តាមអ្នកចិត្តសាស្រ្តជាច្រើនបានលើកឡើងថា ផ្លូវចិត្តរីករាយ ឬពិបាកចិត្តព្រោះរបៀបការគិតរបស់អ្នកពេលព្រឹកតែប៉ុណ្ណោះ។ បើគិតអវិជ្ជមានច្រើន អ្នកកាន់តែមានអារម្មណ៍ខ្លាច និងអស់ថាមពល។ តាមលោក Garcia និងលោក Miralles បាននិពន្ធសៀវភៅ Ikigai ជាសៀវភៅអាយុវែងបានសរសេរថា ការបណ្តុះភាពធន់មាំក្នុងផ្លូវចិត្ត(ពេលព្រឹក)ជាការដឹងថាតើខ្លួនត្រូវរស់នៅពេលវេលាណា? ហើយរីករាយជាមួយពេលវេលាហ្នឹង ទើបចិត្តស្ងប់មានភាពរីករាយក្នុងថ្ងៃនេះ។
តាមព្រះពុទ្ធសាសនាបានរំលឹកយើងដែរថា ជីវិតក្នុងបច្ចុប្បន្នភាពរបស់យើងអាចកើតមានឡើងបានគ្រប់ពេល។ ហើយបច្ចុប្បន្នភាពជារឿងតែមួយគត់ដែលអ្នកអាចគ្រប់គ្រងបាន(នាំមកនៅភាពរីករាយពេលនេះ)។ កុំព្រួយបារម្ភអំពីអតីតកាល ឬអនាគតពេកនាំឱ្យចិត្តអ្នកចុះខ្សោយ អ្នកគួរតែពេញចិត្តចំពោះអ្វីៗដែលកំពុងកើតមានឡើងនៅក្នុងបច្ចុប្បន្ននេះ ពេលនេះ និងព្រឹកនេះ។ វាមានគុណប្រយោជន៍ដល់ផ្លូវចិត្តមានក្តីសុខ។
ការរស់នៅក្នុងបច្ចុប្បន្នភាពជាការឆ្លុះបញ្ចាំងពីភាពមិនស្ថិតស្ថេរនៃអ្វីៗទាំងអស់ដែលនៅជុំវិញខ្លួនអ្នក។ ពេលអ្នកគិតរបៀបនេះ ពេលព្រឹក វាធ្វើឱ្យផ្លូវចិត្តរបស់អ្នករឹងមាំក្នុងបញ្ហា ហើយមានភាពតស៊ូជាមួយបញ្ហាថែមទៀត។ អាចនិយាយថា ជួបបញ្ហាកាន់តែច្រើន អ្នកកាន់តែរឹងមាំ។ ព្រោះអ្នកសម្បូរបទពិសោធន៍ច្រើននេះឯង។ តាមព្រះពុទ្ធបានសម្តែងថា ពិភពលោកមានការផ្លាស់ប្តូរជុំវិញអ្នកគ្រប់ពេល វាមិនមែនជាការចៃដន្យទេ ប៉ុន្តែវាជាការប្រមូលផ្តុំតាមផ្នែកជាច្រើនរួចបញ្ចូលគ្នាជាច្បាប់ធម្មជាតិ។ អ្នកមិនអាចគ្របគ្រងធម្មជាតិទាំងមូលបានទេ ប៉ុន្តែអ្នកអាចគ្រប់គ្រងអារម្មណ៍ពេលព្រឹករបស់អ្នកឱ្យមានក្តីសុខ។ ពេលអ្នកមានការយល់ឃើញបែបនេះ ការជួបបញ្ហាជារឿងធម្មតាក្នុងជីវិតទេ។
អ្នកមិនគួរភ្លេចថា អ្វីៗគ្រប់យ៉ាងដែលអ្នកមាន និងមនុស្សទាំងអស់ដែលអ្នកស្រឡាញ់នឹងចាកចេញពីយើងទៅនៅថ្ងៃណាមួយ។ នេះជារបៀបគិតឱ្យអ្នកចេះត្រៀមចិត្តទុកជាមុន។ ការយល់ដឹងអំពីភាពមិនទៀងទាត់ វាមិនធ្វើឱ្យអ្នកខូចចិត្តខ្លាំងពេលជួបបញ្ហា។ វាជួយអ្នកឱ្យចេះពេញចិត្តនឹងខណៈពេលបច្ចុប្បន្នក្នុងពេលព្រឹកនេះដោយមានអារម្មណ៍រីករាយជាមួយវត្ថុដែលនៅជុំវិញខ្លួនអ្នកផងដែរ។ តាមលោក Senaca ជាទស្សនវិទូបានប្រាប់យើងថា “អ្វីៗទាំងអស់ដែលយើងមាន វាមានអាយុកាលខ្លីណាស់ ហើយអាចរលាយទៅវិញបានគ្រប់ពេល” ។ អត្ថបទដោយ៖ ទ្រ សុភាព