ជំងឺ
ទន្តបណ្ឌិតប្រាប់១ បើអ្នកមានបំណងចង់មកពត់ធ្មេញ មិនគួរមើលរំលងចំណុចសំខាន់ទាំងនេះឡើយ
Thida Pet
May 21 2024
166 views

ជាទូទៅមនុស្សគ្រប់គ្នាសុទ្ធតែអាចត្រូវការពត់ធ្មេញ ព្រោះគ្រប់មនុស្សកម្រណាស់ ដែលមានធ្មេញពីកំណើតមកមានកំណាំ ស្អាតល្អ គ្មានជំពើស ឬក៏ខូចខាតបាក់បែកជាដើម។ ក៏ប៉ុន្ដែសម្រាប់អ្នកជំងឺដែលគួរតែចាំបាច់ពត់ធ្មេញបំផុតនោះគឺជាប្រភេទអ្នកដែលមានកំណាំធ្មេញមិនត្រឹមត្រូវ ខាំមិនត្រូវ។ ទី២អ្នកដែលគាត់មានធ្មេញជំពើមិនត្រង់ជួរ ធ្មេញទល់មកខាងមុខ ឬក៏ធ្មេញគាត់ចន្លោះ … ដែលគាត់តម្រូវត្រូវតែធ្វើការពត់តម្រង់។

ជាក់ស្ដែង យោងតាមរយៈទន្តបណ្ឌិត រស់ សុជាតា ​ឯកទេសពត់ធ្មេញនៅគ្លីនិក Marvel dental clinic បាន បកស្រាយថា​​ ជាការពិតការពត់ធ្មេញគឺមានគុណសម្បត្តិច្រើនណាស់ដូចជាជួយឱ្យកំណាំធ្មេញរបស់យើងខាំត្រូវមកវិញកាត់បន្ថយហានិភ័យឈឺសន្លាក់ឆ្អឹងថ្គាមនាថ្ងៃអនាគតពេលមានអាយុច្រើន ដូចជាពេលយើងហាមាត់ទៅ ចេះតែជាប់សន្លាក់ ឈឺសន្លាក់ ឬក៏អាចនឹងឈឺក្បាលក៏មានដែរ តែមានអ្នកខ្លះគាត់មិនបានចាប់អារម្មណ៍ទេ។​ គុណប្រយោជន៍ទី២ពេលដែលយើងធ្វើការពត់ធ្មេញសម្រាប់អ្នកដែលគាត់មានធ្មេញជំពើសគឺធ្វើឱ្យធ្មេញរបស់គាត់ ប្រែមកត្រង់ស្អាតជាងមុន ចៀសផុតពីរោគពុកធ្មេញ។ អាចចៀសផុតបាន នេះដោយសារតែ អ្នកមានធ្មេញជំពើស ពិបាកក្នុងការសម្អាតឱ្យបានគ្រប់ផ្ទៃ ងាយនឹងដក់ចំណីអាហារក្នុងចន្លោះធ្មេញ ជាហេតុធ្វើឱ្យងាយនឹងកើតរោគពុកធ្មេញជាងអ្នកធម្មតា។គុណប្រយោជន៍ទី៣បន្ថែមទៀត នៅពេលយើងពត់ធ្មេញគឺធ្វើជួយបង្កើនស្នាមញញឹម បង្កើនភាពជឿជាក់ដល់អ្នកជាងមុន។

ចំណែកឯគុណវិបត្តិវិញ សម្រាប់អ្នកដែលពត់ធ្មេញ ទន្តបណ្ឌិតបានបកស្រាយថា មិនមានច្រើនទេ​តែអាចតិចឬក៏ច្រើនគឺអាស្រ័យលើអ្នកជំងឺផ្ទាល់ដែរ។ មានន័យថា បើគាត់មិនធ្វើអនាម័យមាត់ធ្មេញ មិនព្រមដុសសម្អាតធ្មេញតាមការណែនាំរបស់ពេទ្យត្រឹមត្រូវ នោះគាត់ងាយនឹងកើតរោគពុកធ្មេញ ហើយទម្រាំតែបញ្ចប់ការពត់ធ្មេញ ធ្វើឱ្យធ្មេញរបស់អ្នកជំងឺងាយនឹងពុកកើតឡើងហើយ។ គុណវិបត្តិបន្ថែមទៀតអ្នកពត់អាចនឹងមានការឈឺចាប់តិចតួច​អាចនឹងពិបាកញុំាអាហារ អាចមានបញ្ហារលាកអញ្ជាញធ្មេញ មានអ្នកខ្លះពត់ហើយញុំាអ្វីមិនសូវបានជាដើម តែបញ្ហានេះ និងបាត់ទៅវិញ។ជារឿងធម្មតាទេ ធ្លាប់តែធ្មេញយើងគ្មានអ្វីដាក់ជាប់ជាមួយ បែរជាមានដែកមកដាក់បែបនេះ គឺអាចនឹងមានការឈឺអ៊ីចឹងហើយ។

ចំណុចសំខាន់មួយទៀត មុនពេលមកពត់ធ្មេញ រឿងដែលអ្នកគួរធ្វើគឺត្រូវពិភាក្សា ពិនិត្យមើលធ្មេញជាមួយពេទ្យជាមុនសិនមុនសម្រេចចិត្តថាពត់ធ្មេញនិងត្រូវពិនិត្យមើលថាពេទ្យមានបរិក្ខាគ្រប់គ្រាន់ មានជំនាញត្រឹមត្រូវដែរទេ? បើមានចាំសម្រេចចិត្តពត់ ព្រោះថា បើខាងពេទ្យមានទាំងអស់គឺអាចជួយសម្រួលដល់ការពត់ធ្មេញរបស់យើងកាន់តែល្អមានប្រសិទ្ធភាព បានផល និងគ្មានផលប៉ះពាល់ពេលអ្នកជ្រើសរើសមកពត់ធ្មេញជាមួយពេទ្យមានជំនាញត្រឹមត្រូវ និងគួរឱ្យទុកចិត្ត។ តែបើអ្នកចេះតែមកពត់ៗមិនបានពិនិត្យមើលគ្លីនិកត្រឹមត្រូវ ប៉ះពេទ្យមិនមានជំនាញបង្កជាផលវិបាកដល់អ្នកក្រោយពេលពត់មិនខាន។

សរុបមការពត់ធ្មេញគឺ ជួយអ្នកមានបញ្ហាធ្មេញដូចបានរៀបរាប់ខាងលើបានច្រើនណាស់ ដែលអាចជួយអ្នកឱ្យញញឹមស្រស់មកវិញ ជួយឱ្យអ្នកមានភាពជឿជាក់ឡើងវិញ និងធ្វើឱ្យធ្មេញរបស់អ្នកស្អាតជាងមុនតាមក្ដីស្រមៃ។ ក៏ប៉ុន្ដែនៅអំឡុងពេលពត់ធ្មេញអ្នកត្រូវប្រយ័ត្នដូចគ្នា គឺត្រូវធ្វើតាមការណែនាំរបស់ពេទ្យឱ្យបានត្រឹមត្រូវ ដូចជាដុះសម្អាតធ្មេញជាដើម ព្រោះបើមិនដូច្នេះទេ អាចធ្វើឱ្យអ្នកកើតរោគពុកធ្មេញ ឬក៏ពត់ធ្មេញមិនងាយបានជោគជ័យជាដើម គឺអាស្រ័យលើអ្នកដូចគ្នា៕

អត្ថបទដោយ៖ ប៉ែត ធីតា(petthidaa)

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1266

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia