កីឡាបាល់ទាត់ជាកីឡាមួយ ដែលយុវជនមានការពេញនិយមក្នុងការលេង ដើម្បីសុខភាព និងភាពសប្បាយរីករាយ។ បើនិយាយពីកីឡាបាល់ទាត់ ជួយដល់បេះដូង សរសៃឈាម និងសម្រកជាតិខ្លាញ់។ ថ្ងៃនេះ យើងមកដឹងពីកីឡាករជម្រើសជាតិ ឈិន ឈឿន អភិវឌ្ឍសុខភាពរាងកាយឱ្យរឹងមាំដោយវិធីណាខ្លះ?
១. ការហ្វឹកហាត់
ការលេងកីឡាបាល់ទាត់ឱ្យខ្លាំងក្នុងកម្រិតមួយ ត្រូវមានចំណងចំណូលចិត្ត និងការព្យាយាមហ្វឹកហាត់។ កីឡាករជម្រើសជាតិកម្ពុជា លោកឈិន ឈឿន ជាកីឡាករពូកែម្នាក់ ដែលអាចលេងជាខ្សែប្រយុទ្ធស្លាបស្តាំ បាននិយាយថា ខ្ញុំមានក្តីស្រមៃមួយ ចង់ជាប់ជាកីឡាករជម្រើសជាតិម្នាក់ ទោះបីខ្ញុំមានការបរាជ័យជាច្រើន តែខ្ញុំនៅមានតាំងចិត្តថា ព្យាយាមគង់បានសម្រេច។ ពេលហ្វឹកហាត់កីឡា ហាត់ម៉ោង៦ ខ្ញុំតែងតែងើបមកហ្វឹកហាត់មុនគេ នៅម៉ោង ៥ ហើយការព្យាយាមឆ្លងកាត់ការលំបាកជាច្រើននេះ ធ្វើឱ្យខ្ញុំសម្រេចគោលដៅរបស់ខ្ញុំ។” ការស្រឡាញ់ផ្នែកកីឡាបាល់ទាត់នេះ ធ្វើឱ្យលោកមានការព្យាយាមហ្វឹកហាត់រហូតមានគេថា ដូចជាមនុស្សឆ្កួត ដូចជាចងកង់ឡាននឹងចង្កេះ ដើម្បីរត់ឱ្យបានលឿន។
២. រៀនសូត្រពីអ្នកដទៃ
ការរៀនសូត្រពីអ្នកដទៃ ធ្វើឱ្យខ្លួនមានការរីកចម្រើន និងសុខភាពរឹងមាំ។ លោកឈិន ឈឿន បាននិយាយថា ពេលខ្ញុំបានទៅលេងការប្រកួតថ្នាក់ជាតិនៅខាងក្រៅប្រទេស ខ្ញុំបានចាប់អារម្មណ៍រឿងមួយ គឺកីឡាកររបស់គេមានកាយសម្បទាមាំទាំ និងលេងបានល្អ ខ្ញុំតែងរៀនសូត្រពីគេ។ ពេលត្រឡប់មកវិញ ខ្ញុំតែងធ្វើការហ្វឹកហាត់កាយសម្បទា ឬបង្កើតសាច់ដុំ ជួយកាត់បន្ថយការរងបួសធ្ងន់ផងដែរ។” ការហាត់ប្រាណលើកទម្ងន់នេះ តាមការស្រាវជ្រាវបានបង្ហាញថា ការធ្វើលំហាត់ប្រាណដោយការលើកទម្ងន់ ឬGym អាចជួយបង្កើនម៉ាសឆ្អឹង និងការពារជំងឺពុកឆ្អឹង។ ពីព្រោះថា កីឡាករបាល់ទាត់ ភាគច្រើនមានបញ្ហាឈឺសន្លាក់ ការហាត់ប្រាណនេះ ជួយដោះស្រាយបញ្ហានេះ។ សូម្បីលោកឈិន ឈឿន បាននិយាយថា ពេលគាត់មានកាយសម្បទារឹងមាំ និងសាច់ដុំ ទោះបីមានរបួស ក៏ជាសះស្បើយបានលឿនដែរ។
ដូចនេះ ការហាត់ប្រាណនាំឱ្យសុខភាពរឹងមាំ។ សម័យកូវិដនេះ យើងអាចហាត់ប្រាណនៅផ្ទះដូចជាដើរ រត់ៗ និងលំហាត់ប្រាណផ្សេងៗ ។ ដើម្បីការពារកូវីដ ១៩ នេះ តាមវិធានការណ៍របស់រដ្ឋាភិបាល ០៣កុំ ០៣ការពា៕
អត្ថបទដោយ៖ ទ្រ សុភាព