ជំងឺដាច់សរសៃឈាមខួរក្បាលភាគច្រើនកើតលើមនុស្សចាស់ ប៉ុន្តែសព្វថ្ងៃនេះក៏អាចកើតយុវវ័យផងដែរ។ តែពេលនេះកើតលើកុមារប្រុសមានអាយុ ១៣ឆ្នាំម្នាក់នៅវៀតណាម។ នៅមន្ទីរពេទ្យ Uong Bi បានឱ្យដឹងថា កុមារម្នាក់មានការលំបាកក្នុងការនិយាយ ហើយរាងខ្វិនម្ខាងនៃរាងកាយរបស់ក្មេងនោះ ពេលធ្វើការស្កែនរូបភាពជាមួយម៉ាស៊ុនម៉ាញេទិកលើខួរក្បាល (MRI) បានបង្ហាញថាកុមារម្នាក់នេះមានជំងឺដាច់សរសៃឈាមខួរក្បាលនៅអឌ្ឍគោលខាងឆ្វេង។ បច្ចុប្បន្ននេះកុមារប្រុសម្នាក់នេះកំពុងតែទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យ។
តាមលោកវេជ្ជបណ្ឌិត Vuong Thi Hao ជាប្រធានផ្នែកជំងឺកុមារបានមានប្រសាសន៍ថា ជំងឺនេះមនុស្សភាគច្រើនកើតលើមនុស្សចាស់អាចមានជំងឺលើសឈាម ទឹកនោមផ្អែមជាដើម។ តាមការពិត! ជំងឺដាច់សរសៃឈាមខួរក្បាលក៏មានករណីលើក្មេងដែរ បើឪពុកម្តាយខ្វះការមើលថែទាំសុខភាពរបស់កូននោះ។
មូលហេតុការរលាកខួរក្បាលចំពោះកុមារភាគច្រើន កុមារមានបញ្ហាសរសៃឈាមបេះដូងពីកំណើត ឬកុមារមានប្រវត្តិជំងឺដូចជា ជំងឺបេះដូង។ លើសពីនេះ កុមារដែលមានជំងឺសរសៃឈាមដូចជាភាពមិនប្រក្រតីនៃសរសៃឈាមខួរក្បាល រលាកសរសៃឈាម ការវះកាត់សរសៃឈាម មានជំងឺសរសៃឈាមហ្សែន ឬជំងឺកំណកឈាមជាដើម។
ករណីខ្លះកុមារមានជំងឺឆ្លងដូចជាបញ្ហារលាកស្រោមខួរក្បាល; ជំងឺមេតាបូលីស ឬរបួសក្បាល និងកដែលបណ្តាលឱ្យខូចខាតសរសៃឈាម។ វេជ្ជបណ្ឌិត Hao បាននិយាយថា "ការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលាជាកត្តាសំខាន់ក្នុងការកំណត់ការជាសះស្បើយឡើងវិញរបស់កុមារ”។ តាមលោកវេជ្ជបណ្ឌិតបន្តថា ការជំងឺដាច់សរសៃឈាមខួរក្បាលចំពោះកុមារ ជាទូទៅកម្រកើតលើកុមារណាស់ បើវាកើតឡើងពិតមែនលើកុមារ វាពិតជាបន្សល់ទុកការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ពេលឪពុកម្តាយរកឃើញសញ្ញាណាមួយមិនប្រក្រតីចំពោះកុមារ គួរនាំកូនមកកាន់មន្ទីរពេទ្យជាបន្ទាន់ដើម្បីធ្វើរោគវិនិច្ឆ័យ និងធ្វើការព្យាបាលឱ្យទាន់ពេលវេលា៕ អត្ថបទដោយ៖ ទ្រ សុភាព