ទទួលស្គាល់ថាសម័យនេះជាសម័យទំនើប មនុស្សស្ទើរតែគ្រប់គ្នាមានស្មាតហ្វូន ឬកុំព្យូទ័រប្រើប្រាស់ទាំងវ័យនៅក្មេង ខុសពីសម័យមុនៗ។ កាលណាតែភ្នែករបស់យើងនៅក្មេងខ្ចី ហើយយើងបានប្រើប្រាស់វាជាមួយពន្លឺខ្លាំងដូចជាពន្លឺទូរសព្ទឬកុំព្យូទ័រ ចង់មិនចង់ភ្នែកយើងប្រាកដជាស្រវាំងមើលមិនច្បាស់ជាមិនខាន។
មួយវិញទៀត មិនត្រឹមតែកត្តាពន្លឺប៉ុណ្ណោះទេដែលធ្វើឱ្យភ្នែករបស់យើងស្រវាំង យោងតាមការបញ្ជាក់ពីគេហទំព័រ healthline បានប្រាប់ឱ្យដឹងថាមនុស្សដែលផ្ទុកជំងឺទាំងនេះនៅក្នុងខ្លួន ក៏ធ្វើឱ្យភ្នែកស្រវាំងទាំងក្មេងដែរ៖
១. លើសជាតិស្ករឬទឹកនោមផ្អែម៖ ជាការពិតណាស់រាងកាយរបស់មនុស្សយើងបើខ្វះជាតិស្ករក៏មានបញ្ហា លើសជាតិស្ករក៏មានបញ្ហាដូចគ្នា។ មនុស្សដែលលើសជាតិស្ករក្នុងរាងកាយ វាងាយវិវត្តទៅជាជំងឺទឹកនោមផ្អែម ធ្វើឱ្យហើមភ្នែក និងស្រវាំងភ្នែកមើលមិនច្បាស់ផងដែរ។
២. ជំងឺរលាកសរសៃឈាមខួរក្បាល៖ ភ្នែកហើយនឹងក្បាលគឺមានសរសៃឈាមជាច្រើននៅប្រមូលផ្តុំជាមួយគ្នា។ នៅពេលដែលអ្នកមានជំងឺរលាកសរសៃឈាមខួរក្បាល ឧស្សាហ៍ឈឺក្បាល គឺធ្វើឱ្យភ្នែករបស់អ្នកស្រវាំង មើលច្បាស់មួយចំហៀងឬទាំងសងខាងក៏មាន។
៣. ជំងឺខ្វះជាតិស្ករក្នុងឈាម៖ អ្នកអាចសង្កេតមើលពីអាការខ្លួនឯងបាន នៅពេលដែលអ្នកញ៉ាំមិនបានគ្រប់គ្រាន់ ចេះតែមានអារម្មណ៍ថាខ្សោយៗ នេះជាសញ្ញាដែលអ្នកកំពុងមានជំងឺខ្វះជាតិស្ករក្នុងឈាម ហើយជំងឺនេះវាបណ្តាលឱ្យអ្នកស្រវាំងភ្នែក មើលមិនច្បាស់។
៤. អ្នកបម្រុងកើតជំងឺលើសឈាម៖ ជាទូទៅមនុស្សដែលបម្រុងនឹងកើតជំងឺលើសឈមតែងតែមានអាការស្រវាំងភ្នែក ងងឹតមុខ និងអស់កម្លាំង។ ដូច្នេះអ្នកត្រូវសង្កេតខ្លួនឯងនៅពេលដែលអ្នកមានអាការស្រវាំងភ្នែកខុសធម្មតា អ្នកត្រូវទៅជួបជាមួយគ្រូពេទ្យដើម្បីវាស់ឈាមឱ្យបានឆាប់បំផុត។
៥. ជំងឺដុំសាច់ក្នុងខួរក្បាល៖ អ្នកដែលមានដុំសាច់ក្នុងខួរក្បាលដំណាក់កាលដំបូងធ្វើឱ្យអ្នកជំងឺមានអាការស្រវាំងភ្នែក មើលអ្វីមិនច្បាស់ ព្រិលៗហេតុនេះត្រូវប្រយ័ត្ននិងជួបពេទ្យជាបន្ទាន់។
គូសបញ្ជាក់ផងដែរថា ប្រសិនជាអ្នកមានអាការប្រវាំងភ្នែកទាំងវ័យក្មេងចន្លោះអាយុ ២០ឆ្នាំ ដល់ ៤០ ឆ្នាំអ្នកត្រូវទៅពិនិត្យនិងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានញឹកញាប់ពីព្រោះបញ្ហាដែលអ្នកត្រូវជួបគឺងាយប្រឈមជាមួយជំងឺទាំង៥ខាងលើ។ មួយវិញទៀតពេលដែលទៅជួបគ្រូពេទ្យរឿងសំខាន់ដែលអ្នកត្រូវពិនិត្យទីមួយ ទឹកនោម ទីពីរ ខួរក្បាល និងទី៣ វាស់ឈាម៕
អត្ថបទដោយ៖ មឿន គន្ធា