បច្ចុប្បន្នស្រាកំពុងតែពេញនិយមសម្រាប់យុវវ័យ ដែលជាទូទៅភាគច្រើនយើងឃើញមាននៅក្នុង កម្មវិធី និងពិធីដទៃៗទៀត។ តើស្រាអាចធ្វើឱ្យអ្នកកើតមហារីកដែរឬទេ? ជាការពិតណាស់ស្រាពិតជាមានហានិភ័យណាស់សម្រាប់អ្នកគ្រប់គ្នា ដែលអត្រានៃអ្នកទទួលទានស្រាពិតជាមានការកើនឡើង ដូច្នេះក្នុងថ្ងៃនេះ Healthy Cambodia នឹងលើកយកបញ្ហាស្រា ដើម្បីឱ្យអ្នកទាំងអស់គ្នាបានជ្រាបកាន់ច្បាស់។
បើយោងតាម American Cancer Society របស់អាមេរិចបានលើកឡើងថា ការប្រើប្រាស់គ្រឿងស្រវឹងគឺជាកត្តាហានិភ័យមួយដ៏សំខាន់បំផុតដែលអាចធ្វើឱ្យកើតជំងឺមហារីករួមជាមួយនឹងការប្រើប្រាស់ថ្នាំជក់ និងទម្ងន់រាងកាយលើសទៀតផង។ ការប្រើប្រាស់គ្រឿងស្រវឹងមានប្រហែល ៦ ភាគរយដែលកើតជំងឺមហារីក និង៤ភាគរយនៃការស្លាប់ដោយសារជំងឺមហារីកនៅសហរដ្ឋអាមេរិក។ ទោះយ៉ាងណាមនុស្សជាច្រើនមិនបានដឹងអំពីទំនាក់ទំនងរវាងការប្រើប្រាស់គ្រឿងស្រវឹងនិងជំងឺមហារីកនោះទេ។
ជំងឺមហារីកផ្សារភ្ជាប់នឹងការប្រើប្រាស់គ្រឿងស្រវឹង ការប្រើប្រាស់គ្រឿងស្រវឹងត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺមហារីករួមមាន៖ មាត់, បំពង់ក, ប្រអប់សំលេង, បំពង់អាហារ, ថ្លើម, ពោះវៀនធំ, សុដន់ ជាដើម។ ត្រូវចាំថាជាតិអាល់កុលក៏អាចបង្កើនហានិភ័យឱ្យកើតមានជំងឺមហារីកក្រពះផងដែរ ហើយអាចប៉ះពាល់ដល់ហានិភ័យនៃជំងឺមហារីកផ្សេងទៀតផង។
ចំពោះអ្នកដែលមានជំងឺមហារីក៖ប្រសិនបើផឹកស្រាកាន់តែច្រើនហានិភ័យនៃជំងឺមហារីករបស់អ្នកកាន់តែខ្ពស់។ ប៉ុន្តែចំពោះជំងឺមហារីកប្រភេទមួយចំនួន ជាពិសេសជំងឺមហារីកសុដន់គួរឱ្យកត់សម្គាល់ថាបើទោះបីទទួលទានជាតិអាល់កុលក្នុងបរិមាណតិចតួចអាចបង្កើនហានិភ័យដូចគ្នាដែរ។
មហារីកថ្លើម៖ ការប្រើប្រាស់គ្រឿងស្រវឹងរយៈពេលយូរបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃជំងឺមហារីកថ្លើម។ ការប្រើប្រាស់គ្រឿងស្រវឹងច្រើនជាប្រចាំអាចធ្វើឱ្យខូចថ្លើមដែលនាំឱ្យរលាកនិងមានស្លាកស្នាមដែលអាចជាមូលហេតុដែលធ្វើឱ្យគ្រោះថ្នាក់មហារីកថ្លើម។
ជំងឺមហារីកពោះវៀនធំ៖ ការប្រើប្រាស់គ្រឿងស្រវឹងត្រូវបានផ្សារភ្ជាប់ជាមួយនឹងហានិភ័យខ្ពស់នៃជំងឺមហារីកពោះវៀនធំ។ ភស្តុតាងសម្រាប់រឿងនេះជាទូទៅមានភាពខ្លាំងក្លាចំពោះបុរសជាងស្ត្រី។
មហារីកសុដន់៖ ការផឹកស្រាក្នុងបរិមាណតិចតួចក៏មានទំនាក់ទំនងនឹងការកើនឡើងហានិភ័យនៃជំងឺមហារីកសុដន់ចំពោះស្ត្រីដែរ។ ជាតិអាល់កុលអាចបង្កើនកម្រិតអរម៉ូនអ៊ីស្ត្រូសែននៅក្នុងខ្លួនដែលអាចពន្យល់ពីការកើនឡើងហានិភ័យមួយចំនួន។ ការចៀសវាងឬកាត់បន្ថយការសេពគ្រឿងស្រវឹងអាចជាមធ្យោបាយដ៏សំខាន់សម្រាប់ស្ត្រីជាច្រើនក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់។
ដូច្នេះប្រសិនបើអាចអ្នកទាំងអស់គ្នាគួរតែកាត់បន្ថយការទទួលទានស្រា ព្រោះស្រាជាអាវុធដែលអាចស្លាប់អ្នកបាន។ សូមកុំពិសារស្រារ បើពិសារស្រាសូមកុំបើកបរ។
អត្ថបទសំខាន់បន្ថែម៖ អ្នកចង់សម្រកទំងន់លឿនអាចសាកល្បងញ៉ាំអាហារទាំងនេះបាន
អត្ថបទដោយ៖ ម៉ាង វិសិដ្ឋារតន៍