អាហារ
ចង់ឱ្យស្បែកក្បាលមានសុខភាពល្អ សក់ដុះច្រើន ត្រូវអាហារ៥នេះជាប្រចាំ និងបញ្ឈប់ទម្លាប់មួយចំនួន
Pheakdey Pao
April 10 2022
2.2 K views

មនុស្សប្រុសស្រី ចាប់ផ្តើមកើតមានវិបត្តិជ្រុះសក់​នៅ​ដើម​វ័យ​ជំទង់ និង​អាយុ​២០​ឆ្នាំឡើងទៅ រហូតចូលទៅដល់វ័យអាយុ ៥០ទៅ៦០ឆ្នាំ ប្រហែល​ជាអាចកើត​មាន​បញ្ហាសក់ទំពែក។ ជាក់ស្តែងបើផ្អែកទៅតាមប្រសាសន៍របស់អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានចែករំលែកនៅលើបណ្ដាញសង្គមយូធូបឱ្យដឹងថា បញ្ហាដែលធ្វើឱ្យសក់ជ្រុះរហូតដល់ទំពែកភាគច្រើន គឺបណ្ដាលមកពីកត្តាដំណពូជ ហើយក៏អាចមានកត្តាមួយចំនួនផងដែររួមមានការប្រើប្រាស់ថ្នាំមួយចំនួន ដូចជាថ្នាំទឹកនោមផ្អែម ថ្នាំជំងឺបេះដូង កត្តានៃការព្យាបាលជំងឺមហារីក អរម៉ូនប្រែប្រួលជាពិសេសចំពោះនារី ដែលបណ្ដាលពីការអស់ថ្ងៃខែ មានផ្ទៃពោះ ឬពេលសម្រាលកូនក៏អាចជ្រុះសក់ផងដែរ (ក៏ប៉ុន្តែកត្តាជ្រុះសក់ចំពោះស្ត្រីមានផ្ទៃពោះ និងសម្រាលកូនរួចនេះអាចដុះមកវិញបាន)។

អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានបន្ថែម ក្នុងលក្ខខណ្ឌប្រសិនបើចង់ដឹងច្បាស់ថា ការជ្រុះសក់នេះមកពីមូលហេតុអ្វីយើងអាចធ្វើតេស្តឈាម ដើម្បីស្វែងរកនូវមូលហេតុពិតប្រាកដបាន។ ជាងនេះទៀតសោត ប្រសិនបើសួរថា មានថ្នាំព្យាបាលដែរឬទេ? ជាចម្លើយនោះ គឺថ្នាំពុំសូវជាបានជួយប៉ុន្មាននោះទេ ហើយថ្នាំដែលមាននោះភាគច្រើនសម្រាប់មនុស្សប្រុសប៉ុណ្ណោះ ចំពោះស្ត្រីពុំសូវជាមានប្រសិទ្ធភាពប៉ុន្មានឡើយ។

យ៉ាងណាមិញ ដើម្បីជាដំណោះស្រាយខ្លះៗក្នុងការជួយដល់សុខភាពស្បែកក្បាលរបស់នារីៗ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងនូវទម្លាប់សាមញ្ញៗមួយចំនួនដែលមនុស្សស្រីស្ទើរតែគ្រប់រូបរមែងធ្វើឱ្យសក់ខ្លួនឯងជ្រុះដោយមិនដឹងខ្លួនជាប្រចាំថ្ងៃ ហើយប្រសិនណាបើបញ្ឈប់ទម្លាប់ទាំងនេះ អាចនឹងមានប្រសិទ្ធភាពនូវក្នុងជួយថែសក់ក្បាលបានមួយចំណែកធំ៖

ទី១. កុំជូត ឬញីសក់នឹងកន្សែងខ្លាំងពេក៖ លោកវេជ្ជបណ្ឌិតបានបង្ហាញថា ជាទូទៅយើងសង្កេតឃើញនូវកន្លែងកាត់សក់មួយៗ គេច្រើនតែយកក្រមារលាស់ៗបន្តិចៗប៉ុណ្ណោះ ដោយផ្ទុយពីយើងភាគច្រើនយកក្រមាញីពេញសក់ ដែលនេះគឺជាកត្តាចម្បងមួយធ្វើឱ្យឆាប់រុះសក់ដោយមិនដឹងខ្លួន។

ទី២. ប្រើក្រាសធ្មេញញឹកបណ្តោះសក់៖ ការប្រើប្រាស់ក្រាសធ្មេញញឹកដើម្បី សិតសក់ក្រោយងូតទឹករួចក៏អាចធ្វើឱ្យជ្រុះសក់ដែរ ពីព្រោះថា នៅពេលដែលយើងសិតកោសនឹងស្បែកក្បាល ឬទាញចំឬសគល់សក់ច្រើនដងពេល គឺអាចនាំឱ្យសក់នៅតំបន់នោះអាចនឹងដាច់ ឬលែងដុះ ដោយសារបាត់បង់ឬសនៃសរសៃសក់។ ចំពោះបញ្ហាភាគច្រើនយកក្រាសធំៗសិតបណ្ដោះសក់ជំពាក់សិន ទើបក្រាសធ្មេញញឹកសិតតាមក្រោយ។

ទី៣. ចងសក់តឹងពេក៖ ចំណុចសំខាន់បន្ទាប់ដែលលោកវេជ្ជបានលើកបន្ថែមពីបញ្ហាជ្រុះសក់នោះ គឺបណ្ដាលមកពីចងសក់តឹងៗពេក ដែលរឿងនេះភាគច្រើនជនជាតិអាហ្វ្រិក និងជនជាតិអាស៊ីមួយចំនួនចូលចិត្តចងសក់តឹងខ្លាំងណាស់។

ទី៤. ទម្លាប់ផ្សេងៗទៀត៖ បញ្ហាមួយចំនួនទៀតដែលកើតចេញពីចំណង់ចំណូលចិត្តរបស់នារីផ្ទាល់ពាក់ព័ន្ធនឹងការលាបពណ៌សក់ អ៊ុត ឬកៀបសក់ អប់សក់ជាមួយនឹងប្រេង និងសិតសក់ដោយមិនមានប្រុងប្រយ័ត្នសុទ្ធតែជាមូលហេតុធ្វើឱ្យសក់នោះជ្រុះខ្លាំងជាប្រចាំថ្ងៃ។

ដើម្បីបង្ការនូវបញ្ហានេះ អ្វីដែលត្រូវធ្វើជាចម្បងនោះ គឺការថ្នមសក់ ដោយចៀសវាងនូវបញ្ហាដូចដែលបានរៀបរាប់ខាងលើ។ សក់ជាទូទៅគេតម្រូវឱ្យយើងកក់ជារៀងរាល់ថ្ងៃ ដើម្បីលាងមេរោគហើយធ្វើឱ្យកូនសក់ថ្មីៗដុះមកបន្តទៀត នេះមិនអ្វីពីការលុបលាងសម្អាតស្បែកមុខទេ ប្រសិនបើយើងមិនសូវលុបមុខ អាចបណ្ដាលឱ្យងាយកើតបញ្ហាមុខ ហើយចំណែកឯសក់វិញ ប្រសិនបើមិនសូវកក់អាចធ្វើឱ្យសក់ និងស្បែកក្បាលមានមេរោគ ក្លិន បង្កចេញជាបញ្ហាស្បែកក្បាលផ្សេងៗផងដែរ។

ទន្ទឹមនឹងនេះផងដែរ ដើម្បីជាដំណោះស្រាយបន្ថែមទាក់ទិនទៅនឹងរបបអាហារប្រចាំ ខាងក្រោមនេះ គឺជារបបអាហារសំខាន់ៗមួយចំនួនដែលបានដកស្រង់ចេញពីគេហទំព័រ eatthis មានសមត្ថភាពក្នុងការជួយដល់ការលូតលាស់សក់ និងសុខភាពស្បែកក្បាល៖

១. ស៊ុត៖ ស៊ុត​ផ្ទុក​ទៅ​ដោយ​វីតាមីន B ដែល​មាន​ឈ្មោះ​ថា Biotin ដែល​ជួយ​សក់​ដុះ និង​ពង្រឹង​ក្រចក​ដៃ​ដែល​ផុយ។ ការសិក្សាស្រាវជ្រាវមួយ បានពិសោធន៍ឃើញថា ​ក្នុងចំណោម​ស្ត្រី​មួយ​ក្រុម​ដែល​មាន​ការ​ជ្រុះ​សក់ ៣៦% ​ត្រូវ​បាន​គេ​កំណត់​ថា​ មាន​កង្វះ​សារធាតុ biotin។ ហេតុនេះការញ៉ាំស៊ុត នឹងអាចបំពេញសារធាតុ Biotin ដែលចាំបាច់សម្រាប់ផលិត keratin ដែលជាប្រភេទប្រូតេអ៊ីនសក់។

២. ការ៉ុត៖ ការ៉ុតត្រូវបានគេផ្តល់តួនាទីយ៉ាងសំខាន់សម្រាប់បំប៉នសុខភាពភ្នែក ប៉ុន្តែប្រភពដ៏ល្អឥតខ្ចោះនៃវីតាមីន A ក៏ជាជីវជាតិខ្លាំងណាស់សម្រាប់ស្បែកក្បាល ដោយសារធាតុនេះនឹងចូលទៅរក្សាសក់ឱ្យមានសំណើមពីឫសដល់ចុង។

៣. ស្ពៃខ្មៅ៖ បន្លែមួយប្រភេទនេះសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹមដូចជា ហ្វូឡាត ជាតិដែក វីតាមីន A និងវីតាមីន C ដែលសុទ្ធតែមានសារៈប្រយោជន៍សម្រាប់ការលូតលាស់សក់ និងការពារសក់ជ្រុះ។

៤. ដំឡូង​ជ្វា៖ ដំឡូងជ្វា មានសារៈសំខាន់ណាស់សម្រាប់ការស្រូបយកវីតាមីន A មានសារៈប្រយោជន៍សម្រាប់សក់ក្រាស់ និងផលិតជាតិខ្លាញ់ ដើម្បីឱ្យសក់មានសុខភាពល្អ និងមានសំណើមតាមបែបធម្មជាតិ។

៥. ផលិតផលទឹកដោះគោ (មានជាតិខ្លាញ់ទាប)៖ កាល់ស្យូមគឺជាសារធាតុរ៉ែដ៏សំខាន់បំផុត ចំពោះការលូតលាស់សក់ ព្រោះវាមានប្រភពប្រូតេអ៊ីនពីរគឺ whey និង casein ។ បន្ថែមជាមួយគ្នានេះដែរ ការលាយគ្រាប់មួយចំនួនដូចជា Walnut និង flaxseed ក៏អាចផ្តល់ឱ្យអ្នកនូវសារធាតុចិញ្ចឹមដូចជាស័ង្កសី និងអាស៊ីតខ្លាញ់អូមេហ្គា៣៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 25 2025
ទម្លាប់ពេលព្រឹកនេះ ជួយឱ្យអ្នកមានអាយុវែង មានក្តីសុខ និងស្រកគីឡូ
#អាហារApril 25 2025
អាហារ ៥នេះហូបពេលល្ងាចបន្ថែម ជួយកម្ចាត់ខ្លាញ់ ឱ្យស្រកគីឡូលឿនបំផុត
#អត្ថបទ PRApril 25 2025
កុំមើលស្រាលបញ្ហាឆ្អឹងខ្នង! បញ្ហាឆ្អឹងខ្នងអាចធ្វើអោយលោកអ្នកពិការ បាន!!
#ចិត្តសាស្ត្រApril 24 2025
អ្នកផ្នត់គំនិតទាំង ២នេះ កុំឱ្យអ្នករងសម្ពាធឱ្យចិត្ត ប៉ូវផ្លូវចិត្តឡើងវិញ
#អត្ថបទ PRApril 24 2025
មន្ទីរព្យាបាលសន្តិភាព ធ្វើសិក្ខាសិលា ស្ដីពីសារសំខាន់ ថែទាំសុខភាពមាត់ធ្មេញ កុមារ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ
#អាហារApril 23 2025
លោកគ្រូ លីម បញ្ជាក់ថា៖ អ្នកមានទម្លាប់បែបនេះ ជួយកាត់ជាតិខ្លាញ់ចេញពីក្បាលពោះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia