ចិត្តសាស្ត្រ
លោក ខិន ហន បញ្ជាក់ថា គោលការណ៍ ៤នេះ បង្កើនទំនុកចិត្តពីដៃគូរកស៊ីក្លាយជាដៃគូជីវិតមានចិត្តតែ១
Tror Sopheap
November 11 2023
2.6 K views

នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ តែងតែមានដៃគូផ្សេងៗដូចជាដៃគូរកសុី ដៃគូសិក្សា ដៃគូកីឡា និងជាពិសេសគឺគូជីវិត។ ដៃគូផ្សេងៗអាចងាយនឹងរកបាន ឬងាយនឹងចងចំណងមិត្តភាពណាស់ ផ្ទុយទៅវិញដៃគូជីវិតមិនងាយស្រួលរកឡើយ។ មុននឹងបានសម្រេចចិត្តចាប់ដៃគ្នាធ្វើដំណើរពេញមួយជីវិតនោះ គ្រប់គ្នាតែងមានជម្លោះ បញ្ហាមិនចុះសម្រុងនឹងគ្នា បញ្ហាតូចធំយ៉ាងច្រើនស្ទើរតែរាប់មិនអស់ឡើយ។ តាមលោក ខិន ហន (Ken Horn) ជាសហស្ថាបនិកហាងកាហ្វេ Mindfulness Coffee and Bakery បានចែករំលែកបទពិសោធន៍គូជីវិតដែលគាត់បានឆ្លងកាត់ខ្លះ និងវិធីសាស្រ្តមួយចំនួនជាគន្លឹះម្បីដោះបញ្ហាពេលដៃគូជំនួញ ឬដៃគូជីវិតមិនចុះសម្រុងនឹងគ្នាម្តងៗ។ គាត់បានដំណើរឆ្លងកាត់ជាមួយដៃគូរបស់លោកអស់រយៈពេលជាច្រើនឆ្នាំមក គឺមានពេល ៤ឆ្នាំ ចាប់ផ្តើមពីការស្រឡាញ់គ្នាលើកដំបូងរហូតហ៊ានដឹកដៃគ្នាចេញរកស៊ីបើកហាងកាហ្វេរួមគ្នានៅដើមឆ្នាំ ២០២១ ទើបតែថ្មីៗនេះគឺនៅថ្ងៃទី ០៥​ វិច្ឆិកា ២០២៣​ ដែលលោកទាំងពីរសម្រេចចិត្តនាំចាស់ទុំស្គាល់គ្នា និងបានធ្វើពិធីសិរីមង្គលភ្ជាប់ពាក្យតាមផ្លូវច្បាស់ និងប្រពៃណីខ្មែរ ឲ្យក្លាយជាយជាគូជីវិពេញលេញ។ លោក ខិន ហន មានគោលការណ៍ចំនួន៤ សម្រាប់អ្នកមានដៃគូផ្សេងទៀតយកធ្វើជាមេរៀន ឬលំនាំដែលអាចយកទៅប្រើក្នុងទំនាក់ទំនងជីវិតបាន។

គោលការណ៍ទី១. ចេះគោរពគ្នាទៅវិញទៅមក៖ ភាពជាដៃគូត្រូវមានក្រមសិលធម៌ចេះគោរពគ្នា ឱ្យតម្លៃគ្នា ទើបអាចរស់នៅជាមួយគ្នាបានសុខ និងមិនបែកបាក់គ្នា។ តាមលោក ខិន ហន មានប្រសាសន៍ថា សម្រាប់ដៃគូរបស់ខ្ញុំ យើងក៏ធ្លាប់មានបញ្ហាក្នុងពេលធ្វើការ ក៏លោះគ្នា ក៏ចេះអន់ចិត្តនឹងគ្នាដែរ ពេលខ្លះតូច ពេលខ្លះធំ ប៉ុន្តែពួកយើងនៅតែប្រកាន់ខ្ជាប់ក្រមសីលធម៌គោរពគ្នាទៅវិញទៅមក។ គឺប្រកែកគ្នា និងខឹងគ្នាតែមិននិយាយពាក្យអសុរោះដាក់គ្នាឡើយ។ នេះជាគោលការណ៍ទីមួយនេះ ពេលយើងឈ្លោះគ្នា នៅតែហៅគ្នា “អូននិងបង” ដដែល។ ប៉ុន្តែនៅក្នុងករណីខ្លះ យើងមានចិត្តខឹងគ្នាខ្លាំងមែនទែន ក៏ប្រើពាក្យថា “ខ្ញុំ” ​ “me” “You” លែងប្រើពាក្យ អូនបងទៀតហើយ។ ការប្រើពាក្យថា “ខ្ញុំ” ​ “me” “You” ជាការផ្តល់សញ្ញាថា ម្នាក់ៗ ខឹងខ្លាំងហើយ។ អីចឹងហើយ យើងក៏ឈប់ប្រែកគ្នាមួយរយៈសិន ដកខ្លួនចេញពីបញ្ហាដើម្បីឱ្យចិត្តរបស់យើងទាំងពីរស្ងប់រៀងៗខ្លួនបន្តិច ប្រហែលស្អែកឡើង ឬក៏ពេលល្ងាច យើងនឹងយល់ពីបញ្ហាច្បាស់។ បើអ្នកដឹងខ្លួនខុស ក៏ផ្តើមសុំទោសគេមុនទៅ។ យើងអត់ប្រើពាក្យប្រមាថមើលងាយគ្នា ឬជេរគ្នា និងហៅគ្នាដាច់សាច់នោះទេ។ ការប្រើពាក្យជេរ ជាការប្រមាថមិនឱ្យតម្លៃដៃគូគ្នានោះទេ ហើយក៏មានគូស្នេហ័ខ្លះ បែកបាក់គ្នានាំឱ្យអស់ចិត្តនឹងគ្នា ក៏ព្រោះតែប្រើពាក្យសម្តីមិនឲ្យតម្លៃកនេះឯង។ ពេលយើងប្រើសម្តីល្អៗ ឱ្យតម្លៃគ្នា ខឹងថ្ងៃនេះ ថ្ងៃស្អែកយើងច្បាស់ជានិយាយចូលគ្នាវិញមិនខានទេ។ ត្រូវចាំថា បើហ៊ានឈ្លោះគ្នារហូតជេរម្តាយឪពុកគ្នាហើយ ស្ថានភាពដៃគូគឺថយតម្លៃបន្តិចម្តងៗហើយ ត្រូវដាក់គោលការណ៍មួយឲ្យម៉ឺងម៉ាត់ឡើងវិញទើបបាន។

គោលការណ៍ទី២. កុំយកសម្តីធំជាងទង្វើរ៖ លោក ខិន ហន បានប្រាប់ថា ពេលយើងស្រឡាញ់គ្នាដំបូង សុំធ្វើជាដៃគូ គឺយើងស្គាល់គ្នាត្រឹមតែ ២០%ទេ ប៉ុន្តែវាក៏ជាទុនមួយនាំឱ្យយើងឱ្យស្គាល់គ្នា ២០% បន្ថែមជារៀងរាល់ពេល។ ដើម្បីបង្កើនទំនុកចិត្តគ្នាបន្ថែមមួយកម្រិតទៀត គឺត្រូវធ្វើឡើងតាមរយៈធ្វើការជាមួយគ្នា និងជួបញ្ហាជាមួយគ្នា ដោះស្រាយបញ្ហាជាមួយគ្នា។ហើយបង្ហាញក្តីស្រឡាញ់តាមទង្វើរឲ្យច្រើនៗ។ ការពិតហើយដែលដំបូងយើងនិយាយលួងលោមគ្នាដោយពាក្យសម្តី តែក៏ត្រូវដឹងថាវានឹងមិនតាំងនៅយូរឡើយ សកម្មភាពទើបធ្វើឲ្យដៃគូយើងជឿជាក់ និងយល់ច្បាស់នឹងភ្នែក។ សកម្មភាពខ្លះពន្យល់ដៃគូយើងយ៉ាងងាយ ងាយជានិយាយទៅទៀត។ មានដៃគូខ្លះ ចាប់ផ្តើមស្រឡាញ់គ្នា គឺគិតថាស្គាល់គ្នាច្បាស់ណាស់ ឬហៅស្រឡលាញ់តាមចិត្តឃ្លាន តាមចិត្តមួយឆាវ ព្រោះសម្តីធំជាងសកម្មភាព សម្រាប់គូដៃបែបនេះ បែកគ្នាក៏លឿនដែរ។ សម្រាប់ខ្ញុំជាមួយដៃគូវិញ យើងមានរឿងរ៉ាវជាច្រើន ដែលយើងមិនទាន់ស្គាល់គ្នាឱ្យច្បាស់នៅឡើយទេ។ ប៉ុន្តែនៅពេលធ្វើការ និងរាប់អានគ្នាយូរៗទៅ សកម្មភាពរបស់យើងបញ្ជាក់ច្បាស់ជាងសម្តី។ ហើយបានជាដៃគូរបស់ខ្ញុំហ៊ានដាក់ទុនចូលរកស៊ីជាមួយគ្នា ព្រោះតែយើងមានភាពម៉ឺងម៉ាត់ ច្បាស់លាស់ គឺទង្វើរខ្លាំងជាងសម្តី ច្បាស់ជាងសម្តី មិនមែនគ្រាន់តែនិយាយថា បងស្រឡាញ់អូន បែរមកសកម្មភាពគ្មានការយកចិត្តទុកដាក់គ្នាសោះនោះទេ។ ការរកស៊ីជាមួយគ្នានេះ ធ្វើឱ្យដៃគូខ្ញុំ និងរូបខ្ញុំ បានស្គាល់គ្នាកាន់តែច្បាស់ថា ពួកក៏ចាប់ផ្តើមសួរខ្លួនក្នុងចិត្តថា តើយើងទាំងពីរសមជាដៃគូនឹងគ្នាដែរទេ? ព្រោះយើងស្គាល់ចិត្តរយៈសម្តី តើសម្តីដែលដៃគូនិយាយហ្នឹងស្របគ្នាជាមួយសកម្មភាពដែរឬអត់? ពេលយើងធ្វើការជាមួយគ្នា គឺយើងដឹងពីអត្តចរិតរបស់គ្នាទៅវិញទៅមកច្បាស់ជាងគេប្រាប់ទៅទៀត។​

គោលការណ៍ទី៣. ឆ្លើយតបបញ្ហាដោយការរៀនសូត្រ៖​ ពេលខ្លះ ដៃគូយើងជួបបញ្ហាលើរឿងអ្វីមួយ តើយើងជួយគ្នាដោយបែបណា? តាមលោក ខិន ហន បានផ្តល់យោបល់ថា ពេលដៃគូរបស់ខ្ញុំមានអារម្មណ៍ម៉ួម៉ៅដោយសារតែបញ្ហាគ្រួសារ បញ្ហាការងារ បញ្ហារកស៊ី... ខ្ញុំមានគោលការណ៍មួយទៀតថា ពេលអូនមានអារម្មណ៍ម៉ួម៉ៅបែបនេះ តើយើងបានរៀនសូត្រអ្វីពីរឿងមួយហ្នឹង? បើយើងគិតតែអារម្មណ៍ម៉ួម៉ៅក្តៅក្រហាយលើរឿងហ្នឹង វាធ្វើឱ្យយើងភ្លេចសតិ ដើម្បីទាញយកប្រយោជន៍ពីបញ្ហាមកដោះស្រាយ។ ពេលវាខុស ហេតុអ្វីបានវាខុស? ហើយយើងគួរឆ្លើយតបក្នុងការដោះស្រាយចំពោះបញ្ហាហ្នឹងដោយរបៀបណា? បើថ្ងៃនេះ យើងលក់អត់ដាច់ទេ ហើយឆ្លើយតបដោយអារម្មណ៍ខឹង ម៉ួម៉ៅ នាំឱ្យខាតសេចក្តីសុខផ្លូវចិត្តថែមទៀត។ បើយើងរវល់តែឈ្លោះគ្នា វាគ្មានផលប្រយោជន៍អ្វីបន្តិចសោះ។ ការឆ្លើយតបដោយខំគិតរកដំណោះស្រាយដទៃ ធ្វើយ៉ាងមិចលក់ដាច់ ឬកែផលិតផលយ៉ាងមិចឱ្យល្អ ឱ្យផលិតផលរបស់យើងឆ្ងាញ់ជាងមុន ការគិតបែបនេះ ធ្វើឱ្យខួរក្បាលគិតមានដំណោះស្រាយលើអាជីកម្ម កុំឱ្យអាជីកម្មដួល ហើយសេចក្តីស្នេហាយើក៏ដូចគ្នារ។

៤. មានទិសដៅអនាគត៖ មានដៃគូខ្លះ ស្រឡាញ់គ្នាគ្មានទិសដៅថា តើអនាគតយើងរួមដៃគ្នាធ្វើអ្វីខ្លះទេ ស្រឡាញ់យូរៗ ក៏អស់ចិត្តនឹងគ្នា ព្រោះតែខ្វះការគាំទ្រគ្នាទៅវិញទៅមក គឺគ្មានទិសដៅនេះឯង។ តាមលោក ខិន ហន បានលើកឡើងពីបទសោធន៍គូស្នេហ៍របស់គាត់ថា ការចាប់ដៃគ្នាពីស្រឡាញ់ដំបូងរហូតចេញរកស៊ីជាមួយគ្នា ព្រោះយើងមានទិសដៅអនាគតដូចគ្នា យើងតែងតែគាំទ្រ និងលើកចិត្តគ្នាក្នុងគ្រាលំបាកជាមួយគ្នា។ ប៉ុន្តែយើងក៏បាននិយាយរួចហើយដែរថា ការចេញរកស៊ីលើកនេះ បើជោគជ័យ គឺយើងនឹងចាប់ដៃគ្នាបន្តដំណើរទៅមុខទៀត និងមានសុភមង្គលជាមួយគ្នា។ បើបរាជ័យវិញ ច្បាស់ជាមានជម្លោះនឹងគ្នា ខឹងគ្នា និងខាតលុយហើយ ឬអាចឈានដល់ចែកផ្លូវគ្នាក៏មានដែរ។ ព្រោះការរកស៊ីជាមួយដៃគូរបស់ខ្ញុំ ជាការសាកល្បងចិត្តតស៊ូជាមួយគ្នាបែបណា ដើម្បីឱ្យស្គាល់ចិត្តគ្នាពី២០%ទៅ៤០% ទៅ ៨០% និង​១០០%។ ខ្ញុំបានឃើញដៃគូជីវិតរបស់ខ្ញុំ គាត់ខំរកស៊ី ខំឆុងកាហ្វេ មានការចំណាយ និងចេះគ្រប់គ្រងលើលុយកាក់បានច្បាស់លាស់​ ព្រោះតែគាត់មានភាពច្បាស់លាស់បែបនេះហើយ រហូតធ្វើឱ្យខ្ញុំមានទំនុកចិត្តនឹងគ្នារហូតមកដល់ពេលនេះជាដៃគូជីវិតនឹងគ្នាផងដែរ។ ត្រូវចាំថាអ្វីៗជាដំណើរ ស្នេហាក៏ជាដំណើរ ជំនួញរកសុីក៏ជាដំណើរ ការបានស្គាល់គ្នាជាដៃគូក៏ជាដំណើរ បើវាជាដំណើរមានន័យថាយើងត្រូវត្រៀមចិត្ត រៀនទទួលគ្រប់រឿងដែលវានឹងកើតមកខាងមុខយើង ហើយមានតែការប្រឹងប្រែងដោយសមត្ថភាពរបស់យើងទេដែលអាចដោះស្រាយបញ្ហាទាំងឡាយបាន ត្រូវជឿជាក់លើដំណើរជីវិត ត្រូវខិតខំធ្វើដើម្បីកែខៃដំណើរជីវិតឲ្យប្រសើរ៕

 អត្ថដោយ៖ ទ្រ សុភភាព 

ហាងកាហ្វេ Mindfulness Coffee and Bakery និងលេខទូរស័ព្ទ៖ 093 616 989

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2823

អត្ថបទថ្មីៗ
#ជំងឺSeptember 8 2025
មិនចង់ខូចតម្រងនោម និងឈឺក្រពះទេ កុំរំលងទម្លាប់ ១នេះនៅពេលព្រឹក
#សម្រស់September 8 2025
មិនបាច់កែសម្ផស្ស! មានតែ ៣ ចំណុចនេះ ធ្វើឱ្យស្រីៗស្រស់ស្អាត ថ្លៃថ្នូរ និងពោរពេញដោយទំនុកចិត្ត
#អាហារSeptember 8 2025
គេងមិនលក់ គេងមិនស្ងប់! សាកមកផ្លាស់ប្ដូររបបអាហារទាំងនេះ ជួយសម្រួលដល់ការគេងឱ្យស្ងប់ល្អ
#ព័ត៌មានSeptember 7 2025
ឯកឧត្តមសុខ សំណាង ចូលរួមពិធីប្រគល់អំណោយ ជាជំនួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing)នៃសាធារណរដ្ឋកូរ៉េ ដល់ខេត្តចំនួន៤
#ជំងឺSeptember 5 2025
កុំស្ត្រេសច្រើនកាត់អាយុឱ្យខ្លី! អ្នកស្រាវជ្រាវបញ្ជាក់ថា អ្នកស្ត្រេសងាយកើតជំងឺកាច ៤ ប្រភេទនេះ
#ជំងឺSeptember 5 2025
ប្រយ័ត្នបន្តិចផង! នេះជាមូលហេតុ និងរោកសញ្ញានាំឱ្យមានជំងឺគីសបបូរមាត់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia