនដល់។
នៅក្នុងប្រភព Kalamtime បាននិយាយថា ននោងប្រភេទនេះគឺ មានគុណប្រយោជន៍ជាច្រើនដូចជា ជាប្រភពសារធាតិរ៉ែ ជាតិខ្លាញ់ល្អ សម្បូរសារធាតុចិញ្ចឹម លីពីត ជាដើម។ បន្ថែមពីនេះ វាជាបន្លែដែលផ្ទុកវីតាមីនជាច្រើនមុខដូចជា វីតាមីនB5, វីតាមីនB6, វីតាមីនC, ជាតិម៉ង់ហ្គាណែស, ប៉ូតាស្យូម,ជាតិដែក,ជាតិម៉ាញ៉េស្យូម,ជាតិទង់ដែង និងជាតិកាកសរសៃចំណីអាហារពេញលេញល្អ។
ដោយឡែកទាក់ទងនឹងសម្រស់ ដោយសារតែននោងពោពេញទៅដោយវីតាមីនច្រើនមុខនិង ជាប្រភពអាហារកាកសរសៃ ដូចនេះវាបានជួយសម្រួលប្រព័ន្ធរំលាយអាហារនិង ជំរុញដល់ការបន្ទរបង់បានល្អ ជួយកម្ចាតិជាតិពុលចេញពីរាងកាយ ធ្វើស្បែកស្រស់ថ្លា និងមានសំណើមល្អ ជួយផ្ដល់ជាតិទឹកដល់ស្បែក និងជួយថែរក្សាការឡើងទម្ងន់ថែមទៀតផង។
យ៉ាងណាមិញ ផ្លែននោងនេះក៏ជាឱសថជួយទប់ស្កាត់និងព្យាបាលជំងឺកាចសាហាវមួយចំនួនផងដែរ ដូចជាជំងឺទឹកនោមផ្អែម សម្រួលសរសៃឈាមបេះដូង ជួយកាត់បន្ថយកាឡូរីក្នុងរាងកាយ បញ្ចុះជាតិខ្លាញ់ និងវាជួយកាត់បន្ថយទ្រីគ្លីសេរីដ ទប់ស្កាត់ហានិភ័យនៃជំងឺបេះដូង ។ ពិសេសជាងនេះ វាក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ ប្រឆាំងជាមួយបាក់តេរី វីរុសផ្សេងៗ។
ដូចដែលបានរៀបរាប់ដូចខាងលើនេះ ជាគុណប្រយោជន៍ដ៏មហាសាលរបស់ផ្លែននោង ដូចនេះ ប្រសិនបើលោកអ្នកចូលចិត្តបន្លែមួយប្រភេទនេះ សូមកុំមើលរំលងពីគុណប្រយោជន៍នៃបន្លែនេះឱ្យសោះណា។
អត្ថបទដោយ៖ តឹក ស៊ីថា