ម្ញូបភ្នែក គឺជាជំងឺភ្នែកមួយប្រទេសដែលកំពុងតែរាតត្បាតច្រើនទៅលើមនុស្សទូទាំងពិភពលោក ជាពិសេសមនុស្សដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់៥៣ឆ្នាំ គឺប្រឈមមុខខ្លាំងជាមួយបញ្ហាម្ញូបភ្នែក។ អ្វីដែលអ្នកម្ញូបភ្នែកព្រួយបារម្ភ និងភ័យខ្លាចបំផុតនោះគឺការឡើងដឺក្រេភ្នែក នៅពេលដែលអ្នកម្ញូបភ្នែកឡើងដឺក្រេភ្នែកខ្លាំងពី១ខែទៅ១ខែធ្វើឱ្យភ្នែកពួកគេមើលកាន់តែលែងច្បាស់ ហើយតម្រូវឱ្យកាត់ប្តូរវែនតាទៅតាមដឺក្រេភ្នែកជាច្រចាំ។
ជាការពិតណាស់ យោងតាមការចុះផ្សាយលើគេហទំព័រ Dr.Axe បានបញ្ជាក់ឱ្យដឹងថា មូលហេតុដែលធ្វើឱ្យភ្នែកឡើងដឺក្រេខ្លាំងឥតឈប់ឈរគឺមកពី កត្តាបរិស្ថានខាងក្រៅ ការថែទាំភ្នែកមិនល្អ មើលពន្លឺពណ៌ខៀខច្រើន ដូចជាមើលទូស័ព្ទឬកុំព្យូទ័រច្រើនលើសកម្រិត...។ កត្តាសំខាន់មួយទៀតគឺរបបអាហារ កាលណាអ្នកញ៉ាំអាហារមិនបានត្រឹមត្រូវគឺវាងាយទាញសុខភាពភ្នែករបស់អ្នកឱ្យកាន់តែធ្លាក់ចុះ បណ្តាលឱ្យភ្នែកកើនដឺក្រេខ្លាំងឥតឈប់ឈរ។
បើតាមណែនាំពីវេជ្ជបណ្ឌិត ម៉ារ អមរិន្ទ អនុប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរពេទ្យព្រះអង្គឌួង បានចែករំលែកថា អ្នកម្ញូបភ្នែក គួរចៀសវាងអាហារខាងក្រោម ឬកាត់បន្ថយឱ្យនៅតិចបំផុតតាមដែលអាចធ្វើបាន ដើម្បីការពារភ្នែកកុំឱ្យឡើងដឺក្រេខ្លាំង៖
១. ជាតិកាហ្វេអ៊ីន៖ ជាតិកាហ្វេអ៊ីនគឺមានផ្ទុកនៅក្នុងភេសជ្ជៈមួយចំនួនដូចជា កាហ្វេ ភេសជ្ជៈមានហ្គាស ភេសជ្ជៈប៉ូវកម្លាំងមួយចំនួន តែ តែបៃតង...ជាដើម។ ចំពោះអ្នកដែមានសុខភាពភ្នែកចុះខ្សោយ ជាពិសេសអ្នកដែលកំពុងម្ញូបភ្នែកស្រាប់គួរកាត់បន្ថយជាតិកាហ្វេអ៊ីនឱ្យនៅតិចបំផុត ពីព្រោះប្រសិនជាអ្នកព្យាយាមផឹកច្រើន ភ្នែករបស់អ្នកនឹងកាន់តែធ្ងន់ធ្ងរកើនដឺក្រេ។
២. ជាតិអាល់កុល៖ ជាអាល់គុលក៏ជាសារធាតុមួយដែលអាចបំផ្លាញភ្នែកឱ្យចុះខ្សោយខ្លាំងដែរ។ ដូច្នេះភេសជ្ជដែលមានជាតិអាល់កុលដូចជាស្រាជាដើម គួរកាត់បន្ថយ ដើម្បីការពារភ្នែក។
២. ខ្លាញ់៖ អាហារដែលផ្ទុកជាតិខ្លាញ់ច្រើនដូចជា បំពង ចៀនឆា អាហារកែច្នៃផ្សេងៗត្រូវកាត់បន្ថយ ពីព្រោះអាហារទាំងអស់នេះទាញសុខភាពភ្នែកឱ្យធ្លាក់ចុះលឿនណាស់។
៤. ជាតិប្រៃ៖ កុំព្យាយាមញ៉ាំប្រៃ ប្រហុក ផ្អក ត្រីងៀត... អាហារដែលផ្ទុកជាតិប្រៃ អំបិលច្រើនត្រូវកាត់បន្ថយ។
៥. ផ្អែមពេក៖ ភេសជ្ជៈលើសជាតិផ្អែម អាហារលើសជាតិផ្អែម គួរកាត់បន្ថយ។
គូសបញ្ជាក់ផងដែរថា ចំណុចសំខាន់ដែលអ្នកម្ញូបភ្នែកត្រូវធ្វើ គួរតែព្យាយាមត្រួតពិនិត្យតាមដានសុខភាពភ្នែកជាប្រចាំ ញ៉ាំអាហារជំនួយសុខភាពភ្នែកដូចជា ការ៉ុត ស៊ុត ផ្លែប័រ ប៉េងប៉ោះ ស្ពៃក្តោប សាច់ត្រី...ញ៉ាំអាហារទាំងនេះឱ្យបានច្រើន គឺវាជួយពង្រឹងសុខភាពភ្នែករបស់អ្នករឹងមាំ ការពារដឺក្រេកុំឱ្យឡើង៕
អត្ថបទដោយ៖ មឿន គន្ធា

