អាកាសធាតុប្រែប្រួលជួនភ្លៀងជួនក្តៅ ជាហេតុធ្វើឱ្យមនុស្សម្នាងាយកើតនូវជំងឺផ្តាសាយដោយបង្កជាអាការដូចជា៖ គ្រុនក្តៅ ឬមានអារម្មណ៍ក្តៅខ្លួន (ញ័រញាក់), ក្អក,ពិបាកដកដង្ហើម (ថប់ៗ), អស់កម្លាំងល្ហិតល្ហៃ, ឈឺក, ហៀរសំបោរ ឬតឹងច្រមុះ, ឈឺសាច់ដុំ និងឈឺក្បាល។
ហេតុនេះហើយ ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហា ផ្អែកតាមប្រភព Healthline ខាងក្រោមនេះ ភេសជ្ជៈជួយសម្រួលដល់សុខភាពរាងកាយ ធ្វើឱ្យជំងឺផ្តាសាយជាបានឆាប់៖
១. ទឹកក្តៅ៖ ទឹកក្តៅ អាចសម្រាលនូវបញ្ហានៃមេរោគរលាកផ្លូវដង្ហើមមួយចំនួនដូចជា ប្រភេទអាលែហ្ស៊ីច្រមុះ ផ្តាសាយ...ដោយបង្កចេញជារោគអាការ ហៀរចំបោរ តឹងច្រមុះ កណ្ដាស់... ជាដើម។ នេះ គឺដោយសារតែកម្រិតនៃសីតុណ្ហភាពខ្ពស់ក្នុងទឹកក្តៅ អាចបង្កើនល្បឿននៃការបញ្ចេញទឹករំអិល សម្រួលទៅប្រព័ន្ធដង្ហើម លើសពីនេះ សីតុណ្ហភាពក្តៅក៏អាចបំបាត់ការឈឺចាប់ក្នុងបំពង់ក ដោយសារតែការរលាក និងឡើងស្លេស្មផងដែរ។
២. តែខ្ញី៖ ការទទួលទានតែខ្ញី មានប្រសិទ្ធភាពខ្លាំងសម្រាប់កាត់បន្ថយបញ្ហាផ្លូវដង្ហើម ក្អួតចង្អោរ មិនតែប៉ុណ្ណោះ អាចជួយធ្វើឱ្យប្រសើរឡើងនូវការរំលាយអាហារ បំបាត់ការហើមពោះ និងកាត់បន្ថយសារជាតិពុល។ ជាឧទាហរណ៍ជាក់ស្តែង៖ មានតំបន់មួយចំនួនបានជ្រើសយកភេសជ្ជៈខ្ញីក្តៅសម្រាប់បំបាត់រោគអាការក្អួតចង្អោរ រោគផ្តាសាយ បន្សាបជាតិស្រវឹង និងបណ្តេញជាតិខ្លាញ់ពីក្នុងខ្លួន។
៣. តែក្រូចឆ្មារ៖ តែក្រូចឆ្មារសម្បូរទៅដោយវីតាមីន C ប្រឆាំងអុកស៊ីតកម្ម ល្អសម្រាប់បំពង់ក និងប្រឆាំងរ៉ាឌីកាល់សេរីដែលបង្កឱ្យមានជំងឺ។ លើសពីនេះផ្លែក្រូចមានឥទ្ធិពលជួយស្តារតុល្យភាព pH របស់រាងកាយ ផ្តល់អត្ថប្រយោជន៍ដល់ប្រព័ន្ធការពារ។ ការទទួលទានតែក្រូចក្តៅៗព្រឹកល្ងាច ជួយបណ្តេញជាតិពុល សម្អាតប្រព័ន្ធ មិនបង្ករឱ្យកើតជំងឺផ្តាសាយទេ។
៤. តែពុទ្រាក្រហម៖ បច្ចុប្បន្នពុទ្រាក្រហមក្រៀម កំពុងផ្ទុះល្បីក្នុងទីផ្សាដោយសារតែផ្លែឈើក្រៀមមួយប្រភេទនេះមានសមត្ថភាពជួយដល់សរីរាង្គកាយ និងពង្រឹងប្រព័ន្ធភាពស៊ាំ ជួយសម្រាលនូវរោគអាការបានមួយចំនួនធំដូចជា ជំងឺផ្តាសាយទូទៅ គ្រុមផ្តាសាយ និងគ្រុនក្តៅ។ កម្រិតវីតាមីន C នៅក្នុងតែនេះនឹងជម្រុញការផលិតកោសិកាឈាមស ដែលជាខ្សែការពារចម្បងសម្រាប់រាងកាយ។ ឥទ្ធិពលប្រឆាំងនឹងការរលាកក៏នឹងបំបាត់ការឈឺបំពង់ក។
៥. តែជីអង្កាម៖ ក្នុងក្បួនវេជ្ជសាស្ត្រតាំងពីបុរាណ គេតែងយកជីអង្កាមទៅធ្វើជាថ្នាំសម្រាប់ ប្រឆាំងនឹងមេរោគបាក់តេរី និងមានឥទ្ធិពលខ្លាំងក្នុងការបន្សាបជាតិពុល គ្រុនក្តៅ ឈឺក្បាល ព្យាបាលជំងឺប្រព័ន្ធរំលាយអាហារ ...ជាដើម។ ជាងនេះទៅទៀត គេសង្កេតឃើញថា សមាសធាតុនៅក្នុងជីអង្កាមក៏មានប្រយោជន៍ខ្លាំងក្លាក្នុងបំបាត់មុន, បញ្ហារមួលក្រពើ, ផ្តាសាយ, ស្ត្រេស, តក់ស្លុត, ហឺត ថែមទៀត៕
អត្ថបទដោយ៖ ប៉ាវ ភក្តី