បើយោងតាមការស្រាវជ្រាវបានឱ្យដឹងថា ការគេងនេះមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព។ ហើយវាជាផ្នែកមួយយ៉ាងសំខាន់ក្នុងការរស់នៅឱ្យស្រួលសុខភាពផ្លូវចិត្ត និងរាងកាយដែរ។ តាមវេជ្ជបណ្ឌិតលោក Raj Dasgupta ជាអ្នកឯកទេសផ្នែកវេជ្ជសាស្ត្រការគេង បញ្ជាក់ថា ហេតុផលដែលយើងគួរគេងឱ្យបានគ្រប់គ្រាន់៖
១. ការរក្សាថាមពល៖ យោងតាមទ្រឹស្ដីមួយបានបញ្ជាក់ថា យើងត្រូវការការគេងដើម្បីរក្សាថាមពល។ ការគេងនេះដើម្បូជួយកាត់បន្ថយតម្រូវការកាឡូរីរបស់យើងដោយចំណាយពេលមួយផ្នែកដើម្បីបំពេញមុខងារនៃការរំលាយអាហារបានលឿន។ ការស្រាវជ្រាវបង្ហាញថា ការគេង ៨ម៉ោងជួយឱ្យអ្នកបានសន្សំថាមពលប្រចាំថ្ងៃ ៣៥%។
២. បណ្តុះកោសិកាឡើងវិញ៖ ការគេងអនុញ្ញាតឱ្យកោសិកាក្នុងខ្លួនប្រាណចាប់ផ្តើមជួសជុលសារឡើងវិញ។ ព្រោះនៅក្នុងអំឡុងពេលការគេងវាជួយជួសជុលដូចជា ជួសជុលសាច់ដុំ ការសំយោគប្រូតេអ៊ីន លូតលាស់ជាលិកា...។
៣. ពង្រឹងស្មារតី និងភាពច្នៃប្រឌិត៖ ការគេងជួយបង្កើនស្មារតីគិតវិជ្ជមាន មានភាពច្នៃប្រឌិត មានអារម្មណ៍ស្រស់ស្រាយឡើងវិញ និងមានការប្រុងប្រយ័ត្នខ្ពស់។ ចំពោះអ្នកដែលគេងបានគ្រប់គ្រាន់ ធ្វើឱ្យមានលទ្ធផលការងារបានល្អព្រោះតែការលេចគំនិតថ្មីៗ។
៤. ការពារធាត់៖ ការគេងមិនគ្រប់គ្រាន់នេះ មានផលប៉ះពាល់ការឡើងទម្ងន់។ អ្នកដែលគេងរយៈពេលខ្លីហាក់ដូចជាមានការឡើងទម្ងន់ច្រើនជាងអ្នកដែលគេងបានគ្រប់គ្រាន់។ បើអ្នកគេងយប់មិនគ្រប់គ្រាន់ អ្នកគួរតែគេងថ្ងៃបន្ថែម ព្រោះវាជួយទប់ស្កាត់បញ្ហាឡើងទម្ងន់ ឬធាត់ខ្លាំង។ ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ជាប្រចាំថ្ងៃនោះ ហើយពេលធ្វើការហត់ថែមទៀត នោះអ្នកច្បាស់ជាឡើងទម្ងន់លឿនដោយមិនដឹងខ្លួនមិនខានឡើយ។
៥. ការពារជំងឺទឹកនោមផ្អែម៖ ការគេងឱ្យបានគ្រប់គ្រាន់ គឺមានគុណប្រយោជន៍សម្រាប់ការធ្វើមេតាប៉ូលិសជួយដល់ប្រព័ន្ធរំលាយអាហារ។ នៅពេលអ្នកគេងលក់ស្រួល រាងកាយរបស់អ្នកនឹងធ្វើការជួសជុលប្រព័ន្ធកោសិការចាស់ៗ ការពារជំងឺទឹកនោមផ្អែម និងបង្កើតថាមពលឡើងវិញ។
៦. សុខភាពបេះដូង៖ ការគេងបានគ្រប់គ្រាន់នោះ ធ្វើឱ្យបេះដូងមានសុខភាពល្អ និងមិនងាយប្រឈមបញ្ហាសុខភាពទាក់ទងនឹងបេះដូង។ ហើយសម្រាប់អ្នកគេងតិចជាង ៧ ទៅ ៨ ម៉ោងក្នុងមួយយប់ត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាល។
៧. អារម្មណ៍ផ្លូវចិត្ត៖ អ្នកដែលគេងមិនគ្រប់គ្រាន់ទេ ធ្វើឱ្យអ្នកគ្មានកម្លាំង និងមានអារម្មណ៍ធុញ ឬធ្លាក់ទឹកចិត្ត។ ការគេង ឱ្យបានគ្រប់គ្រាន់ពិតជាសំខាន់ណាស់ សម្រាប់ធ្វើកិច្ចការងារឱ្យបានផលល្អបំផុត។ ពេលអ្នកគេងបានគ្រប់គ្រាន់ ព្រឹកឡើងតែងមានថាមពលក្នុងខ្លួន និងមានអារម្មណ៍ផ្តោតលើកិច្ចការបានល្អ។ ព្រោះការគេងមានឥទ្ធិពលផ្ទាល់ទៅលើសមត្ថភាពខួរក្បាលក្នុងការគ្រប់គ្រងទាំងឥរិយាបថ និងការរៀនសូត្រ ហើយកិច្ចការរបស់យើង៕អត្ថបទដោយ៖ ទ្រ សុភាព