ទឹកក្រូចឆ្មា គឺជាភេសជ្ជៈជំនួយសុខភាពមួយបែបដែលត្រូវបានណែនាំឱ្យទទួលទាននារដូវក្តៅ។ ដោយយោងទៅតាមប្រភពគេហទំព័រសុខភាពពិភពលោក healthline បានបង្ហាញនូវគុណប្រយោជន៍៧យ៉ាងដែលទទួលបានពីការទទួលទានទឹកក្រូចឆ្មា៖
១. ជួយបំពេញជាតិទឹក
ស្របតាមគោលការណ៍របស់ក្រុមប្រឹក្សាអាហារ និងអាហារូបត្ថម្ភ ណែនាំឱ្យស្ត្រីគួរតែទទួលបានយ៉ាងហោចណាស់ ៩១ អោន (២,៦ លីត្រ) ក្នុងមួយថ្ងៃ ហើយបុរសគួរតែទទួលបានយ៉ាងហោចណាស់ ១២៥ អោន(៣,៦លីត្រ) នេះរួមបញ្ចូលរង្វាស់ទាំងពីក្នុងអាហារ និងភេសជ្ជៈ។ ភេសជ្ជៈមួយប្រភេទនេះ ល្អបំផុតសម្រាប់ចូលទៅបំពេញជាតិទឹកក្នុងសរីរាង្គ។
២. ប្រភពនៃវីតាមីន C
ក្រូចឆ្មាមានវីតាមីន C ខ្ពស់ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយការពារកោសិកាពីការបំផ្លាញរ៉ាឌីកាល់សេរី។ វីតាមីន C អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល និងកាត់បន្ថយសម្ពាធឈាម។ យោងតាមប្រភពពីក្រសួងកសិកម្មសហរដ្ឋអាមេរិកបានបង្ហាញថាទឹកក្រូចឆ្មាមួយកែវផ្តល់នូវវីតាមីន C ប្រហែល ១៨,៦ មីលីក្រាម។
៣. ជួយសម្រកទម្ងន់
ការស្រាវជ្រាវបន្ថែមបានបង្ហាញថា សារធាតុប្រឆាំងអុកស៊ីតកម្ម ប៉ូលីហ្វេណុល (polyphenol) ដែលត្រូវបានរកឃើញនៅក្នុងក្រូចឆ្មាជួយកាត់បន្ថយការឡើងទម្ងន់។ សមាសធាតុប្រឆាំងអុកស៊ីតកម្មនេះ ក៏អាចផ្តល់ផលប៉ះពាល់អវិជ្ជមានដល់កម្រិតជាតិគ្លុយកូសក្នុងឈាម និងពង្រឹងប្រព័ន្ធភាពស៊ាំបង្ការការវិវត្តនៃជំងឺទឹកនោមផ្អែម។
៤. ជួយឱ្យស្បែកភ្លឺថ្លា
វីតាមីន C ដែលមាននៅក្នុងក្រូចឆ្មាអាចជួយកាត់បន្ថយភាពជ្រីវជ្រួញ ស្បែកស្ងួត ពន្យាភាពចាស់ និងការបំផ្លាញពីព្រះអាទិត្យ។ ការសិក្សានៅមន្ទីរពិសោធន៍ឆ្នាំ ២០១៦ បានបង្ហាញថាភេសជ្ជៈទឹកក្រូចឆ្មាបានជួយទប់ស្កាត់ការវិវត្តនៃស្នាមជ្រីវជ្រួញលើស្បែកយ៉ាងមានប្រសិទ្ធិភាព បន្ទាប់ពីប្រើពេលពិសោធន៍អស់រយៈជាច្រើនលើកកន្លងមក។
៥. ជួយរំលាយអាហារ
មានការលើកមួយចំនួនទៀតក៏បានបង្ហាញផងដែរថា ផឹកទឹកក្រូចឆ្មា ជួយសម្រួលដល់ការបន្ទោរបង់ និងបញ្ជៀសបញ្ហាទល់លាមក។ ហើយការទទួលទានទឹកក្រូចឆ្មាជាមួយនឹងទឹកក្តៅឧណ្ឌៗ ពេលភ្ញាក់ពីគេងអាចជួយឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការបានល្អ ថែមទាំងជួយការពារការកើនជាតិពុលផងដែរ។
៦. ធ្វើឱ្យដង្ហើមស្រស់ថ្លា
អស់ជាច្រើនសតវត្សរ៍ក្រូចឆ្មា ត្រូវបានគេយកទៅធ្វើជា ឱសថបុរាណសម្រាប់ជំនួយដល់ផ្លូវដង្ហើម។ ស្របពេលដែលមានអ្នកណាម្នាក់ខ្យល់ដង្ហើមមិនល្អ គេតែងផឹកទឹកក្រូចឆ្មាមួយកែវបន្ទាប់ពីញ៉ាំអាហាររួចនៅពេលព្រឹក ដោយជឿថាវាអាចជួយកម្ចាត់បាក់តេរីមិនល្អ និងជួយសម្រួលដល់បំពង់ខ្យល់ឱ្យបានស្រស់ថ្លាជាងមុន។
៧. ការពារគ្រួសក្នុងតម្រងនោម
អាស៊ីតដែលទទួលបានពីក្រូចឆ្មា អាចជួយការពារគ្រួសក្នុងតំរងនោម។ Citrate ជាសមាសធាតុមួយនៃអាស៊ីតដែលមាននៅក្នុងក្រូចឆ្មាធ្វើឱ្យទឹកនោមមានជាតិអាស៊ីតតិច ហើយថែមទាំងអាចបំបែកភាគល្អិតនៃកម្ទេសគ្រួសតូចៗទៀតផង។ ការទទួលទានទឹកក្រូចឆ្មាក៏ជួយការពារនៅបញ្ហាជំងឺតម្រងនោមមួយចំនួនដូចគ្នាដែរ៕