ការប្រើប្រាស់ផលិតផលមិនត្រឹមត្រូវសម្រាប់ប្រភេទស្បែករបស់អ្នក បានកើតឡើងលើស្បែកគ្រប់ពេល ក៏ប៉ុន្តែ តើយើងដឹងយ៉ាងដូចម្ដេច ថាយើងកំពុងតែប្រើប្រាស់ខុស ? ខាងក្រោមនេះ គឺជាចម្លើយដែលអ្នកគួរតែដឹងមុនពេលផ្ទៃមុខអ្នក កាន់តែមានបញ្ហាធ្ងន់ធ្ងរ។
ជាការពិតណាស់ បច្ចុប្បន្នគឺ មានបណ្ដាផលិតផលជាច្រើនដែលជាជម្រើសសម្រាស់អ្នកប្រើប្រាស់ ក៏ប៉ុន្តែប្រសិនបើ អ្នកមិនប្រយ័ត្នទេនោះ អ្នកនឹងជួបបញ្ហាបន្ថែម ដោយសារការប្រើប្រាស់ផលិតជាមិនខាន ។ យោងតាម គេហៈទំព័រ New Beauty បានធ្វើការបង្ហាញប្រាប់ពីសញ្ញានៃការប៉ះពាល់ពីការប្រើផលិតផលដូចខាងក្រោម៖
ស្បែកស្ងួតខុសប្រក្រតី៖ វេជ្ជបណ្ឌិតស្បែក Debra Jaliman ដែលគ្រូឯកទេសសើស្បែកនៅញូវយ៉កបានប្រាប់ថា ប្រសិនបើអ្នកធ្វើការលាងសម្អាតផ្ទៃមុខ រួចហើយអ្នកមានអារម្មណ៍ថាស្បែកឡើងស្ងួតបាត់បង់សំណើមខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ស្បែកគគ្រើម ប្រេះរបកសៗនៅលើស្បែក នេះបណ្ដាលមកពីការកាត់ខ្លាំងនៃជាតិអាស៊ីត ធ្វើឱ្យស្បែកបាត់បង់សំណើមនិងជាតិប្រេងធម្មជាតិ។
ស្បែកផលិតជាតិប្រេងហួសកម្រិត៖ លោក Debra Jaliman បន្តទៀតថា ស្រទាប់ប្រេងជារបាំងការពារនៃស្បែក នៅពេលអ្នកប្រើសាប៊ូ ឬ ក្រែមខាត់ខុសនោះជាតិអាស៊ីតកាត់ស្បែកខ្លាំង ធ្វើឱ្យស្បែកអ្នកបាត់បង់សំណើមខ្លាំង នោះក្រពេញប្រេងនៃស្បែករបស់អ្នកនឹងផលិតជាតិប្រេងកាន់តែច្រើនដែលធ្វើឱ្យ
ស្បែកស្ងួតកាន់តែធ្ងន់ធ្ងរ នឹងមានបញ្ហាប្រេងស្បែកកាន់តែច្រើន។ ដើម្បីប្រឆាំងទប់ទល់នឹងបញ្ហានេះ លោក Wilson បានផ្ដល់អនុសាន៍ថា អ្នកគួរតែជ្រើសផលិតផលដែលមានជាតិទឹកច្រើន និងផលិតផលដែលមានសារធាតុស្រូបយកជាតិប្រេងដែលផលិតលើសនោះ។
បម្រែបម្រួលស្បែក៖ នៅពេលអ្នកប្រើផលិត ៣ទៅ៤ ថ្ងៃហើយស្បែកអ្នកចាប់ផ្ដើមបង្ហាញសញ្ញាដូចជា ជាំក្រហម ក្ដៅស្បែក ឈឺស្បែក រមាស់ក្រហម នោះវាជាសញ្ញានៃការប្រតិកម្មជំហ៊ានដំបូងហើយ។ លោក Wilson បានប្រាប់ថាអ្នកគួរតែទុកពេលឱ្យស្បែក ២ទៅ៣សប្ដាហ៍ដើម្បីឱ្យស្បែកវិលមកសភាពដើមវិញ មុននឹងចាប់ផ្ដើមជាមួយផលិតផលថ្មី។
ការរលាកស្បែក កន្ទួលក្រហម៖ លោកវេជ្ជបណ្ឌិត Shainhouse បានលើកឡើងថា ប្រសិនបើស្បែករបស់អ្នកចាប់ផ្ដើមក្ដៅ ក្រហាយខ្លាំង ឬ ឡើងក្រហមរោលបន្ទាប់ពីលាងសម្អាតជាមួយផលិតផលរបស់អ្នកហើយនោះ អ្នកគួរតែបញ្ឈប់ការប្រើប្រាស់ផលិតផលនោះភ្លាម ព្រោះវាជាមុខសញ្ញាធំនៃការប្រតិកម្មស្បែក មិនអញ្ចឹងទេស្បែកនឹងកាន់តែគ្រោះថ្នាក់ធ្ងន់ធ្ងរជាងនេះ។
ស្បែកឡើងតឹង ៖ លោកវេជ្ជបណ្ឌិត Shainhouseបានបន្តថា ប្រសិនបើករណីស្បែកអ្នកឡើងតឹងខ្លាំងវាក៏ជាសញ្ញាធ្ងន់ធ្ងរផងដែរ។ ដូច្នេះអ្នកមិនគួរព្រងើយកន្តើយជាមួយនឹងបញ្ហាតឹងនេះនោះទេ ព្រោះវាបណ្ដាលឱ្យ ប៉ះពាល់ដល់សុខភាពស្បែក និង បណ្ដាលឱ្យជាតិប្រេងផលិតកាន់តែច្រើនលើសកម្រិត។ ជុំវិញបញ្ហានេះ លោកWilson បានប្រាប់ថាអ្នកគួរតែរកផលិតផលណាដែលមានPHទាបក្នុងការជួយសម្រួលដល់ស្រទាប់ស្បែករបស់អ្នក។
គួរបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យមានបញ្ហាទាំងនេះ គឺដោយសារកត្តាផលិតផលគ្មានស្ដង់ការត្រួតពិនិត្យ ផលិតផលផុតកំណត់ ការប្រើប្រាស់ហួសប្រមាណ ឬការប្រើប្រាស់ដែលគ្មានការណែនាំត្រឹមត្រូវពីអ្នកលក់ ។
ដូច្នេះ ដើម្បីជៀសវាងការជួបបញ្ហាអាក្រក់ទាំងនេះ អ្នកគួរតែមានការប្រុងប្រយ័ត្នខ្ពស់ទៅលើផលិតផលគ្រឿងថែរក្សាសម្រស់ និងគ្រឿងសម្អាតមួយចំនួន ព្រោះអ្នកមិនដឹងទេថាសារធាតុខាងក្នុងមានគេដាក់អ្វីខ្លះ អញ្ចឹងសម្រាប់ផលិតទិញថែមៗ ឬ ផលិតផលបញ្ចុះតម្លៃថោកៗខ្លះជៀសបានគួរតែជៀសទៅ។
អត្ថបទដោយ៖ Tek Sitha