បញ្ហានៃការបាក់បែកឆ្អឹង ភាគច្រើនរមែងកើតមកពីកត្តាគ្រោះថ្នាក់ចរាចរណ៍ ការដួល ធ្លាក់មកពីទីខ្ពស់ គ្រោះថ្នាក់ចៃដន្យ ឬក៏មកពីកត្តាជាច្រើនទៀត។ ក៏ប៉ុន្តែក្នុងលក្ខខណ្ឌបែកបាក់ឆ្អឹងនេះ ប្រសិនបើនិយាយអំពីរបៀបព្យាបាលដែលប្រជាជនខ្មែរ ជាពិសេសនៅតាមជនបទ ឬក៏ចាស់ៗនៅទីក្រុងមួយចំនួននៅតែមិនសូវមានជំនឿចិត្តក្នុងការទៅទទួលការព្យាបាលតាមគ្រូពេទ្យសម័យទំនើបទេ និងព្យាយាមស្វែងរកគ្រូខ្មែរដែលល្បីព្យាបាលតាមបែបវិធីសាស្ត្រ អបឬស្សី ស្អំពន្លៃ ស្ដោះ ផ្លុំ...ជាដើម ។
ចំពោះការព្យាបាលរបស់គ្រូខ្មែរអាចនិយាយថា មិនសូវជាត្រឹមត្រូវទៅតាមក្បួនវេជ្ជសាស្រ្តរបស់ពេទ្យទេ និងថែមទាំងអាចធ្វើឱ្យឆ្អឹងតគ្នាខុសទ្រង់ទ្រាយដើម បណ្ដាលឱ្យវៀច ឬស្ថានភាពអាចនឹងមិនងាយជាសះស្បើយ រួមទាំងផ្តល់ផលវិបាកគាំងសន្លាក់នៅថ្ងៃអនាគត។
ដោយឡែក ប្រសិនបើយើងក្រឡេកទៅមើលពីវិធីសាស្រ្តព្យាបាលបាក់បែកឆ្អឹងតាមបែបវេជ្ជសាស្រ្តសម័យទំនើប ដោយយោងទៅតាមការចែករំលែករបស់លោកវេជ្ជបណ្ឌិត ប៉ែន ចំណាប់ ឯកទេសវះកាត់បាក់បែកឆ្អឹង និងសន្លាក់ (ត្រគាក ជង្គង់) បានពន្យល់ថា ក្នុងការព្យាបាលបញ្ហាបាក់បែកឆ្អឹង ក្រោយ គ្រូពេទ្យ ត្រូវសួរនាំពីស្ថានភាពអ្នកជំងឺ ថតមើលពីស្ថានភាពឆ្អឹង និងធ្វើការវាយតម្លៃពីស្ថានភាពជំងឺរួច ក្រុមគ្រូពេទ្យជំនាញនឹងត្រូវព្យាបាលទៅតាមវិធី២ជម្រើស៖
១. មិនវះកាត់៖ ក្នុងករណីបាក់ឆ្អឹងកម្រិតស្រាល ស្ថានភាពឆ្អឹងមានទម្រង់មិនបាក់ចេញពីគ្នាខ្លាំង មិនប៉ះពាល់ដល់ផ្ទៃសន្លាក់ គឺគ្រូពេទ្យជ្រើសយកវិធីសាស្រ្ត អបឆ្អឹង តាមបែបវិជ្ជសាស្រ្តដោយ តម្រង់ឆ្អឹងឱ្យត្រូវគន្លាក់ឡើងវិញ ធ្វើការរុំសំឡីទ្រាប់ និងអបដោយស៊ីម៉ងត៍វេជ្ជសាស្ត្រ ឱ្យបានត្រឹមត្រូវនៅបរិវេណកន្លែកតំបន់ដែលមានបញ្ហា និងប្រាប់ពីវិធីសាស្ត្រធ្វើចលនាមួយចំនួនផងដែរ។
២. វះកាត់៖ ក្នុងករណីការប្រេះឆ្អឹង ឬបាក់ដែលមានគម្លាតចេញពីគ្នាធំជាង ២មីលីម៉ែត្រ ឬក៏ការប៉ះទង្គិចនឹងចូលទៅដល់ផ្ទៃសន្លាក់ គឺតម្រូវឱ្យមានការវះកាត់រៀបចំផ្ទៃសន្លាក់ឱ្យបានល្អដូចដើម។ ចំពោះការវះកាត់ គឺមានជម្រើសច្រើនស្របទៅតាមប្រភេទឆ្អឹងបាក់មានដូចជា ក្នុងករណីខ្លះអាចចាប់ដែកនៅខាងក្នុងឆ្អឹង ឬចាប់ដែកនៅខាងក្រៅ និងដាក់ដែកដើម្បីឱ្យឆ្អឹងលូតជាប់គ្នាវិញដូចដើម ពីព្រោះកាលណាឆ្អឹងមានគម្លាតឃ្លាតគ្នាកាន់តែឆ្ងាយការដុះជាប់របស់ឆ្អឹង គឺវាអាចនឹងមិនដុះជាប់បានទេ។
បន្ថែមជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ប៉ែន ចំណាប់ បានបន្តថា ការអបឬស្សីរបស់គ្រូខ្មែរ គឺជាវិជ្ជាជីវៈដែលចេះតជំនាន់ប៉ុណ្ណោះ មិនមានមូលដ្ឋានគ្រឹះក្នុងការព្យាបាលត្រឹមត្រូវទេដូចជា ទាញឆ្អឹង ពត់ឆ្អឹងមិនបានត្រឹមត្រូវ អាចធ្វើឱ្យវៀចឆ្អឹងលើសដើម ឬមួយវិញទៀតពេលដែលអបឬស្សីរឹតតឹងពេក ជាហេតុធ្វើឱ្យរលាកស្បែករលួយស្បែក។
ជាឧទាហរណ៍៖ មានករណី បាក់កដៃ ដោយការបាក់នោះ គឺស្ថិតក្នុងលក្ខខណ្ឌចាក់ដល់ក្នុងផ្ទៃសន្លាក់ខ្លាំង វិធីវះកាត់រៀបចំផ្ទៃសន្លាក់ និងចាប់ដែក ដើម្បីឱ្យទម្រង់ដៃមានសមភាពល្អដូចដើមវិញ ហើយនៅពេលជាសះស្បើយអ្នកជំងឺអាចប្រើការបានធម្មតាដូចដៃមិនធ្លាប់បាក់។ ក៏ប៉ុន្តែក្នុងករណីនេះ បើគាត់ទៅរកគ្រូខ្មែរឱ្យ អប ឬរុំ នោះដៃរបស់គាត់មិនអាចប្រើការមិនបានដូចដើមទេ ព្រោះអ្នកជំងឺអាចគាំងសន្លាក់នៅផ្នែកណាមួយ ដោយសារការព្យាបាលមិនបានត្រឹមត្រូវ។
ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ក៏មានករណីខ្លះទៅរកគ្រូខ្មែរហើយព្យាបាលជាដែរ តែដោយសារ ឆ្អឹងដែលបាក់នឹងមានកម្រិតតិចតួច ពីព្រោះជាធម្មតាឆ្អឹងរបស់មនុស្សនឹងត្រូវដុះភ្ជាប់មកសភាពដើមរបស់វាវិញ ដោយនេះធម្មជាតិរបស់សរីរាង្គកាយ មិនមែនមកពីការ ស្ដោះ ផ្លុំ ស្អំពន្លៃ របស់គ្រូខ្មែរទេ។ តួយ៉ាងក្រឡេកទៅមើលរយៈពេលព្យាបាលរបស់គ្រូខ្មែរ គឺអាចចន្លោះពី១ខែ ទៅ២ខែ ឬក៏លើសនឹងក៏មាន ហើយនេះអាចបញ្ជាក់ថា គឺជាពេលវេលាសមល្មមដែលឆ្អឹងត្រូវដល់ពេលលូតលាស់តភ្ជាប់គ្នាដូចដើមវិញ។
ជាសារចុងក្រោយលោកវេជ្ជបណ្ឌិត ប៉ែន ចំណាប់ បានផ្ដែផ្ដាំទៅកាន់បងប្អូនប្រជាជនកម្ពុជាថា ប្រសិនបើមានករណីបាក់ឆ្អឹង ឬក៏ប្រេះឆ្អឹងត្រូវប្រញាប់មកជួបគ្រូពេទ្យឯកទេស ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ មានទំនុកចិត្ត កុំព្យាយាមទៅព្យាបាលដោយគ្រូខ្មែរ ប្រសិនមិនចង់មានផលប៉ះពាល់ចំពោះខ្លួនឯងនៅថ្ងៃក្រោយ។ មួយវិញទៀត បើមានបញ្ហាបាក់ឆ្អឹងក្នុងករណីការបាក់ចំហរ (មានន័យថា បាក់ឆ្អឹងហើយមានការរហែកស្បែកនៅកន្លែងបាក់ ឬក៏ដាច់ស្បែកនៅតំបន់ដែលបាក់) កុំទុកឱ្យលើសពី ៦ម៉ោងត្រូវប្រញាប់មកជួបពេទ្យ ដើម្បីកុំឱ្យមេរោគឆ្លងចូលទៅក្នុងឆ្អឹងអាចធ្វើឱ្យរលាកឆ្អឹងឡើងមក ព្រោះការរលាកឆ្អឹង គឺជាបញ្ហាដ៏ធ្ងន់ធ្ងរ៕
អត្ថបទដោយ៖ ប៉ែត ធីតា

