ជំងឺ
មើលៗផង! សញ្ញាសាមញ្ញ ៥ នេះបង្ហាញថ្លើមរបស់អ្នកអាចកំពុងមានបញ្ហា
Pov Saru
October 6 2025
98 views

នរណាខ្លះធ្លាប់មានអាការៈឈឺខ្នង ពេលខ្លះត្រូវភ្ញាក់ឡើងទាំងកណ្ដាលយប់ព្រោះតែសុខៗឈឺមិនដឹងមូលហេតុ។ អាការៈទាំងនេះយើងរមែងគិតថា វាកើតឡើងដោយសារតែទម្រងដេកមិនល្អ ឬដោយសារសាច់ដុំ។ តែការពិតមិនដូច្នេះទាំងស្រុងទេ វាអាចជាសញ្ញានៃសុខភាពថ្លើមដែរ។ ថ្លើម របស់មនុស្សយើងជាទូទៅស្ថិតនៅ ផ្នែកខាងស្តាំខាងលើ នៃក្រពះ ក្រោមឆ្អឹងជំនីរ។ ពេលវាហើម រឺរលាក ដោយសារជំងឺ ឬការប្រើប្រាស់ថ្នាំខ្លាំងពេក អាចបង្កើតសម្ពាធលើសាច់ដុំ និងសរសៃប្រសាទ។ សម្ពាធនេះជារឿយៗរាលដាលទៅ ខ្នង និងស្មា ហើយធ្វើឱ្យអ្នកមានអារម្មណ៍ឈឺចាប់ពិសេសនៅពេលដេកលក់។ ផ្អែកតាមវេបសាយ The Healthsite ខាងក្រោមនេះជាសញ្ញាចំនួន ៥ ដែលបង្ហាញថាថ្លើមរបស់អ្នកអាចមានបញ្ហា៖

១. ឈឺខ្នងពេលយប់៖ ថ្លើមស្ថិតនៅក្រោមឆ្អឹងជំនីរខាងស្តាំ ហើយនៅពេលដែលវារលាក ឬហើម ការឈឺចាប់នឹងរាលដាលដល់ខ្នង និង ស្មា។ ការឈឺចាប់បែបនេះកើតឡើងកាន់តែច្រើននៅពេលយប់នៅពេលដេកលក់ដោយសារតែសម្ពាធលើថ្លើម។ 

២. ស្បែក ឬភ្នែកឡើងលឿង (ជំងឺខាន់លឿង)៖ សញ្ញាមួយក្នុងចំណោមសញ្ញាផ្សេងទៀតដែលបង្ហាញថាខូចមុខងារនៃថ្លើមគឺជំងឺ ខាន់លឿង។ វាជាស្ថានភាពដែលថ្លើមមិនអាចដំណើរការប៊ីលីរុយប៊ីនបានត្រឹមត្រូវ ជាសារធាតុពណ៌លឿងដែលផលិតកំឡុងពេលបំផ្លាញកោសិកាឈាមក្រហម។ ជំងឺ ខាន់លឿង ក៏អាចមានរោគសញ្ញាផ្សេងទៀតដូចជាទឹកនោមមានពណ៍ងងឹត និងលាមកស្លេក។ ទឹកនោមពណ៌ត្នោតងងឹត និងលាមកស្លេក គឺជាសញ្ញាមួយដែលបង្ហាញថាថ្លើមរបស់អ្នកកំពុងមានបញ្ហា។ 

៣. រមាស់ស្បែកគ្មានហេតុផល៖ ប្រសិនបើសុខៗស្បែករបស់អ្នកចាប់ផ្ដើមរមាស់ហើយគ្មានកន្ទួលសោះដល់មិនអាចបកស្រាយបាន វាអាចជាសញ្ញាផ្សាភ្ជាប់ជាមួយនឹងដំណើរការខុសប្រក្រតីនៃថ្លើម។ មុខងារថ្លើមខ្សោយធ្វើឱ្យអំបិលទឹកប្រមាត់ប្រមូលផ្តុំនៅក្នុងចរន្តឈាម ហើយក្នុងករណីនោះ ស្ថានភាពនេះធ្វើឱ្យរលាកជាលិកាសរសៃប្រសាទនៅក្នុងស្បែក។ លទ្ធផលគឺជាការរមាស់ទូទៅដែលកើតមានជាញឹកញាប់នៅពេលយប់ ហើយជាធម្មតាចាប់ផ្តើមនៅបាតដៃ និងបាតជើង មុនពេលរាលដាលដល់ផ្នែកផ្សេងទៀតនៃរាងកាយ។

៤. ហើមពោះ ឬឈឺចាប់ដែលមិនអាចពន្យល់បាន៖ ក្បាលពោះរឹង និងហើមនៅផ្នែកខាងស្តាំខាងលើអាចជាសញ្ញាបង្ហាញថា ថ្លើមអ្នកហើម ឬផ្ទុកលើសទម្ងន់។ ដោយសារថ្លើមមានការលំបាកក្នុងដំណើរការជាតិពុល ហើយនៅពេលដែលសារធាតុរាវបំពេញថ្លើម អ្នកអាចមានអារម្មណ៍ថាថ្លើមពេញ ឬហើម។ នេះអាចវិវឌ្ឍក្នុងករណីធ្ងន់ធ្ងររហូតដល់ ascites ឬសារធាតុរាវកកកុញក្នុងពោះ ដែលជារោគសញ្ញាធ្ងន់ធ្ងរនៃជំងឺថ្លើម។

៥. ទឹកនោមមាពណ៍ខ្លាំង និងលាមកស្លេក៖ ការវិវត្តន៍នៃពណ៌ទឹកនោម និងលាមកអាចប្រាប់បានច្រើនអំពីស្ថានភាពថ្លើម។ ពណ៌ត្នោតខ្មៅទៅជាពណ៌តែ ទឹកនោមមានន័យថាមានបរិមាណប៊ីលីរុយប៊ីនច្រើនក្នុងឈាម ហើយលាមកពណ៌ស្លេក ឬជាពណ៍ដីឥដ្ឋបង្ហាញថា ទំនាក់ទំនងថ្លើមឈាមទៅពោះវៀនត្រូវបានស្ទះ។ ជារឿយៗជំងឺទាំងនេះគឺជាសញ្ញាដំបូងនៃជម្ងឺថ្លើម។ 

ដូច្នេះបើលោកអ្នកសង្កេតឃើញខ្លួនឯងមានរោគសញ្ញាណាមួយខុសប្រក្រតី ត្រូវតែទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព ក៏ដូចជាពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីការពារនិងព្យាបាលឱ្យបានទាន់ពេលវេលា៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 36

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia