បើអ្នកបណ្តោយអារម្មណ៍តាមបញ្ហា និងហេតុការណ៍ណាមួយទេ នាំចិត្តរបស់អ្នកកាន់តែទន់ខ្សោយព្រោះតែរងការឈឺចាប់យូរពេក។ បើអ្នកខូចចិត្តរឿងស្នេហា មិនព្យាយាមពង្រឹងផ្លូវចិត្តទេ ចិត្តអ្នកកាន់តែបាកលើសដើម។
ដើម្បីមានចិត្តខ្លាំងដើរចេញពីការឈឺចាប់នោះ តាមលោកតា Charlie Munger ជាមហាសេដ្ឋីពាន់លានមានវ័យ ៩៩ឆ្នាំបានណែនាំថា “ជីវិតមានភាពរីករាយ បើយើងរស់ឱ្យសាមញ្ញ”។ មានអីធ្វើហ្នឹង! មានអាហារបែបណាគឺហូបបែបហ្នឹង។ រស់នៅបែបណាមានក្តីសុខ គឺរស់បែបជាខ្លួនឯងទៅ។ ខ្វះលុយខំរកលុយ ខំសន្សំលុយ ហើយប្រើជីវិតធម្មតាៗ បានហើយ។ នេះជាជីវិតសាមញ្ញ តែមានក្តីសុខ គ្មានការឈឺចាប់ខ្លាំងនោះទេ។
បើអ្នកប្រើជីវិតលើសពីសមត្ថភាព មានតែការឈឺចាប់តែប៉ុណ្ណោះ។ មួយទៀតនោះគឺអ្នកត្រូវចេះទទួលស្គាល់ការពិតថា ជីវិតជាទុក្ខ។ ជីវិតជាបញ្ហា។ មានបញ្ហាព្យាយាមដោះបញ្ហា កុំត្រាំត្រែងរស់ក្នុងការឈឺចាប់យូរពេក។ ពេលអ្នកព្រមទទួលស្គាល់ការពិតនៃការពិតជីវិតបែបនេះ ផ្លូវចិត្តរបស់អ្នកកាន់តែរឹងមាំ មានក្តីសុខរត់ចូលមកដែរ។
ច្បាប់ដំបូងរបស់ជីវិតដ៏រីករាយគឺមានការរំពឹងទុកទាបតែខំប្រឹងឱ្យខ្លាំង។ ចេះផ្តល់ក្តីស្រឡាញ់តែមិនទាមទារក្តីស្រឡាញ់ពីនរណាម្នាក់។ នេះជាវិធីមួយដែលអ្នកអាចរៀបចំផ្លូវចិត្តរឹងមាំ។ បើអ្នកមានការរំពឹងទុកខ្ពស់ពេក នាំតែអ្នកខកចិត្ត ពិបាកចិត្ត ពេលរឿងហ្នឹងមិនដូចជាបំណងប្រាថ្នា។ នេះជាក្បួនលោក Charlie Munger ។
លោកតា Charlie មានក្តីសុខកាលគាត់នៅរស់ ព្រោះតែគាត់មានភាពស្មោះត្រង់ចំពោះខ្លួនឯង និងអ្នកដទៃ។ អំពើល្អតែងនាំសុខ ឱ្យអ្នកដើរចេញពីការឈឺចាប់ និងទុក្ខលំបាក។
ហើយលោកតាបានបន្ថែមថា សូម្បីក្រុមហ៊ុន Berkshire Hathaway ក៏ទទួលរងឥទ្ធិពលពីលោកស្រី Rose Blumkin ដែលបានលក់ក្រុមហ៊ុន Nebraska Furniture Mart ឱ្យពួកយើងប្រើបាវចនារបស់លោកស្រីគឺថាចូរនិយាយការពិតជានិច្ច។ កុំកុហកអ្នកណាម្នាក់។ នេះជាច្បាប់សាមញ្ញណាស់ សម្រាប់ជីវិតមានភាពរីករាយ៕ អត្ថបទដោយ៖ ទ្រ សុភាព