នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយដោយមានការចូលរួមពីតំណាងត្រីភាគីសរុប ៥១រូប (រាជរដ្ឋាភិបាល ភាគីកម្មករ និងភាគីនិយោជក)។ កិច្ចប្រជុំនេះបានផ្ដោតសំខាន់លើការពិនិត្យលទ្ធភាពជួយដល់កម្មករនិយោជិតក្នុងវិស័យ វាយនភណ្ឌ និងកាត់ដេរ, ផលិតស្បែកជើង, ផលិតផលិតផលធ្វើដំណើរ និងកាបូប។ជាលទ្ធផល អង្គប្រជុំបានឯកភាពគ្នាជាឯកច្ឆន្ទ ក្នុងការសម្រេចផ្តល់ជូនប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នដល់បងប្អូនកម្មករនិយោជិតចំនួន ២,៥០ដុល្លារអាម៉េរិក ក្នុងមួយខែ ចាប់ពី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ដែលសហគ្រាស ក្រុមហ៊ុន រោងចក្រ កំពុងអនុវត្ត រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ទនៈវិលត្រឡប់មកប្រក្រតីភាពវិញ។

