បុរសម្នាក់មានឈ្មោះ ឡាម នៅវៀតណាមអាយុ ៣០ឆ្នាំធាត់ខ្លាំង ម្តងម្កាលមានការៈឈឺចាប់ខ្លាំងនៅដើមទ្រូងខាងឆ្វេង ហើយបន្ទាប់មកមានការឈឺចាប់មិនចេះធូរស្រាលសោះ ហើយមានសញ្ញាបែកញើស នៅពេលគ្រូពេទ្យធ្វើរោគវិនិច្ឆ័យរកឃើញថា គាត់មានជំងឺស្ទះសរសៃឈាមបេះដូង ឬកាត់បន្ថយលំហូរឈាមទៅកាន់បេះដូង ធ្វើឱ្យខូចបេះដូង និងរំខានដល់សមត្ថភាពបូមឈាមពេញរាងកាយ។ នេះយោងតាមវេជ្ជបណ្ឌិត Nguyen Xuan Vinh ផ្នែកជំងឺបេះដូងអន្តរការីមន្ទីរពេទ្យ Tam Anh General Hospital។
តាមលោកវេជ្ជបណ្ឌិត Vinh បាននិយាយថា នេះជាករណីធម្មតានៃជំងឺគាំងបេះដូង ហើយវាក៏អាចមានចំពោះវ័យក្មេងដែរ។ ហើយជំងឺនេះភាគច្រើនកើតចំពោះមនុស្សអាយុ ៤៥ឆ្នាំមានហានិភ័យដល់អាយុជីវិត។ ទម្លាប់នាំឱ្យកើតជំងឺហ្នឹងរួមមាន របៀបរស់នៅគ្មានអនាម័យ របបអាហារមិនល្អ ជក់បារី ហូបអាហារតាមអារម្មណ៍នាំឱ្យលើសគីឡូ កង្វះលំហាត់ប្រាណ ស្រ្តេសច្រើន សម្ពាធឈាមខ្ពស់ កូលេស្តេរ៉ុលខ្ពស់ និងជំងឺទឹកនោមផ្អែម។ លោកឡាមក៏មានបញ្ហាដោយសារកត្តាទាំងអស់នេះហើយគាត់ក៏ធ្វើការវះកាត់បេះដូងដាក់ឧបករណ៍ឱ្យឈាមដើរស្រួលឡើងវិញ។
បើអ្នកមានរោគសញ្ញារួមមានការឈឺទ្រូង អារម្មណ៍ឈឺចាប់ សម្ពាធ និងរមួលក្នុងទ្រូង។ ការឈឺចាប់អាចរាលដាលដល់ខ្នង ក ឬដៃ។ មានអារម្មណ៍ឈឺទ្រូង ដកដង្ហើមខ្លី អស់កម្លាំង បែកញើស ជួនកាលដួលសន្លប់។ ករណីខ្លះបែបនេះព្រោះតែបេះដូងដើរខុសប្រក្រតី ខ្សោយបេះដូង រលាកស្រោមបេះដូងជាដើម។ បើយោងតាមការចុះផ្សាយរបស់គេហៈទំព័រ Medline Plus បានលើកឡើងថា កម្រិតកូឡេស្ដេរ៉ុលខ្ពស់អាចធ្វើឱ្យអ្នកស្ទះសរសៃឈាមដែលបង្កើនហានិភ័យនៃការកើតជំងឺគាំងបេះដូង។ ដូច្នេះអ្នកត្រូវតែផ្លាស់ប្ដូររបៀបរស់នៅរបស់អ្នក ហើយត្រូវកាត់បន្ថយកម្រិតកូលេស្ដេរ៉ុលក្នុងឈាមផង។ ពេលអ្នកមានទម្លាប់ល្អដូចជាធ្វើលំហាត់ប្រាណ ហូបអាហារសុខភាព និងគេងឱ្យបានគ្រប់គ្រាន់ដើម្បីឱ្យសរសៃឈាមដើរស្រួល៕ អត្ថបទដោយ៖ ទ្រ សុភាព