ជំងឺដែលមនុស្សស្រីព្រួយបារម្ភខ្លាចបំផុតគឺ ជំងឺមហារីកមាត់ស្បូន។ ជាក់ស្តែង គេសង្កេតឃើញថា មហារីកមាត់ស្បូន ជាផលប៉ះពាល់មួយក្នុងផលប៉ះពាល់ជាច្រើននោះ ដែលសម្លាប់ស្ត្រីច្រើនជាងគេលំដាប់ទី ១ ក្នុងចំណោមមហារីកទាំងអស់។
មហារីកមាត់ស្បូនបង្កឡើងដោយសារតែវីរុស HPV (Human Papillomavirus) ឆ្លងចូលតាមរយៈការរួមភេទ។ តាមការស្រាវជ្រាវ HPV មានជាង១៥០ប្រភេទ ត្រូវបានចែកចេញជា២ក្រុម គឺស្លូត និងកាច ដែលប្រភេទស្លូតបង្កឲ្យមានកន្ទួលនៅលើប្រដាប់ភេទ រីឯប្រភេទកាចជាក្រុមវីរុសបង្កឲ្យមានមហារីកនៅមាត់ស្បូនរបស់ស្ត្រី។
នៅក្នុងថ្ងៃនេះដែរដោយផ្អែកលើវែបសាយ stylecraze ចាបបៃតងនឹងលើកយកក្រុមអាហារចំនួន៣ក្រុម ដែលជំនួយដល់សុខភាពស្បូនការពារខ្លួនចៀសឆ្ងាយពីជំងឺមហារីកមាត់ស្បូនដូចខាងក្រោម។
១. ក្រុមបន្លែ៖ ស្ពៃតឿ ខាត់ណា ប្រូខូលី ស្ពៃក្ដោប ម្ទេសប្លោក ត្រប់វែង សុទ្ធសឹងតែជាបន្លែសម្បូរទៅដោយប្រភពដ៏អស្ចារ្យនៃជាតិកាល់ស្យូម ប៉ូតាស្យូម ម៉ាញ៉េស្យូម និងវីតាមីន ។ បន្លែទាំងនេះសម្បូរទៅដោយ Phytoestrogens ដែលមានសមត្ថភាពប្រកួតប្រជែងជាមួយនឹងអរម៉ូនអ៊ឹស្ត្រូសែនរបស់រាងកាយ។ ដូច្នេះ Phytoestrogens ជួយបញ្ចុះកម្រិតអរម៉ូនអ៊ឹស្ត្រូសែនរបស់អ្នក ដោយជាហេតុជួយបញ្ឈប់ការលូតលាស់នៃដុំសាច់ក្នុងស្បូនយ៉ាងមានប្រសិទ្ធភាព។
២. ក្រុមផ្លែឈើ៖ ផ្លែក្រូច គីវី គូលែន ល្ហុង សាវម៉ាវ ស្រ្ដបឺរី គឺជាប្រភេទផ្លែឈើដែលសម្បូរទៅដោយវីតាមីន C និង Bioflavonoids ដែលអាចជួយរារាំងការលូតលាស់នៃដុំសាច់ក្នុងស្បូនរបស់អ្នក។ សារធាតុទាំងនេះធ្វើឱ្យកម្រិតអរម៉ូនអ៊ឹស្ត្រូសែនរបស់អ្នកមានលក្ខណៈធម្មតា ចំណែក Bioflavonoids ជួយការពារស្បូនគេចចេញពីជំងឺមហារីកអូវែ និងអាចជួយរក្សាប្រព័ន្ធបន្តពូជរបស់អ្នកឱ្យមានសុខភាពល្អ។ ជាការពិតអ្នកគួរតែព្យាយាមញ៉ាំផ្លែឈើនៅចន្លោះពេលអាហារពេលអ្នកមានអារម្មណ៍ឃ្លាន ការធ្វើបែបនេះនឹងបញ្ឈប់អ្នកពីការទទួលទានអាហារឥតបានការ ហើយថែមទាំងផ្គត់ផ្គង់សារធាតុចិញ្ចឹមដែលត្រូវការដោយស្បូនរបស់អ្នកដើម្បីរក្សាសុខភាព។
៣. ក្រុមទឹកដោះគោ៖ ការទទួលទានផលិតផលទឹកដោះគោប្រចាំថ្ងៃដូចជា ទឹកដោះគោជូរ ឈីស ទឹកដោះគោស្រស់ និងប៊័រ គឺចាំបាច់សម្រាប់សុខភាពស្បូន។ ផលិតផលទឹកដោះគោទាំងនេះសម្បូរទៅដោយជាតិកាល់ស្យូម និងវីតាមីន D ខណៈពេលដែលកាល់ស្យូមជួយរក្សាឆ្អឹងរបស់អ្នកឱ្យមានសុខភាពល្អ វីតាមីន D ដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃដុំសាច់ស្បូន។ ទឹកដោះគោជូរ និងឈីសប្រភេទខ្លះក៏ជាប្រភពសម្បូរប្រូបាយអូទិក ដែលល្អសម្រាប់សុខភាពស្បូន។
យ៉ាងណាមិញវេជ្ជបណ្ឌិត Young Bae Kim, MD ឯកទេសផ្នែកសម្ភពនិងរោគស្រ្តីបានចែករំលែកថា សកម្មរស់នៅប្រចាំថ្ងៃរបស់ស្រ្តី បូករួមជាមួយនឹងរបបអាហារគឺសំខាន់បំផុតសម្រាប់សុខភាពស្បូន។ បើស្រ្តីមានទម្លាប់រស់នៅត្រឹមត្រូវ ញ៉ាំអាហារល្អៗជំនួយស្បូន នោះស្បូននឹងរឹងមាំសុខភាពល្អ គ្មានជំងឺណាអាចមកយាយីស្បូនបានឡើយ។ ខណៈវេជ្ជបណ្ឌិតបានចែកក្បួនមួយចំនួនបង្កើតរបាំងការពារស្បូនពីជំងឺដូចជា ចៀសវាងការអង្គុយយូរ ញ៉ាំអាហារដែលផ្ទុកជាតិអាស៊ីកហ្វូលីក បេតា និងការ៉ូទីនហាត់ប្រាណពង្រឹងកម្រិតអរម៉ូន ជាដើម ៕
អត្ថបទដោយ៖ ស្រីណុច