ខ្ញី បានក្លាយទៅជារុក្ខជាតិជំនួយសុខភាពមួយប្រភេទដែល មនុស្សជាច្រើននៅជុំវិញពិភពលោកដឹងថា វាមានដើមកំណើតដំបូងនៅប៉ែកអាស៊ីអាគ្នេយ៍ និងមានសមត្ថភាពជួយបំប៉នសុខភាពឱ្យជៀសពីបញ្ហាជំងឺរលាកសន្លាក់ ប្រឆាំងជំងឺមហារីក ពង្រឹងស្មារតី...ជាដើម។ ចំណែកឯ ក្រូចឆ្មាវិញ សម្បូរទៅដោយវីតាមីន C ប្រឆាំងអុកស៊ីតកម្ម ល្អសម្រាប់ស្បែក បន្សាបជាតិពុល និងប្រឆាំងរ៉ាឌីកាល់សេរីដែលបង្កឱ្យមានជំងឺ...។
ផ្អែកតាមការលើកឡើងខាងលើ ថ្ងៃនេះ Healthy Cambodia សូមពាំនាំនូវភេសជ្ជៈតែដែលផ្សំឡើងពីខ្ញី និងក្រូចឆ្មា រួមបញ្ជូលគ្នាក្លាយជាភេសជ្ជៈបំប៉នដ៏ល្អជួយទ្រទ្រង់សុខភាពជាមួយនឹងគុណសម្បត្តិ៦ធំៗ៖
១. បន្ធូរការរំលាយអាហារ៖ តាមប្រភព Healthine.com ស្តែងឱ្យឃើញថា ការទទួលទានតែខ្ញីក្រូចឆ្មាក្តៅៗលាយនឹងទឹកឃ្មុំ ជួយដោះស្រាយអ្នកដែលមានវិបត្តិប្រព័ន្ធរំលាយអាហាររ៉ាំរ៉ៃ ដែលបង្ករជាអាការដូចជា ចុក ឆ្អល់ ឬហើមពោះ បន្ទាប់ពីទទួលទានអាហារពេលល្ងាចរួច។
២. កាត់បន្ថយអាការក្អួតចង្អោរ៖ ខ្ញី និងក្រូចឆ្មាមានលក្ខណៈពិសេសផ្សេងៗគ្នា ដោយខ្ញីមានឥទ្ធិពលទប់ស្កាត់បញ្ហាក្រពះពោះវៀន ចំណែកឯក្រូចឆ្មាមានប្រសិទ្ធភាពជួយលាងជាតិពុលក្នុងសរីរាង្គបានយ៉ាងល្អ។ ការលាយបញ្ចូលទឹកក្រូចឆ្មា និងខ្ញីចូលគ្នាធ្វើជាតែ ជាទូទៅត្រូវបានចាត់ទុកថា ជាប្រភេទតែមានសុវត្ថិភាពសម្រាប់ស្ត្រីមានផ្ទៃពោះខ្ចីខែទទួលទាន អំឡុងពេលចាញ់កូន។ ជាងនេះទៅទៀតតែប្រភេទនេះក៏ត្រូវជ្រើសធ្វើជាភេសជ្ជៈបន្សាបជាតិស្រវឹង ឬពុលចំណីក្នុងកម្រិតស្រាលផងដែរ។
៣. កាត់បន្ថយការតឹងច្រមុះ៖ ចំហាយទឹកដែលបានមកពីការលាយខ្ញីក្រូចឆ្មាក្តៅៗ ជួយសម្អាតរន្ធច្រមុះដែលស្ទះ។ ការផឹកតែខ្ញីក្រូចឆ្មាក្តៅឧណ្ឌៗ ក៏ជួយបំបាត់ការឈឺបំពង់ក និងការឡើងស្លេសដូចគ្នា។
៤. បំបាត់ការទល់លាមក៖ ការទល់លាមកអាចបណ្តាលមកពីកត្តាជាច្រើនរួមមាន ការខះជាតិទឹក និងរបបអាហារដែលមានជាតិសរសៃទាប។ ការញ៉ាំតែខ្មីក្រូចឆ្មាក្តៅៗមួយពែងមុនចូលគេង ជួយបំពេញជាតិទឹកក្នុងរាងកាយធ្វើឱ្យលាមកឆ្លងកាត់បំពង់រំលាយអាហារបានយ៉ាងស្រួល។ គូសបញ្ជាក់ផងថា ប្រសិនបើអ្នកមានអារម្មណ៍ថា ទល់លាមករ៉ាំរ៉ៃនោះបង្ហាញថា អ្នកមិនបានផឹកទឹកគ្រប់គ្រាន់ពេញមួយថ្ងៃទេ។
៥. ប្រឆាំងនឹងការរលាក៖ ការរលាករ៉ាំរ៉ៃត្រូវបានផ្សារភ្ជាប់ទៅនឹងលក្ខខណ្ឌដូចជា រោគសញ្ញាមេតាប៉ូលីស មហារីក ប្រព័ន្ធប្រសាទ និងជំងឺបេះដូង។ ទោះយ៉ាងណាការសិក្សាបង្ហាញពីលទ្ធផលចម្រុះថា សារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុជីវសាស្ត្រនៅក្នុងខ្ញីអាចទប់ស្កាត់នឹងការរលាកដែលកើតមាននៅក្នុងខួរក្បាល និងនៅបណ្ដាប្រព័ន្ធភាពស៊ាំសរីរាង្គផ្សេងទៀត។ ជាក់ស្តែង មានភស្តុតាងមួយចំនួនបង្ហាញថា ខ្ញីអាចជួយបង្កើនមុខងារខួរក្បាល ខណៈពេលដែលការសិក្សាក្នុងឆ្នាំ ២០១២ លើស្ត្រីវ័យកណ្តាលដែលទទួលទានទឹកខ្ញីជារៀងរាល់ថ្ងៃត្រូវបានបង្ហាញថា ខ្ញីអាចជួយការពារ ប្រឆាំងនឹងការថយចុះមុខងារខួរក្បាលដែលវិវត្តន៍ទៅតាមភាពចាស់នៃអាយុ និងជួយបង្កើនសមត្ថភាពនៃអង្គចងចាំថែមទៀត។
៦. រក្សាជាតិទឹក៖ ការរក្សាជាតិទឹកក្នុងសរីរាង្គ អាចជួយដល់មុខងារដំណើរការរបស់សរីរាង្គសំខាន់ៗដូចជា តម្រងនោម ពោះវៀន និងបេះដូង ឱ្យដំណើរការបានត្រឹមត្រូវ។ ជាទូទៅស្ត្រីភាគច្រើននឹងត្រូវការយ៉ាងហោចណាស់ ៧៨ អោន (២,៣ លីត្រ) ខណៈដែលបុរសភាគច្រើនគួរតែទទួលបាន ១១២ អោន (៣,៣ លីត្រ) ជារៀងរាល់ថ្ងៃ។ ចំណែកឯការទទួលទានតែខ្ញីក្រូចឆ្មាក្តៅៗមុនចូលគេង និងជួយរក្សាជាតិទឹកក្នុងខ្លួនរបស់អ្នកអំឡុងពេលលង់លក់ក្នុងដំណេករហូតទល់ភ្លឺ៊។
បន្ថែមជាមួយនឹងការរៀបរាប់ខាងលើ ការញ៉ាំតែខ្ញីក្រូចឆ្មាក្តៅៗព្រឹក ល្ងាច ជារៀងរាល់ថ្ងៃ ជួយដោះស្រាយវិបត្តិឡើងទម្ងន់ និងធ្វើឱ្យស្រកក្នុងរយៈពេលខ្លីផងដែរ។ ដើម្បីចង់ដឹងច្បាស់ពីលទ្ធផល សាកល្បងទទួលទានតែប្រភេទនេះក្នុងរយៈពេល១ខែ តមអាហារ ផ្អែម ប្រៃ ហិរ និងផ្អាប់ គួបផ្សំជាមួយនឹងការញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ក្នុង១ថ្ងៃ នោះអ្នកនឹងឃើញប្រសិទ្ធភាពជាក់ស្តែងកើតមានឡើងលើខ្លួនអ្នក៕