អ្នកគ្រប់គ្នាត្រូវដឹងថា អំបិលត្រូវបានគេហៅម្យ៉ាងទៀតថាសូដ្យូម (ជាប្រភេទសារធាតុរ៉ែម្យ៉ាង) ដែលសំខាន់សម្រាប់ជីវិត ព្រោះរាងកាយមនុស្សមិនអាចផលិតអំបិលដោយស្វ័យប្រវត្តិបានទេ។ ប៉ុន្តែការប្រើប្រាស់អំបិលច្រើនពេកនឹងបង្កើនហានិភ័យកើតជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងការស្លាប់មុនអាយុ។ បើតាមការវាស់ស្ទង់សុខភាព និងការវាយតម្លៃតាម Health Data បានបញ្ជាក់ថា ជិត២លាននាក់បានស្លាប់ដោយសារប្រើប្រាស់អំបិលច្រើនជារៀងរាល់ឆ្នាំ។
លោកស្រីវេជ្ជបណ្ឌិត ឡេ ធីហឿងយ៉ាង ប្រធាននាយកដ្ឋានអាហារូបត្ថម្ភនៅមន្ទីរពេទ្យវៀតណាមបានថ្លែងថា អំបិលភាគច្រើនមិនត្រឹមតែមកពីការចម្អិនដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែមាននៅក្នុងទឹកត្រី ទឹកស៊ីអ៊ីវ និងអាហារកែច្នៃដូចជាមីកញ្ចប់ សាច់ក្រក និងអាហារកំប៉ុងជាដើម។ បើអ្នកចូលចិត្តអាហារប្រៃៗ លើសកម្រិតដោយអត់ខ្លួនទេ សុខភាពអ្នកកាន់តែប្រមូលជំងឺកាន់តែច្រើនឡើងមិនខានដូចជាជំងឺធាត់ ជំងឺទឹកនោមផ្អែម និងមហារីក។
ការហូបអាហារប្រៃលើសកម្រិត បង្ខំឱ្យរាងកាយរក្សាទឹកឱ្យច្រើនដើម្បីរក្សាតុល្យភាពបរិមាណឈាមរត់ និងដាក់សម្ពាធយ៉ាងខ្លាំងទៅលើបេះដូង ជាហេតុនាំឱ្យមានហានិភ័យដល់ជំងឺខ្សោយបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ហើយរសជាតិប្រៃនេះ នាំឱ្យបង្កើនហានិភ័យកើតគ្រួសក្នុងតម្រងនោមដោយសារតែការកើនឡើងនៃការបញ្ចេញជាតិកាល់ស្យូមនៅក្នុងទឹកនោម ប៉ះពាល់ដល់ខួរក្បាលដោយកាត់បន្ថយលំហូរឈាម ធ្វើឱ្យមុខងារខួរក្បាលចុះខ្សោយ ធ្វើឱ្យមានជំងឺពុកឆ្អឹង និងខូចខាតដល់ស្រទាប់ក្រពះថែមទៀត។
ដើម្បីការពារសុខភាពរបស់អ្នកបានរឹងមាំ អ្នកជំនាញណែនាំឱ្យមនុស្សពេញវ័យអនុវត្តច្បាប់ 80/20។ ទីមួយ 80% ជារបបអាហារទាំងមូលបែបស្រស់ៗ (ផ្លែឈើ និងបន្លែ) និងអាហារចម្អិននៅផ្ទះ។ ចំណែក 20% ដែលនៅសល់គួរតែសម្រាប់អាហារកែច្នៃតែនៅពេលដែលចាំបាច់តែប៉ុណ្ណោះ។ អ្នកត្រូវកាត់បន្ថយបរិមាណគ្រឿងទេសនៅពេលចម្អិនអាហារជាមុនដោយបោះបង់ចោលទម្លាប់ទឹកជ្រលក់ប្រៃពេក ជៀសវាងការញ៉ាំទឹកស៊ុបទាំងមីកញ្ចប់ ជារឿយៗ វាមានកំហាប់ជាតិអំបិលខ្ពស់ និងសារធាតុបន្ថែមដែលបង្កគ្រោះថ្នាក់ដល់សុខភាព។
