ផ្អែកតាមការចែករំលែករបស់វេជ្ជបណ្ឌិត ហុក តុលា វេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធប្រសាទ ប្រចាំការនៅមន្ទីរពេទ្យរ៉ូយ៉ាល់ បានពន្យល់ឱ្យដឹងថា ចំពោះជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល បើយើងបែងចែកឱ្យចំទៅ គឺមាន២ប្រភេទ៖
ទី១. ស្ទះសរសៃឈាមខួរក្បាល គេហៅថា Ischemic stroke អាចកើតមានបានដោយសារតែមានកំណកឈាមតូចៗចូលទៅក្នុងសរសៃខួរក្បាលយើងដែលបង្កឱ្យសរសៃឈាមខួរក្បាលស្ទះ ជាហេតុធ្វើឱ្យកោសិកាខួរក្បាលដែលចិញ្ចឹមដោយសរសៃឈាមមួយនឹងខូច ឬក៏អាចស្លាប់កោសិកានឹងតែម្តង។
ទី២. បែកសរសៃឈាមខួរក្បាល គេហៅថា Hemorrhagic stroke ភាគច្រើនបង្កឡើងដោយសារជំងឺលើសឈាមដែលមិនបានព្យាបាលត្រឹមត្រូវ មិនបានគ្រប់គ្រងល្អ សម្ពាធឈាមនៅតែបន្តឡើងខ្ពស់ និងនៅពេលណាមួយដែលសម្ពាធឈាមឡើងខ្ពស់ខ្លាំង អាចធ្វើឱ្យដាច់សរសៃឈាម និងបែកសរសៃឈាមនៅក្នុងខួរក្បាល បណ្តាលឱ្យឈាម និងអុកស៊ីសែន រត់ទៅចិញ្ចឹមខួរក្បាលមិនបានល្អដូចគ្នា។
ចំពោះអាការរបស់ជំងឺស្ទះសរសៃឈាមខួរក្បាល និងដាច់សរសៃឈាមខួរក្បាល មានលក្ខណៈស្រដៀងគ្នា ដែលយើងអាចកំណត់សម្គាល់តាមរយៈវិធីងាយស្រួលចាំ គឺគេហៅថា BEFAST:
- B=Balance: ការដើរ ឬលំនឹងខ្លួនមិនសូវល្អ ដើរទ្រេតទ្រោត
- E=Eyes: ការមើលឃើញ ឬគំឃើញ មានបញ្ហាទៅជាស្រវាំង ឬមើលឃើញបែកចេញជា២ ឬផ្នែកណាមួយនៃភ្នែក មើលអត់ឃើញ
- F=Face: មុខមានបញ្ហាធ្លាក់ចុះ១ចំហៀង
- A=Arm: មានបញ្ហាទន់ដៃ១ចំហៀង ពេលចាប់កាន់អាចធ្លាក់របស់ ឬពិបាកលើកដៃម្ខាងឡើង
- S=Speech: ការនិយាយរបស់អ្នកជំងឺទៅជានិយាយត្រដិត ពិបាកស្តាប់ ពិបាកយល់ ប្រើពាក្យខុស
- T=Time: ជាអំឡុងពេលដែលអ្នកជំងឺមានបញ្ហា តម្រូវឱ្យជញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
វេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែមឱ្យដឹងដែរថា ចំពោះរោគសញ្ញារបស់Stroke គឺជាប្រភេទរោគសញ្ញាដែលកើតឡើងភ្លាមៗដែលពីមុនមកមិនមានទេ ប៉ុន្តែនៅពេលដែលវាកើតមានឡើង មនុស្សជុំវិញ និងសមីខ្លួនអាចចាប់អារម្មណ៍សម្គាល់វាបានភ្លាម ដើម្បីប្រុងប្រយ័ត្ន ស្វែងរកជំនួយ និងទទួលបានការព្យាបាលទាន់ពេលវេលា៕